ការដើរនៅពេលព្រឹកជាប្រចាំ នឹងជួយពង្រឹងសុខភាពរបស់អ្នក ឱ្យធ្វើចលនាឬធ្វើលំហាត់ប្រាណបានយូរ ថែមទាំងអាចជួយឱ្យអ្នកបំពេញការងារប្រចាំថ្ងៃបាន ដោយគ្មានភាពនឿយហត់ទៀតផង។
សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃក្រៅពីនេះការដើរជួយកាត់បន្ថយសម្ពាធឈាមដែលឡើងខ្ពស់ ដោយធ្វើឱ្យបេះដូងដំណើរការបានល្អប្រសើរជាងមុននិងធ្វើឱ្យឈាមចរាចរបានល្អ។ វាក៏ថែមទាំងអាចជួយបង្កើនកម្រិតជាតិកូឡេស្តេរ៉ូល ដែលល្អនៅក្នុងឈាមកាត់បន្ថយឱកាសនៃអត្រាគាំងបេះដូងបានដល់ពាក់កណ្ដាល។
អុកស៊ីសែនដែលអ្នកស្រូបបាននៅពេលព្រឹកព្រលឹម ក្នុងពេលកំពុងដើរ ក៏នឹងផ្ដល់ឱ្យរាងកាយរបស់អ្នកនូវថាមពលដ៏ខ្លាំងក្លាជាពិសេសល្អសម្រាប់សន្លាក់។
ការដើរជាប្រចាំនៅពេលព្រឹកព្រលឹម គឺជាសកម្មភាពដ៏ល្អបំផុតមួយដែលអាចជួយដល់ខ្នងរបស់អ្នកផងដែរ។ វាជួយជំរុញការលូតលាស់សាច់ដុំ បង្កើនចលនាឈាមបានល្អនិងពន្លឿនការបញ្ចេញអរម៉ូនអង់ដូហ្វីន ដែលផ្ដល់ឱ្យមនុស្សយើងនូវអារម្មណ៍ស្រស់ស្រាយពីធម្មជាតិ។
ការដើរឱ្យបានហោចណាស់៤ដងក្នុងមួយសប្ដាហ៍ ហើយក្នុងមួយដងឱ្យបាន៤៥នាទី នឹងជួយអ្នកឱ្យសម្រកទម្ងន់បានពី៨ទៅ១០គីឡូក្រាមក្នុងមួយឆ្នាំ ដោយមិនចាំបាច់ផ្លាស់ប្ដូររបបអាហារឡើយ។ វាអាចជួយកាត់បន្ថយជាតិខ្លាញ់ក្នុងសារពាង្គកាយថែមទាំងពង្រឹងសាច់ដុំរបស់អ្នកផងដែរ៕