ស្មាតក្រាវថ៍ ជាសហគ្រាសមួយដែលដាក់លក់ និងផលិតសំភារៈប្រើប្រាស់ជាច្រើន ធ្វើពីវត្ថុប្រើប្រាស់ឡើងវិញហើយមានបុគ្គលិកភាគច្រើនជាជនពិការ។ សហគ្រាសតូចនេះ បានបើកដំណើរការរយៈពេលបួនឆ្នាំមកហើយពោលចាប់តាំងពីឆ្នាំ ២០១២មក។
ចំរើន និយាយទាំងញញឹមតិចៗថាលោកសម្រេចចិត្តបើកអាជីវកម្មនេះ ដោយសារលោកធ្លាប់ធ្វើការនៅអង្គការជួយជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ច្រើនហើយអង្គការទាំងនោះ បានកែច្នៃវត្ថុប្រើប្រាស់ឡើងវិញជាច្រើន ដូច្នេះលោកឃើញថា គំនិតនោះល្អហើយក៏យកវាមកអនុវត្ត ក្នុងអាជីវកម្មរបស់គាត់។
លោកបន្ថែមទៀតថា៖«បើយើងកែច្នៃវត្ថុប្រើប្រាស់ឡើងវិញនេះ យើងអាចលក់បាន នៅលើទីផ្សារដោយយើងមិនធ្វើឲ្យដូចគេទាំងម៉ូតនិងវត្ថុធាតុដើម»។ លើសពីនេះទៅទៀត បំណងសំខាន់របស់គាត់គឺជួយបងប្អូនជនពិការ ឲ្យមានការងារធ្វើនិងជៀសផុតពីការរើសអើង។
ចំរើន បញ្ជាក់ទាំងទឹកមុខម៉ឺងម៉ាត់ថា៖«ជនពិការភាគច្រើន មិនបានទៅធ្វើការនៅតាមអង្គការ រឺក្រុមហ៊ុនគេធំៗនោះទេអញ្ចឹងមានតែកន្លែងនេះទេ ដែលមិនរើសអើងគ្នា»។ លោក បានឲ្យដឹងផងដែរថា ពីដំបូងបុគ្គលិកខាងដេររបស់ស្មាតក្រាវថ៍ មាន១០នាក់ ហើយភាគច្រើនជាជនពិការ លោកបន្ថែមទៀតថាពីមុនពួកគេដេរនៅតាមផ្ទះរៀងៗខ្លួនព្រោះទើបតែចាប់ផ្តើម មិនទាន់មានកន្លែងដេរផ្ទាល់ខ្លួននៅឡើយ។
គួរបញ្ជាក់ផងដែរថាស្មាតក្រាវថ៍ មានលក់សំភារៈប្រើប្រាស់ ផលិតដោយដៃជាច្រើនដូចជា កាតាប កាបូបលុយកាបូបប៊ិច សៀវភៅសរសេរ ក៏ដូចជាកន្សែងនិងក្រម៉ា ហើយសំភារៈទាំងនេះ ភាគច្រើនត្រូវបានធ្វើចេញពីពោះវៀនឡាន ក្រដាសកាសែត ក្រដាសសៀវភៅ ព្រមទាំង បាវស៊ីម៉ង់ដ៍ផងដែរ។
ចំរើនបន្តទាំងរីករាយថាវត្ថុធាតុដើមទាំងនេះ ធ្វើឲ្យផលិតផលគាត់ប្លែកពីគេ និងអាចរកបានក្នុងតំលៃមួយដែលសមរម្យបំផុត ហើយជាពិសេសការប្រើប្រាស់ វត្ថុកែច្នៃឡើងវិញនេះអាចជួយសំអាត បរិស្ថានបានយ៉ាងប្រសើរ។
យ៉ាងណាក៏ដោយភាពជោគជ័យទាំងនេះ មិនបានមកដោយងាយស្រួលនោះទេ ព្រោះចំរើនបានប្រាប់ថា ពេល ស្មាតក្រាវថ៍បើកដំណើរការដំបូង មិនមានអ្នកណាស្គាល់ និងមិនមានទីផ្សារនោះទេ ដូច្នេះលោកជួបការខាតបង់គួរឲ្យកត់សំគាល់ហើយនេះក៏ជាមូលហេតុ ដែលគាត់ត្រូវចុះទៅតាមខេត្តដោយខ្លួនឯង។ ដើមទុន ក៏ជាបញ្ហាមួយដែលគាត់ជូបប្រទះហើយគាត់បានប្រាប់ថា៖ «និយាយរឿងដើមទុនខ្ញុំមិនមានច្រើនទេ តែដោយសារ ទឹកចិត្តនិងការតស៊ូព្យាយាមទើបមានថ្ងៃនេះ»។
ចំរើន និយាយថែមទៀតទាំងរីករាយថាផលិតផលរបស់លោកទទួលបាន ការគាំទ្រច្រើនក្នុងរយៈពេលពីឆ្នាំចុងក្រោយនេះដោយសារលោកបានចុះទៅ ធ្វើការផ្សព្វផ្សាយតាមខេត្ត ដោយខ្លួនឯងផ្ទាល់ ក៏ដូចជាតាមរយៈបណ្តាញសង្គមផងដែរ។ពិសេសជាងនេះទៅទៀត លោកបានបង្ហើបថា មានភ្ញៀវបញ្ជារទិញផលិតផលគាត់ទៅក្រៅច្រើនដូចជាទៅអាមេរិកជាដើម។
គួររំលឹកផងដែរថាស្មាតក្រាវថ៍ សព្វថ្ងៃ មានបុគ្គលិកចំនួន ១៥ នាក់ហើយ ដែលក្នុងនោះបុគ្គលិក ៧០% ទៅ៨០% ជាជនពិការ។ លើសពីនេះ ចំរើន ក៏បានឲ្យដឹងថា ឥឡូវលោកមានកន្លែងដេរផ្ទាល់ខ្លួនមួយហើយហើយលោកក៏មានគម្រោង ពង្រីកសហគ្រាសនេះឲ្យកាន់តែធំជាងមុន ដើម្បីកែច្នៃផលិតផលថ្មីក៏ដូចជា ផ្តល់ឳកាសការងារដល់ ជនពិការកាន់តែច្រើនថែមទៀត។
លោក ឡាវ ចំរើនក៏បានផ្តាំផ្ញើជាចុងក្រោយថា៖ «ខ្ញុំចង់ឲ្យអតិថិជន ជួយទិញផលិតផល ដែលធ្វើនៅស្រុកខ្មែរដោយជនពិការហើយជារបស់កែច្នៃ ដើម្បីជួយសំអាត បរិស្ថាននឹងជួយជនពិការ ឲ្យបានការងារធ្វើ»៕