Image

សមាធិជាលំហាត់ដង្ហើមចេញចូលដោយផ្តោតអារម្មណ៍ទៅលើការដកដង្ហើម។ទន្ទឹមនឹងនោះវាក៏បានជួយហាត់លត់ដំចិត្ត និងអារម្មណ៍ដែលច្របូកច្របល់ឱ្យទម្លាប់មកផ្តោតលើរឿងតែមួយ។ ដូច្នេះចំណុចពិសេស៤ត្រូវលើកឡើងពីគុណសម្បត្តិនៃសមាធិដែលជួយជាប្រយោជន៍ច្រើនក្នុងការផ្តោតអារម្មណ៍៖

. សមាធិជួយកាត់អារម្មណ៍ច្របូកច្របល់

ដោយសារសមាធិជាលំហាត់ផ្តោតលើដង្ហើមដូច្នេះវានាំចិត្ត ឬអារម្មណ៍របស់អ្នកឱ្យមកផ្តោតតែលើដង្ហើមមួយគ្មានអារម្មណ៍ច្របូកច្របល់ គ្មានការគិតច្រើន ដោយសមាធិបានហាត់ពត់ចិត្តឱ្យនៅនឹងលើដង្ហើមតែមួយ។ ដូច្នេះ ពេលវេលាផ្សេងៗទៀតអ្នកអាចបញ្ជាអារម្មណ៍អ្នកស្មឹងស្មាធ៍ឱ្យផ្តោតលើរឿងតែមួយបាន បើអ្នកអាចហ្វឹកហាត់វា។

. សមាធិជួយអ្នកបំភ្លេចចោលរឿងមិនល្អ

នៅអតីតកាលអ្នកអាចជួបទាំងរឿងល្អនិងរឿងមិនល្អខ្លះ ដូច្នេះការរៀនសមាធិ គឺបានជួយឱ្យចិត្តអ្នកស្ងប់ អ្នកមានសន្តិភាពជាអតីតកាលដែលមានន័យថារឿងនោះបានកន្លងហួសរួចទៅហើយ ហើយអ្វីដែលអ្នកកំពុងផ្តោតគឺពេលឥលូវនេះ ពេលបច្ចុប្បន្ននេះដែលអ្នកកំពុងព្យាយាមធ្វើឱ្យចិត្តអារម្មណ៍ស្ងប់ល្អ។

. សមាធិបញ្ជៀសអ្នកពីបញ្ហាសុខភាពផ្សេងៗ

សមាធិមិនត្រឹមជួយអារម្មណ៍អ្នកឱ្យផ្តោតលើអ្វីមួយបានល្អនោះទេថែមទាំងជួយអ្នកឱ្យចៀសឆ្ងាយពីបញ្ហាសុខភាពមួយចំនួនផង។ បញ្ហាទាំងនោះសម្តៅទៅលើការគិតច្រើន អារម្មណ៍រវើរវាយផ្សេងៗ ភាពអន្ទះអន្ទែង…។

. សមាធិជួយអារម្មណ៍អ្នកស្រស់ថ្លាមុនសម្រេចចិត្តអ្វីមួយ

ក្រោយអនុវត្តសមាធិអារម្មណ៍ស្រស់ស្រាយនឹងកើតមាន ហើយការសម្រេចចិត្តទៅលើរឿងផ្សេងៗ អ្នកនឹងអាចស្មឹងស្មាធ៍ពិនិត្យបានយ៉ាងហ្មត់ចត់ល្អហើយភាគរយច្រើនការសម្រេចចិត្តរបស់អ្នកធ្វើសមាធិគឺសម្រេចចិត្តត្រូវច្រើន។ ដូចនេះការធ្វើសមាធិគឺមានប្រយោជន៍រួមចំណែកច្រើនក្នុងការជួយដល់សុខមាលភាពផ្លូវចិត្តអារម្មណ៍ និងទំនាក់ទំនងសុខភាពផ្សេងៗបានល្អប្រសើរ ដែលការអនុវត្តលំហាត់សមាធិនេះគឺអ្នកអាចធ្វើបាន៕