នៅរដូវទឹកឡើងឬជំនន់ទឹក ដោយសារគ្រោះធម្មជាតិមានព្យុះភ្លៀងនេះការប្រុងប្រយ័ត្នពិសេសទៅលើកុមារតូចៗមិនឱ្យទៅលេងក្បែរទឹកជាវិធានការគួរមានបន្ថែមពីនោះ ការស្វែងយល់ពីវិធានការសង្រ្គោះបន្ទាន់នៅពេលមានអ្នកលង់ទឹកគឺចំណែកមួយជួយបង្ការហានិភ័យផ្សេងៗចំពោះអ្នករងគ្រោះមុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ដែលមានបុគ្គលិកជំនាញសង្គ្រោះ។ ជាមួយបញ្ហានេះមន្ទីរពេទ្យកាល់ម៉ែតនៅរាជធានីភ្នំពេញក៏បានចេញផ្សាយនូវវិធីសង្គ្រោះបន្ទាន់សម្រាប់ស្វែងយល់ដូចខាងក្រោម៖
១. អាទិភាពដំបូងបំផុតនៅក្នុងការគ្រប់គ្រងជនរងគ្រោះដោយសារលង់ទឹកគឺការរក្សាសុវត្ថិភាព។ អ្នកជួយសង្គ្រោះគួរពិចារណាពីលទ្ធភាព ដែលអាចកើតមានគឺរបួសនៅឆ្អឹងខ្នងរបស់ជនរងគ្រោះដែលអាចទាក់ទង នឹងគ្រោះថ្នាក់នៃការលោតឬជ្រមុជទឹក ឬមិនដឹងមូលហេតុ។ គួរតែសែងយកជនរងគ្រោះចេញពីទឹក ដោយប្រើក្តារបន្ទះរឹងជាជំនួយ។
២. ដើម្បីជៀសវាងមានបញ្ហាធ្ងន់ធ្ងរពីការខ្វះអុកស៊ីសែនត្រូវបង្ហើបក្បាល ឱ្យផុតពីទឹកដើម្បីឱ្យគាត់អាចដកដង្ហើមបាន។ ទោះបីជាអ្នកលង់ទឹកមិនទាន់ត្រូវបានយកចេញពីផ្ទៃទឹកក៏ដោយ ក៏យើងត្រូវចាប់ផ្តើមបញ្ចូលខ្យល់សិប្បនិម្មិតដល់គាត់រហូតដល់បានបញ្ជូនគាត់មកដល់ច្រាំង។
៣. នៅលើដីគោកស្ងួតមិនត្រូវរមៀលគាត់ទេតែត្រូវដាក់គាត់ក្នុងដំណេកផ្អៀកសុវត្ថិភាព ទៅខាងឆ្វេងដើម្បីឱ្យទឹកកំអួតចេញពីផ្លូវដង្ហើមខាងលើនិងដាក់ក្បាលឱ្យទាបបន្តិច ចៀសវាងការហៀរទឹកច្រាលក្នុងសួតរបស់គាត់។
-ត្រូវបឺតសំអាតផ្លូវដង្ហើមឱ្យបានឆាប់រហ័ស និងចាប់ផ្តើមធ្វើការបញ្ចូលខ្យល់សិប្បនិម្មិតឡើងវិញរហូតដល់ដង្ហើមរបស់អ្នកលង់ទឹកដំណើរការជាធម្មតាឡើងវិញ។
៤. ប្រសិនបើជនរងគ្រោះគ្មានជីពចរទេការធ្វើចលនាបេះដូង និងសួតត្រូវចាប់ផ្តើមភ្លាមៗ។ ការធ្វើចលនាបេះដូងនិងសួតក្នុងពេលពីរបីនាទីដំបូងក្រោយពីការគាំងបេះដូង គឺជាការព្យាករណ៍មួយសំខាន់នៃការរស់រានមានជីវិតរបស់អ្នកលង់ទឹក។
-ប្រសិនបើការប៉ោងក្រពះប៉ះពាល់ដល់ការបញ្ចូលខ្យល់សិប្បនិម្មិត អ្នកសង្គ្រោះគួរតែដាក់ជនរងគ្រោះឱ្យដេកផ្អៀងទៅខាងឆ្វេង ហើយត្រូវបន្តចាត់វិធានការជួយសង្គ្រោះរហូតទាល់តែជនរងគ្រោះ ត្រូវបានដឹកដល់មន្ទីរពេទ្យដែលពួកគេអាចទទួលបានការសង្រ្គោះពីខាងមន្ទីរពេទ្យបានពេញលេញ។
ប្រភពខាងលើដដែលក៏បានបញ្ជាក់ចំណុចគួរកត់សម្គាល់មួយផងដែរ គឺនៅក្នុងការលង់ទឹកទឹកកម្រចូលសួតក្នុងបរិមាណច្រើនពីព្រោះ នៅពេលប៉ះនឹងវត្ថុរាវការកន្ត្រាក់បំពង់កកកើតឡើង ហើយការកន្ត្រាក់ទាំងនេះដែលបានបិទដង្ហើមពីមាត់និងច្រមុះរបស់ជនរងគ្រោះ៕