អង្គុយគងអន្ទាក់ខ្លា (អង្គុយខ្វែងជើង) មានគ្នាយើងខ្លះ ធ្វើជាទម្លាប់ ដែលនេះជាឥរិយាបថមួយនៃសកម្មភាពប្រចាំថ្ងៃ។ តែទន្ទឹមនឹងនោះ ការស្រាវជ្រាវពាក់ព័ន្ធនឹងសុខភាព ដែលបានលម្អិតទៅនឹងឥរិយាបថអង្គុយអន្ទាក់ខ្លានេះ បានបង្ហាញដូចខាងក្រោមនេះ៖
ដោយផ្អែកលើលទ្ធផលសិក្សា ដែលបានធ្វើឡើងនៅទីក្រុង Istanbul ប្រទេសទួគី បានពិសោធទៅលើអ្នកចូលចិត្តអានសៀវភៅរយៈពេលយូរ និងមានទម្លាប់អង្គុយគងអន្ទាក់ខ្លា។ លទ្ធផលបានបង្ហាញថា ត្រឹមរយៈពេល៣នាទី សម្ពាធឈាមរបស់ពួកគេឡើងខ្ពស់ ក៏ដោយសារតែការអង្គុយយកជើងម្ខាង គងសង្កត់លើផ្នែកជង្គង់នៃជើងម្ខាងទៀត ដែលធ្វើឱ្យ ចលនាឈាមរត់ទៅលើ (ផ្នែកទ្រូង) នាំឱ្យចរន្តឈាម ខុសប្រក្រតី (ឈាមទៅច្រាលច្រើន ជាមួយនិងឈាមច្របាច់ចេញពីបេះដូង)។
ករណីសិក្សាមួយទៀត ធ្វើឡើងនៅឯប្រទេសហុល្លង់ បានបង្ហាញលទ្ធផល ឃើញដូចនឹងការសិក្សាមុនៗផងដែរ ដោយសារសរសៃឈាមដំណើរការមិនល្អឡើយ នៅពេលដែលអង្គុយគងអន្ទាក់ខ្លា។ ការអង្គុយយូរតាមឥរិយាបថនោះ បានដាក់សម្ពាធលើសរសៃឆ្អឹងស្មងជើង (ផ្នែកខាងក្រោយនៃជង្គង់) ជាផ្នែកសំខាន់នៃចលនា ជើងនិងប្រអប់ជើង ធ្វើឱ្យអ្នកមានទម្លាប់បែបនោះយូរ ច្រើនមានអារម្មណ៍ឈឺមុតដូចចាក់ម្ជុល។
ចំណែកការសិក្សាពីអ្នកជំនាញពីបណ្តាប្រទេសផ្សេងៗ បានបង្ហាញនូវលទ្ធផលជារួមដូចនេះថា ទម្លាប់នៃការអង្គុយគងជើង ឬអង្គុយគងអន្ទាក់ខ្លា គឺបង្កផលវិបាកជារួមគឺ ធ្វើឱ្យសម្ពាធឈាមកើនខ្ពស់ កើតជំងឺយឺតសរសៃឈាម និងខូចសរសៃប្រសាទវិញ្ញាណ។ តែទោះយ៉ាងណាក្តី អ្នកជំនាញសុខភាពក៏បានណែនាំ ជាទូទៅថា សម្រាប់អ្នកមានទម្លាប់អង្គុយគងទាក់ខ្លា គួរឧស្សាហ៍ផ្លាស់ប្តូរឥរិយាបថអង្គុយច្រើនដង នៅពេលមានអារម្មណ៍មិនស្រួល។ ចំពោះទម្លាប់អង្គុយយូរៗដូចនេះ អ្នកជំនាញក៏បានណែនាំឱ្យធ្វើចលនាខ្លះទៀត ដើម្បីចៀសវាងមិនឱ្យអង្គុយរហូតដល់ស្ពឹកស្រពន់ ដែលអាចបង្កជាបញ្ហាទៅថ្ងៃមុខ៕