នៅលើពិភពលោកនេះ មនុស្សស្ទើរទាំងអស់គ្នាសុទ្ធតែមានប្រើប្រាស់បណ្តាញសង្គមនានា ជាពិសេសបណ្តាញសង្គមយក្ស Facebook។ ការប្រើប្រាស់បណ្តាញសង្គម ត្រូវបានគេជឿថាជារឿងល្អដើម្បីទទួលព័ត៌មាន ភ្ជាប់ទំនាក់ទំនងល្អ និងការធ្វើអាជីវកម្មយ៉ាងទូលំទូលាយ តែទន្ទឹមនឹងនេះ រឿងរ៉ាវស្មានមិនដល់ជាច្រើននិងកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃបានវាយលុកបណ្តាញសង្គមទាំងអស់នោះ។
លោកបណ្ឌិត Patrick Dixon ជាអ្នកយុទ្ធសាស្រ្តនិងព្យាករណ៍ពីអនាគតដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ បានបញ្ជាក់ថា ភាពក្លែងក្លាយនឹងវាយលុកធ្វើឱ្យបណ្តាញសង្គមក្លាយជាតំបន់ដែលកុហក សម្រាប់មនុស្សជាច្រើនលើពិភពលោក។ លោកថា ក្រុមហ៊ុនជាច្រើនដែលកំពុងរកស៊ីលើបណ្តាញសង្គម និងស្ថាប័នមួយចំនួនចាប់ផ្តើមបង្កើតអត្តសញ្ញាណ (profile) ក្លែងក្លាយកាន់តែច្រើនឡើងៗ ដើម្បីបោកបញ្ឆោតអតិថិជនឬបុគ្គលគោលដៅដែលគេចង់ទាក់ទាញ។
បច្ចុប្បន្ននេះ រៀងរាល់បីសប្តាហ៍ម្តងគេរកឃើញថាមានគណនីក្លែងក្លាយ ព្រឹត្តិការណ៍ក្លែងក្លាយ សកម្មភាពនិងការផ្សព្វផ្សាយផលិតផលក្លែងក្លាយ កើតឡើងរាប់លានដង។ គោលបំណងដែលគេបង្កើតភាពក្លែងក្លាយនេះគឺចង់បង្ហាញពីឥទ្ធិពលក្លែងក្លាយដើម្បីទាញប្រយោជន៍ពីការផ្សព្វផ្សាយនោះ។
តាមការស្រាវជ្រាវបង្ហាញថា នៅប្រទេសចិន មានក្រុមហ៊ុនបណ្តាញសង្គមជាង ១០០០ស្ថាប័នបានបង្កើតអត្តសញ្ញាណ និងគណនីក្លែងក្លាយ ដើម្បីជំរុញការរកស៊ីតាមរយៈគេហទំព័រលក់រាយ Tao Bao។ វិធីសាស្រ្តដែលគេធ្វើគឺប្រើប្រាស់គណនីក្លែងក្លាយជាច្រើន ដើម្បីសរសើរផលិតផលនិយាយ និងចែករំលែកផលិតផលដែលគេកំពុងលក់ និងបង្ហាញពីចំនួនមនុស្សគាំទ្រយ៉ាងច្រើន ដែលអ្នកទាំងអស់នោះសុទ្ធតែជាអតិថិជនក្លែងក្លាយ ដែលគេបង្កើតឡើងព្រោះជាទូទៅ កាលណាយើងឃើញផលិតផលណាមួយដែលត្រូវបានមនុស្សគាំទ្រ ឬសរសើរច្រើនយើងនឹងគាំទ្រតាម។
បន្ថែមពីលើនេះ មានគេហទំព័រមួយចំនួនបានបង្កើតអ្នកគាំទ្រក្លែងក្លាយ ដើម្បីបង្ហាញឱ្យឃើញពីប្រជាប្រិយភាពខណៈដែលមានយុទ្ធនាការនានា ក៏នឹងចាប់ផ្តើមប្រើប្រាស់វិធីសាស្ត្រនេះដើម្បីអូសទាញមនុស្សឱ្យកាន់តែច្រើនដើម្បីគាំទ្រឬជឿលើរឿងមិនសមរម្យណាមួយ។
អ្នកជំនាញខាងលើបានបញ្ជាក់ថា បញ្ហាអត្តសញ្ញាណក្លែងក្លាយក្នុងបណ្តាញសង្គមនេះ នឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរលើការបញ្ចេញមតិ និងការគិតរបស់មនុស្សជាទូទៅ។ ជាធម្មតា នៅក្នុងសម័យបច្ចេកវិទ្យានេះ នៅពេលដែលយើងចង់ដឹងពីរឿងរ៉ាវសកលណាមួយ យើងនឹងស្វែងរកក្នុងបណ្តាញបច្ចេកវិទ្យា ហើយមុននឹងជឿលើប្រភពព័ត៌មាននោះយើងត្រូវតាមដានពីប្រភព ក៏ដូចជាមើលលើមតិនានារបស់អ្នកទស្សនាផ្សេងៗទៀត ដើម្បីចង់ដឹងពីរឿងលម្អិតឬដើម្បីថ្លឹងថ្លែង។ នៅពេលដែលអ្នកទស្សនាជាច្រើន ជាមនុស្សក្លែងក្លាយដែលគេបង្កើតឡើងនោះយើងនឹងមិនអាចឃើញមតិផ្ទុយ ឬដំណោះស្រាយនានាដែលល្អជាងគំនិតដែលគេបង្ហាញនោះទេ។ កត្តានេះនឹងធ្វើឱ្យយើងជឿលើគំនិទាំងនោះបានយ៉ាងងាយ បើទោះបីជាវាមិនមែនជាគំនិតគ្រប់ជ្រុងជ្រោយក៏ដោយ។ បន្ថែមពីលើនេះអត្តសញ្ញាណក្លែងក្លាយ ក៏នឹងក្លាយជាឧបករណ៍យ៉ាងសំខាន់ក្នុងការវាយប្រហារលើស្ថាប័ននិងបុគ្គលសាធារណៈនានាផងដែរ៕