ការចូលគេងបានគ្រប់គ្រាន់ពិតជាសំខាន់ខ្លាំងណាស់ ជាពិសេសនោះគឺការចូលគេងលក់ដោយស្កប់ស្កល់ មិនភ្ញាក់នៅពេលយប់ឡើង ដែលធ្វើឱ្យប៉ះពាល់ដល់ដំណេករបស់អ្នក។ យើងមានគន្លឹះ៥យ៉ាងណែនាំឱ្យអ្នកទាំងអស់គ្នា បានសាកអនុវត្តមុនពេលចូលគេងឱ្យបានស្កប់ស្កល់ ដើម្បីកុំឱ្យមានការរំខាន៖
១.កុំទុកគ្រឿងអេឡិចត្រូនិចនៅជិត
គ្រឿងអេឡិចត្រូនិចអាចបង្កការរំខានដល់អ្នក នៅពេលដែលអ្នកដាក់របស់ទាំងនោះនៅជិតខ្លួនពេលចូលគេង។សម្លេងរោទិ៍ពីទូរស័ព្ទ អាចធ្វើឱ្យអ្នកដាច់ដំណេកនៅពេលកំពុងគេង ដូច្នេះធ្វើឱ្យការគេងម្ដងទៀតមានការពិបាក ម្យ៉ាងទៀតការគេងភ្ញាក់បែបនេះអាចធ្វើឱ្យ ស្មារតីនៅពេលព្រឹករបស់អ្នកមិនសូវជាល្អប៉ុន្មានទេ។
២.ទុកពោះឱ្យទំនេរមុនពេលគេង
មុនពេលគេង អ្នកមិនត្រូវទទួលទានអាហារច្រើនពេកឡើយ ជាពិសេសកុំទទួលទានទឹកមុនពេលចូលគេង ព្រោះអាចធ្វើឱ្យអ្នកមិនស្រួលពោះនៅពេលកំពុងគេង ដោយសារតែទឹកគឺឆាប់រំលាយជាងអាហារ ធ្វើឱ្យការគេងរបស់អ្នកមានការរំខានខ្លាំង។
៣.ការធ្វើសមាធិ
ចំណាយពេល២០-៣០នាទីធ្វើសមាធិផ្លូវចិត្តរបស់អ្នក មុនពេលចូលគេង ធ្វើឱ្យអារម្មណ៍របស់អ្នកស្ងប់ល្អ ប្រមូលអារម្មណ៍បានមូល។ ការធ្វើសមាធិនឹងធ្វើឱ្យដំណេករបស់អ្នកបានស្កប់ស្កល់ មិនមានការយល់សប្ដិដែលធ្វើឱ្យការគេងត្រូវបានរំខានឡើយ។
៤.អានសៀវភៅ
អានសៀវភៅដែលអ្នកចូលចិត្ត ដោយអានក្នុងគោលបំណងកម្សាន្ត មិនមែនអានដើម្បីចប់ឡើយ អានបណ្ដើរបណ្ដែតអារម្មណ៍បណ្ដើរ អ្នកនឹងឆាប់គេងលក់ដោយមិនដឹងខ្លួន។ ម្យ៉ាងទៀតការអានសៀវភៅបែបប្រលោមលោក ឬសៀវភៅមនោសញ្ចេតនាក៏អាចជួយឱ្យការគេងបានលក់ស្រួលខ្លួនដូចគ្នា។
៥.កុំលេងទូរស័ព្ទដៃមុនពេលគេង
មនុស្សយើងភាគច្រើនចូលចិត្តលេងទូរស័ព្ទដៃមុនពេលចូលគេង ដោយអូសមើលនេះមើលនោះ ធ្វើឱ្យការចូលគេងត្រូវបានពន្យាពេល។ ការលេងទូរស័ព្ទដៃយូរមុនពេលគេង ធ្វើឱ្យមានភាពអវិជ្ជមានដល់រាងកាយ និងផ្លូវចិត្ត ដែលធ្វើឱ្យអ្នកនឿយហត់ អស់កម្លាំង ឬថយចុះក្នុងការផ្ដោតអារម្មណ៍។
សង្ឃឹមថាគន្លឹះទាំង៥យ៉ាងខាងលើនេះ អាចជួយជាប្រយោជន៍ដល់អ្នកដែលចង់ឱ្យការគេងបានស្កប់ស្កល់ សាកល្បងអនុវត្តរៀងរាល់ថ្ងៃមុនពេលចូលគេងឱ្យបានស្កប់ មិនអស់កម្លាំង ហើយការផ្ដោតអារម្មណ៍ធ្វើការ ឬរៀនសូត្រក៏បានល្អដូចគ្នា៕