អាហារប្រចាំថ្ងៃគឺមានទំនាក់ទំនងដោយផ្ទាល់ចំពោះការលូតលាស់ ទាំងផ្នែកសរីរាង្គកាយនិងបញ្ញាគំនិតរបស់កូនៗ។ ការបង្កើតទម្លាប់ញ៉ាំអាហារល្អៗ និងអាហារសុខភាពដល់កូនៗនឹងជួយឱ្យពួកគេលូតលាស់ដោយសុខភាពល្អរឹងមាំ និងឆ្លាតវៀងវៃ។ ផ្ទុយទៅវិញប្រសិនបើប៉ាម៉ាក់បណ្ដោយឱ្យកូនតូចៗញ៉ាំអាហារដោយមិនរើសមុខថារបស់ណាល្អ របស់ណាមិនល្អសូម្បីតែចំណីអាហារដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពនោះ ពួកគេក៏នឹងធំធាត់យឺតមិនសូវឆ្លាត ហើយថែមទាំងមានជំងឺតោងខ្លួនតាំងពីក្មេងទៀតផង។
១. អាហារសម្រន់
ដោយសារតែមានរសជាតិឆ្ងាញ់ទើបក្មេងៗចូលចិត្ត និងញៀននឹងការញ៉ាំអាហារប្រភេទសម្រន់ដែលមានច្រើនប្រភេទដូចជាដំឡូងបារាំងបំពងស្រួយៗ របស់ផ្អែមៗ ស្ករគ្រាប់ ឬនំផ្សេងៗជាដើម។ យោងតាមអ្នកជំនាញផ្នែកសុខភាពជាច្រើនបានឱ្យដឹងថា ប្រភេទអាហារសម្រន់ទាំងនោះមានជាតិអំបិលខ្លាញ់ កាឡូរីច្រើនខ្លាំងហើយជាពិសេសវាត្រូវបានគេចម្អិនដោយប្រើសីតុណ្ហភាពខ្ពស់ ដែលនឹងធ្វើឱ្យរាងកាយកុមារប្រឈមនឹងជំងឺធាត់ជ្រុលជំងឺថ្លើម តម្រងនោម មហារីកជាដើមនៅពេលអនាគត។
២. ភេសជ្ជៈផ្អែមៗ
ឪពុកម្ដាយជាច្រើនតែងតែឱ្យកូនញ៉ាំអាហារឬជាពិសេសភេសជ្ជៈផ្អែមៗតាំងពីតូច ដោយសារតែយល់ថាវាមានរសជាតិឆ្ងាញ់។ប៉ុន្តែពពួកភេសជ្ជៈទាំងនេះគឺជាគ្រោះថ្នាក់មិនត្រឹមតែចំពោះកុមារតូចៗប៉ុណ្ណោះទេសូម្បីតែមនុស្សធំក៏ដូចគ្នា។ នៅក្នុងភេសជ្ជៈផ្អែមទាំងនោះជាពិសេសភេសជ្ជៈប្រភេទកាបូណាត មានផ្ទុកជាតិពណ៌ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពនិងហានិភ័យនៃជំងឺមហារីក។
មិនតែប៉ុណ្ណោះការផឹកភេសជ្ជៈប្រភេទនេះច្រើនពេកក៏អាចបង្កទៅជាជំងឺផ្សេងៗដូចជា ការរលាកភាពធន់នៃអាំងស៊ុយលីន រលាកក្រពះ រលាកបំពង់អាហារឬធាត់ជ្រុលជាដើមដែលប៉ះពាល់ខ្លាំងដល់ការលូតលាស់របស់កូនៗ។
៣. អាហារកែច្នៃ
ប្រភេទអាហារកែច្នៃដូចជាសាច់ក្រកសាច់ប៊ែកខន សាច់កក ឬសាច់កិនជាដើមគឺពេញនិយមខ្លាំងសម្រាប់ពេលបច្ចុប្បន្នជាពិសេសក្មេងៗ ជាហេតុធ្វើឱ្យប៉ាម៉ាក់ជាច្រើនចូលចិត្តឱ្យពួកគេញ៉ាំ។ ប៉ុន្តែគ្រូពេទ្យបានព្រមានថាប៉ាម៉ាក់គួរតែដាក់កម្រិតលើការញ៉ាំអាហារទាំងនេះចំពោះកូនៗរបស់ពួកគេ ព្រោះអាហារទាំងនេះគឺជាកត្តាដែលអាចនាំឱ្យកើតជំងឺកាចសាហាវរួមទាំងជំងឺមហារីកទាំងវ័យក្មេងផងដែរ។
ហេតុផលគឺថាអាហារកែច្នៃតែងតែមានផ្ទុកសារធាតុបង្កជំងឺមហារីកដូចជា N-nitroso, heterocyclic amine ដែលប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគ។ មិនតែប៉ុណ្ណោះផលិតផលទាំងអស់នេះក៏មានប្រើអំបិលច្រើនណាស់ដែរដែលវានឹងប៉ះពាល់ដល់តម្រងនោមរបស់ក្មេងៗ។
វិធីសាស្ត្រមួយចំនួន ដែលឪពុកម្ដាយគួរអនុវត្តដើម្បីជួយការពារកូនៗពីជំងឺមហារីក និងមានសុខភាពល្អរឹងមាំ៖
- កុំបណ្ដោយឱ្យកូនៗប៉ះពាល់ផ្ទាល់ ឬរស់នៅក្នុងមជ្ឍដ្ឋានដែលមានផ្សែងបារី
- បង្កើតទម្លាប់បរិភោគអាហារសុខភាព និងអាហារល្អៗដើម្បីជៀសវាងជំងឺធាត់លើសទម្ងន់ និងដុះក្បាលពោះ។
- ឧស្សាហ៍នាំកូនៗធ្វើលំហាត់ប្រាណ ឬធ្វើចលនាឱ្យបានញឹកញាប់ដើម្បីឱ្យសុខភាពល្អ សាច់ដុំ និងឆ្អឹងរឹងមាំ
- នាំកូនទៅចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗតាមការណែនាំរបស់ពេទ្យជំនាញ
- ជៀសវាងការឱ្យកូនៗប៉ះពាល់ជាមួយវត្ថុដែលមានជាតិគីមីរួមទាំងរបបអាហារផងដែរ៕