មុននឹងចង់ឲ្យនរណាម្នាក់មើលមកថាអ្នកជាមនុស្សរឹងមាំ និងមានសេរីភាពេញលេញ ដំបូងត្រូវធ្វើឲ្យចិត្ត និងអារម្មណ៍របស់យើងប្រាកដសិនថា យើងកំពុងមានសេរីភាពពិតប្រាកដ មិនមែនសម្តែងជាមនុស្សឯករាជ្យ ទាំងការពិតចិត្តកំពុងឯការ និងទន់ជ្រាយឡើយ។ បង្កើនអារម្មណ៍ឲ្យខ្លួនឯងកាន់តែរឹងមាំពិតប្រាកដចេញពីក្នុងចិត្ត និងបន្ថែមសេរីភាពដល់អារម្មណ៍របស់ខ្លួនឯង តាមរយៈទិចនិចសាមញ្ញៗទាំងនេះ៖

១.ធ្វើខ្លួនឲ្យមានប្រយោជន៍

ការប្រើពេលវេលា ធ្វើឲ្យខ្លួនឯងមានប្រយោជន៍ ធ្វើឲ្យអ្នកមានអារម្មណ៍ល្អ ជឿជាក់លើខ្លួនឯង ព្រមទាំងមានមោទនៈភាពលើអ្វីដែលខ្លួនកំពុងធ្វើ និងមានអារម្មណ៍សប្បាយចិត្តទៀតផង។ ការធ្វើខ្លួនឲ្យមានប្រយោជន៍ អ្នកប្រាកដជាយល់ថាខ្លួនឯងសំខាន់ ហើយកាន់តែរឹងមាំនៅក្នុងអារម្មណ៍។

២.គិតវិជ្ជមានជានិច្ច

ប្រសិនបើអ្នកជាមនុស្សគិតអវិជ្ជមានច្រើន ជីវិតអ្នកប្រាកដជាគ្មានក្ដីសុខឡើយ ដោយសារតែអ្នកមិនចេះប្រើក្ដីសុខផ្លូវចិត្តខ្លួនឯងឲ្យបានត្រឹមត្រូវ។ ចំណែកឯការគិតវិជ្ជមានវិញ នឹងទទួលបានលទ្ធផលផ្ទុយស្រឡះពីគំនិតអវិជ្ជមាន គឺអ្នកតែងមានការគិតដែលល្អជានិច្ច មិនសូវចេះខឹងស្អប់ គុំគួនអ្នកដទៃ ដែលធ្វើឲ្យអារម្មណ៍អ្នកក្ដៅក្រហាយឡើយ។

៣.រំពឹងតិចធ្វើច្រើន

ការរំពឹងលើអ្វីមួយដែលហួសសមត្ថភាពពេក បើលទ្ធផលមិនដូចចិត្តរំពឹង ធ្វើឲ្យអ្នកពិបាកទទួលយក និងមានការខកចិត្តខ្លាំង។ ដូច្នេះហើយអ្នកត្រូវចេះរំពឹងឲ្យតិចជាងទង្វើដែលអ្នកបានប្រព្រឹត្តិ ឲ្យច្រើនជាងការរំពឹងរបស់អ្នក។ នៅពេលនោះបើទោះបីជាលទ្ធផលមិនដូចការគិត ក៏អ្នកមានអារម្មណ៍ថា អ្នកបានធ្វើអស់ពីកាយចិត្តហើយ។

៤.បង្កើតក្ដីស្រមៃឲ្យខ្លួនឯង

ក្ដីស្រមៃជាកត្តាជម្រុញមួយ ធ្វើឲ្យអ្នកខិតខំប្រឹងប្រែង និងតស៊ូដើម្បីដើរតាមគោលដៅរបស់អ្នក ដែលបានកំណត់ទុកជាស្រេច។ មនុស្សមានគោលដៅតែងតែមានអារម្មណ៍ថាខ្លួនឯងរឹងមាំ និងឯករាជ្យក្នុងការសម្រេចចិត្តជានិច្ច ពីព្រោះថាគោលដៅរបស់គេ ជាគោលដៅមួយដែលបានដាក់ឡើងដោយខ្លួនឯង និងប្រឹងប្រែងឲ្យក្ដីស្រមៃនោះកើតឡើងជារូបរាងដោយខ្លួនឯងទៀតផង។

៥.បើកចិត្តទូលាយ

ការបើកចិត្តទទួលយកការពិតគ្រប់យ៉ាងឲ្យទូលាយ ដែលគ្រប់គ្នាបានណែនាំប្រាប់ពីកំហុសដែលអ្នកបានសាង និងសរសើពីអំពើល្អ ឬភាពល្អៗដែលអ្នកមានដោយរីករាយ ធ្វើឲ្យអារម្មណ៍កាន់តែមានទំនុកចិត្ត និងភាពជឿជាក់លើខ្លួនឯងបានមួយកម្រិតទៀត។

សាកល្បងយកចំណុចសាមញ្ញៗ ទាំង៥ចំណុចខាងលើនេះមកអនុវត្តក្នុងជីវិតពិតរបស់អ្នក ដើម្បីធ្វើឲ្យអ្នកកាន់តែមានអារម្មណ៍ថា ទុកចិត្តលើខ្លួនឯង និងមានភាពរឹងមាំសម្រាប់ជីវិតមួយនេះ ឲ្យកាន់តែល្អប្រសើរជាងពេលកន្លងមក៕