ការបង្កើតថ្មី ជាផ្នែកយ៉ាងសំខាន់នៃជីវិតមនុស្សលើពិភពលោក ព្រោះបើគ្មានការច្នៃប្រឌិតបង្កើតសម្មិទ្ធិផលថ្មីៗទេ យើងមិនអាចរស់នៅងាយស្រួល និងមានសេចក្តីសុខដូចបច្ចុប្បន្ននោះទេ។ ហេតុនេះហើយ ទើបមនុស្សជាច្រើនព្យាយាមគ្រប់បែបយ៉ាង ដើម្បីបង្កើតគំនិតច្នៃប្រឌិតនានាឡើងពីបញ្ហាជុំវិញការរស់នៅ ខណៈអ្នកខ្លះទៀតយល់ថាការបង្កើតថ្មី ចាំបាច់ត្រូវតែជាគំនិតដែលនៅឆ្ងាយពីខ្លួនហើយមិនហ៊ានចាប់ផ្តើមធ្វើ។
កញ្ញា ហេង សុវណ្ណមុនីនុត អ្នកជំនាញបច្ចេកវិទ្យានិងជាអ្នកដែលទទួលបានពានរង្វាន់ជាច្រើន លើគំនិតបង្កើតបច្ចេកវិទ្យាថ្មីៗ បានលើកឡើងថា គំនិតបង្កើតថ្មីឬនវានុវត្តន៍ (Innovation) ជាផ្នែកយ៉ាងសំខាន់សម្រាប់ជីវិតព្រោះបើមានគំនិតបង្កើតថ្មី ហើយអនុវត្តបានជោគជ័យ នោះមានន័យថាយើងបានបង្កើតសម្មិទ្ធិផលថ្មីមួយដើម្បីជួយដោះស្រាយបញ្ហាមនុស្ស។
តែទោះជាយ៉ាងនេះក្តី មានមនុស្សជាច្រើនមិនហ៊ានគិត បង្កើតសម្មិទ្ធិផលថ្មីៗនោះទេ ដោយសារពួកគេយល់ថាការបង្កើតសម្មិទ្ធិផលថ្មីនានា ត្រូវការការគិតធំហួសពីសមត្ថភាពរបស់គេឬត្រូវការស្រមើស្រមៃវែងឆ្ងាយជាដើម។
កញ្ញា ហេង សុវណ្ណមុនីនុត បាននិយាយថា៖«តាមពិតទៅ ការបង្កើតគំនិតច្នៃប្រឌិត មិនមែនជារឿងលំបាកពេកនោះទេ។ ឱ្យតែហ៊ានចាប់ផ្តើម យើងនឹងអាចធ្វើវាបាន ព្រោះវានៅជុំវិញខ្លួនយើងជារៀងរាល់ថ្ងៃ»។
អ្នកជំនាញបច្ចេកវិទ្យាខាងលើបានបញ្ជាក់ផងដែរថា កុំបារម្ភនិងគិតរូបភាពធំពេក ប្រសិនបើយើងចង់បង្កើតសម្មិទ្ធិផលឬផលិតផលថ្មី តាមរយៈគំនិតច្នៃប្រឌិត។ យើងអាចចាប់ផ្តើមពីតម្រូវការសាមញ្ញៗនៅជុំវិញខ្លួនយើងជាមុនសិន។ ជាធម្មតា ក្នុងការរស់នៅអ្នកណាក៏មានបញ្ហាដែរ ហេតុនេះយើងអាចយកបញ្ហាដែលយើងជួបប្រទះទាំងអស់នេះមកដោះស្រាយ តាមរយៈចំណេះជំនាញរបស់យើងក៏អាចច្នៃបង្កើតឧបករណ៍ល្អៗបានដែរ។ ជាឧទាហរណ៍នៅពេលក្រុមកញ្ញាឈ្នះពានរង្វាន់បច្ចេកវិទ្យានៅបរទេសដំបូង ក៏កើតចេញពីផលិតផលដែលដោះស្រាយបញ្ហាតូចៗនៅជុំវិញខ្លួនដែរ។
កញ្ញាបានរំឮកថា៖«ផលិផតផលដែលធ្វើឱ្យយើងឈ្នះពានរង្វាន់នៅពេលនោះ គឺកើតឡើងដោយសារតែយើងមើលឃើញថាស្រុកយើងក្តៅ ហើយកង្ហារដែលយើងប្រើសព្វថ្ងៃបក់បានតែ១៨០ដឺក្រេ។ ហេតុនេះយើងយកគំនិតនេះមកវិភាគថា ចុះបើយើងធ្វើឱ្យកង្ហារមួយវិលបាន៣៦០ដឺក្រេ នឹងក្លាយជាយ៉ាងម៉េចវិញ។ ពេលនោះយើងចាប់ផ្តើមសាកល្បងអនុវត្តផលិតវា។ ជាលទ្ធផល វាអាចដំណើរការ ហើយជួយមនុស្សបានច្រើន រួមទាំងសន្សំសំចៃថវិកាថែមទៀតផង»។
បន្ទាប់ពីកើតចេញផលិតផលគោលនេះហើយ កញ្ញាថា វាជាមូលដ្ឋានក្នុងការបន្ថែមបច្ចេកវិទ្យា ដូចជាការធ្វើឱ្យវាដើរដោយស្វ័យប្រវត្តិបង្កើតកម្មវិធីគ្រប់គ្រងតាមរយៈទូរស័ព្ទដៃ និងបន្ថែមបច្ចេកវិទ្យាល្អៗមួយចំនួនលើកង្ហារនោះ ក៏ក្លាយជាផលិផតផលថ្មីនិងមានភាពច្នៃប្រឌិតបានដែរ។ ហេតុនេះ ប្រសិនបើយើងចង់បង្កើតគំនិងច្នៃប្រឌិតយើងអាចចាប់ផ្តើមសាកល្បងពីរឿងជុំវិញខ្លួនយើងបាន៕