សំបុត្រអាពាហ៍ពិពាហ៍ ឬពលរដ្ឋខ្មែរយើងច្រើនស្គាល់ថា អេតាស៊ីវិល គឺសម្តៅទៅលើលិខិតមួយដែលបញ្ជាក់ថា សហព័ទ្ធទាំងពីរ(ប្តីនិងប្រពន្ធ)បានសុខចិត្តព្រមព្រៀងគ្នាជាឱឡារិកទទួលយកគ្នាធ្វើជាគូស្វាមីភរិយា ទៅតាមផ្លូវច្បាប់។ ដូចនេះសំបុត្រអាពាហ៍ពិពាហ៍ ជាលិខិតផ្លូវច្បាប់មួយដែលនឹងជាប្រយោជន៍ ទៅដល់គូស្វាមីភរិយា និងក្រុមគ្រួសាររបស់ពួកគេ។ ដោយផ្អែកតាមការសេចក្តីណែនាំរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានបង្ហាញថា សំបុត្រអាពាហ៍ពិពាហ៍នឹងនាំឱ្យមានប្រយោជន៍ដូចជា៖
១.ជាប្តីប្រពន្ធស្របតាមផ្លូវច្បាប់ ដែលមិនអាចរំលាយទៅវិញបានទៅតាមទំនើងចិត្តរបស់ខ្លួនឡើយ
២.ទ្រព្យសម្បត្តិរួមក្រោយអាពាហ៍ពិពាហ៍ត្រូវចែកស្មើគ្នានៅពេលលែងលះ
៣.កាន់តែមានសុភមង្គល និងជឿទុកចិត្តគ្នាពេលមានសំបុត្រអាពាហ៍ពិពាហ៍
៤.ទទួលមរតកស្របច្បាប់
៥.ចុះសំបុត្រកំណើត ឬបញ្ជាក់កំណើតកូន
៦.ធ្វើប្លង់ដី ឬផ្ទះ
៧.ធ្វើសៀវភៅស្នាក់នៅសៀវភៅគ្រួសារ
៨.ការពារប្រឆាំងនឹងទេ្វពន្ធភាព(ការពារប្រឆាំងនឹងការមានប្តីច្រើន ឬមានប្រពន្ធច្រើន)
៩.ជួយការពារទ្រព្យសម្បត្តិរួមរបស់ប្តីប្រពន្ធ
១០.ទទួលអាហារកិច្ចពេលឪពុកម្តាយលែងលះគ្នា
១១.គ្មានអំពើហិង្សាចំពោះកូន
១២.ការគាំទ្រដល់កូន
***សម្រាប់ឯកសារតម្រូវដើម្បីធ្វើសំបុត្រអាពាហ៍ពិពាហ៍
ពាក្យសុំរៀបអាពាហ៍ពិពាហ៍
លិខិតបញ្ជាក់ភាពនៅលីវ មេម៉ាយ ឬពោះម៉ាយ
សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើតរបស់សាមីខ្លួន
សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅរបស់សាមីខ្លួន
អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់សាមីខ្លួន (បើមាន)
***លក្ខខណ្ឌចាំបាច់
នារីជាប្រពន្ធត្រូវមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ
បុរសជាប្តីត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ
ត្រូវមានឪពុកម្តាយ ទាំងសងខាង ជាសាក្សី
សម្រាប់ការធ្វើសំបុត្រអាពាហ៍ពិពាហ៍ គឺប្តីប្រពន្ធត្រូវទៅសាលាឃុំ/សង្កាត់ ហើយត្រូវមានសាក្សីពីរនាក់ដើម្បីមើល និងជាសាក្សីបញ្ជាក់ថាគូស្វាមីភរិយាពិតជាបានធ្វើសំបុត្រអាពាហ៍ពិពាហ៍ពិតប្រាកដមែន៕