នៅក្នុងការរស់នៅ មនុស្សគ្រប់ៗគ្នាអាស្រ័យទៅលើការខិតខំប្រឹងប្រែងការតស៊ូ និងអត់ធ្មត់របស់ខ្លួនជាប្រចាំថ្ងៃ ដើម្បីទទួលបានជោគជ័យក្នុងឆាកជីវិត។ ប៉ុន្តែនៅក្រោយខ្នងនៃភាពជោគជ័យ គឺសុទ្ធតែមានការលំបាកហើយថែមទាំងធ្លាប់ឆ្លងកាត់បទពិសោធន៍ ភាពបរាជ័យ ពិសេសគឺសម្ពាធផ្លូវចិត្ត ដែលធ្វើឱ្យយើងមានភាពតានតឹងនឹងកើតអាការៈស្ត្រេស រហូតពេលខ្លះគិតថាខ្លួនអន់ ពេលខ្លះចង់យំ រហូតកើតជំងឺបាក់ទឹកចិត្តថែមទៀតផង។
ដូច្នេះខាងក្រោមនេះ ជាហេតុផលមួយចំនួន ដែលធ្វើឱ្យមនុស្សដាក់សម្ពាធទៅលើខ្លួនឯងដូចជាៈ

1. ការគិតពីរឿងអនាគតច្រើនពេក
ជាការពិតណាស់ រឿងអនាគតគឺសំខាន់ ហើយមនុស្សភាគច្រើនគាត់តែងតែគិតអវិជ្ជមាន ម៉្យាងរឿងទាំងនេះចង់សំដៅទៅលើយុវជនតែម្ដង។ ជាមួយគ្នានេះដែរ វាប្រៀបដូចជាស្រមោលអន្ទោលតាមប្រាណអញ្ចឹង ដូច្នេះគ្រប់ពេលដែល អ្នកគិតពីរឿងរ៉ាវអនាគត នោះអ្នកដឹងតែពិបាកចិត្តទុកជាមុន គិតអ្វីក៏មិនចេញពេលខ្លះអង្គុយអស់សង្ឃឹមម្នាក់ឯងតែម្នាក់ឯងក៏មានផងដែរ។
2. ការសិក្សា

តើពេលខ្លះអ្នកធ្លាប់គិតចង់បោះបង់ចោលការសិក្សាដែរឬទេ? ការរៀនសូត្រជាកាតព្វកិច្ចរបស់អ្នកសិក្សា ហើយត្រូវផ្ដោតខ្លួនជាមួយមេរៀន លំហាត់ កិច្ចការសាលារៀនដែលគ្រូបានដាក់ឱ្យ ហើយទាំងនោះសុទ្ធសឹងតែត្រូវចំណាយ ពេលវេលាយ៉ាងហោចណាស់ក៏ពាក់កណ្ដាលជីវិត ដើម្បីរៀនពីមេរៀនជីវិត ពេលខ្លះក៏ហត់ និងកើតមានអាការៈស្ដ្រេសខ្លាំង ប៉ុន្តែនៅតែបន្តវាដើម្បីសម្រេចគោលដៅរបស់ខ្លួនក្នុងដំណើរជីវិតមួយនេះ។
3. ការដាក់បន្ទុកទៅលើការងារ
វាពិតជាលំបាកណាស់ ក្នុងការសម្របខ្លួនទៅតាមចិត្តរបស់អ្នកដទៃជាពិសេស នៅក្នុងស្ថាប័នការងារត្រូវគោរពទាំងពេលវេលា និងច្បាប់ទម្លាប់ក្នុងក្រុមហ៊ុនហើយទាំងអស់នេះ ក៏ព្រោះដើម្បីប្រាក់ប្រចាំខែរបស់ខ្លួន។ ទន្ទឹមនឹងនេះដែរម្នាក់ៗ គឺសុទ្ធសឹងតែចង់បានការងារល្អសម្រាប់ខ្លួនឯង។ ប៉ុន្តែវាមិនងាយស្រួលនោះឡើយព្រោះថា វាត្រូវការភាពអត់ធ្មត់នឹងការផ្ដោតអារម្មណ៍ទៅលើការងារខ្លាំង បើទោះបីជានូវជុំវិញខ្លួនកំពុងតែជួបប្រឈមមុខ នឹងបរិយាកាសបែបណាក៏ដោយ។
4. បញ្ហគ្រួសារ

ក្នុងនាមជាមេគ្រួសារ ត្រូវគិតពីអនាគតរបស់មនុស្សជាទីស្រឡាញ់វាជារឿងធម្មតា ប៉ុន្តែនៅពេលដែលអ្នកចេះចាប់ផ្ដើមរកលុយទើបដឹងថាលំបាក ព្រោះត្រូវរាប់រ៉ងរាល់ការចំណាយក្នុងគ្រួសារទាំងស្រុង។ ហេតុដូច្នេះការរកប្រាក់បានក្លាយទៅជាផ្នែកមួយយ៉ាងសំខាន់សម្រាប់អ្នក។ សរុបរួមមកវិញ អ្នកក៏ត្រូវចងចាំថា គ្រប់រឿងរ៉ាវទាំងអស់សុទ្ធសឹងតែមាន ដំណោះស្រាយ ប៉ុន្តែអ្វីដែលសំខាន់គឺយើងម្នាក់ៗត្រូវចេះត្រៀមចិត្តនិងរៀនទទួលយកការពិត៕