ជប៉ុនត្រូវបានគេស្គាល់ថា ជាប្រទេសដែលប្រជាជនគេងបានតិចម៉ោងជាងគេក្នុងពិភពលោក ដោយអត្រាគេងជាមធ្យមប្រមាណត្រឹមតែ៦,៥ ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយប្រជាជនជប៉ុនប្រហែល៤០% គេងតិចជាង៦ម៉ោងផង។អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺ ប្រជាជនគេយល់ថាមនុស្សវ័យជំទង់ត្រូវការគេងត្រឹមតែ៦ម៉ោងអីបានហើយ ហើយការគេងយូរពេក គឺខ្ជះខ្ជាយពេលវេលាខ្លាំងណាស់។

ទោះជាយ៉ាងណា យោងតាមស្ថិតិនានាបានបង្ហាញពីអាយុរំពឹងរស់ជាមធ្យមរបស់ជនជាតិជប៉ុន អាចឈានទៅដល់អាយុ៨៤,២ឆ្នាំ ដែលនាំមុខប្រទេសផ្សេងៗដែលមានអាយុរំពឹងរស់ខ្ពស់ដូចជាស្វីស អេស្បាញនិងបារាំងហើយត្រូវបានឈរលើលំដាប់ថ្នាក់លេខ១លើពិភពលោក ដែលមានប្រជាជនជាស្ត្រីម្នាក់អាយុដល់៨៧,១ឆ្នាំនិងបុរសម្នាក់អាយុ៨១,១ឆ្នាំ។ ខាងក្រោមនេះគឺជាអាថ៌កំបាំងរបស់ប្រជាជនជប៉ុន ដែលអ្នកនឹងភ្ញាក់ផ្អើលទោះបីពួកគេគេងមិនបានច្រើនម៉ោងក៏ដោយ។

១. ប្រកាន់ទស្សនៈវិទ្យា Ikigai អ៉ីគិកៃ

ទស្សនៈវិទ្យាមួយនេះមានន័យថា ស្វែករកហេតុផលដើម្បីរស់ និងលើកទឹកចិត្តអ្នកនៅជុំវិញខ្លួនឱ្យរស់នៅដោយសប្បាយរីករាយនិងបំណងល្អៗ។ ជីវភាព Ikigai របស់ជនជាតិជប៉ុននេះ ពេញនិយមណាស់នៅខេត្តអូគីណាវ៉ាដែលត្រូវបានគេស្គាល់ថាជា “ដែនដីនៃភាពអមតៈ” ដែលជាដែនដីនៃមនុស្សអាយុវែងបំផុតនៅលើពិភពលោក។ អ្នកដែលរស់​នៅទីនោះជឿជាក់ថា លើលោកនេះមានគោលបំណងដ៏សំខាន់មួយដើម្បីរីករាយនឹងជីវិតហើយអ្នកអាចស្វែងរកភាពរីករាយបានក្នុងទស្សនៈផ្សេងៗគ្នាដូចជា ការជួយយកអាសារអ្នកដទៃការញ៉ាំអាហារល្អៗ និងការដែលត្រូវបានស្រលាញ់ដោយក្រុមគ្រួសារ និងមិត្តភ័ក្ដិ។

២. ទទួលទានត្រីឱ្យបានញឹកញាប់

ប្រជាជនជប៉ុនទទួលទានត្រីច្រើនជាងគេនៅក្នុងលោក។ ការបរិភោគត្រីសម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំមានចំនួនច្រើនជាង១០០គ.ក ដែលស្មើនឹង៥-៦ដង ច្រើនជាងប្រជាជនប្រទេសផ្សេងទៀតគិតជាមធ្យម។

គ្រប់គ្នាសុទ្ធតែបានដឹងថា ត្រីគឺជាប្រភពប្រូតេអ៊ីនដ៏សំខាន់ដែលប្រូតេអ៊ីននេះ ល្អជាងប្រូតេអ៊ីនដែលមានក្នុងសាច់មាន់ទា និងសត្វដទៃទៀត។ មិនតែប៉ុណ្ណោះ សាច់ត្រីមានរសជាតិឆ្ងាញ់ពិសា ព្រមទាំងផ្ដល់អត្ថប្រយោជន៍ច្រើនលើសលប់។

៣. ប្រើវិធីសាស្ត្រចម្អិនអាហារបែបស្រាលៗ

បែបផែនទទួលទានអាហាររបស់ជនជាតិជប៉ុន គឺការញ៉ាំអាហារឆៅអាហារចំហ៊ុយ អាហារក្លាសេឱ្យត្រជាក់ និងអាហារស្ងោរ ដែលអាហារទាំងនេះចម្អិនដោយកំណត់បរិមាណប្រេង អំបិល និងគ្រឿងទេស។ វិធីសាស្ត្រនៃការចម្អិនអាហារបែបនេះជួយឱ្យអាហារនៅរក្សាសារធាតុចិញ្ចឹមបានច្រើនបំផុតដូចជា សេលុយលូស វីតាមីនផ្សេងៗជាតិខនិជ និងសារធាតុសកម្មជាច្រើនទៀតដែលមានក្នុអាហារព្រមទាំងកាត់បន្ថយសារធាតុបង្កជំងឺមហារីក។នេះគឺជាហេតុផលដ៏ចម្បងមួយដែលធ្វើឱ្យប្រជាជនជប៉ុនមានសុខភាពល្អ និងអាយុវែង។

៤. ប្រជាជនជប៉ុនចូលចិត្តត្រាំទឹកនិងដើរឱ្យបានច្រើន

ខុសពីទម្លាប់ធម្មតានៃការងូតទឹក ជនជាតិជប៉ុនបានបង្កើតវិធីសាស្ត្រងូតទឹកជាច្រើន ដើម្បីធ្វើឱ្យសុខភាពល្អដូចជាត្រាំទឹកស្រាអង្ករ ទឹកផ្កា ទឹកស្លឹករុក្ខជាតិ និងទឹកផ្លែប៉ោមជាដើម ដែលវិធីសាស្ត្រទាំងអស់នេះមិនត្រឹមតែជួយបណ្ដេញជាតិពុលពីរាងកាយប៉ុណ្ណោះទេតែថែមទាំងជួយការពារជំងឺផ្សេងៗ និងកាត់បន្ថយស្ត្រេសបានផងដែរ។

ក្រៅពីនេះទៅទៀតការសិក្សាជាច្រើនបានរកឃើញថា មូលហេតុដែលជនជាតិជប៉ុនរស់បានយូរជាងគេនោះគឺទម្លាប់ដើរឱ្យបាន ១០០០០ជំហានក្នុងមួយថ្ងៃ ដែលបច្ចុប្បន្ននេះត្រូវបានគេយកមកអនុវត្តច្រើនដើម្បីរក្សាសុខភាព៕