ធ្លាប់សម្គាល់មើលទេ? គ្នាយើងមានអ្នកខ្លះគេងដោយស្ងប់ស្ងៀម តែអ្នកខ្លះទៀតគេងស្រមុកឮសូរពេញបន្ទប់។ តែហេតុអ្វីបានជាដូចនោះ? ដោយផ្អែកតាមការស្រាវជ្រាវបានបង្ហាញថា ការគេងស្រមុកគឺមានជាប់ពាក់ព័ន្ធនឹងបញ្ហាសុខភាពមួយចំនួន។
ក្រុមនៃអ្នកស្រាវជ្រាវមកពីមន្ទីរពេទ្យ Henry Ford Detroit រដ្ឋ Michigan សហរដ្ឋអាមេរិក បានសិក្សាទៅលើមូលហេតុនៃការគេងស្រមុក ហើយបានបង្ហាញថា វាជាប់ទាក់ទងនឹងសម្ពាធសរសៃឈាមបេះដូង។ ពួកគេបានពិនិត្យទៅលើទិន្នន័យរបស់ជំងឺចំនួន ៩១៣នាក់ ដែលមានអាយុចាប់ពី១៨ ដល់៥០ឆ្នាំ ហើយបានតាមដានលើប្រព័ន្ធសរសៃឈាមពួកគេ ដោយប្រើបច្ចេកវិទ្យា Ultrasound។
ជាលទ្ធផលពីការសិក្សា បានបង្ហាញថាអ្នកដែលគេងស្រមុកមានកម្រិតនៃសរសៃឈាមតូចចង្អៀត ជាងអ្នកគេងមិនស្រមុក។ ហើយនេះជាហេតុបណ្តាលឱ្យ មានដំណើរឈាមទៅកាន់ខួរក្បាលមិនល្អ ហើយមានបញ្ហាស្ទះដង្ហើមពេលគេង។ ដូចនេះ វាជាសញ្ញាគួរប្រុងប្រយ័ត្នមួយដែលភាគច្រើន កើតមានលើអ្នកធាត់ដុះពោះ អ្នកជក់បារីអ្នកមានជំងឺទឹកនោមផ្អែម អ្នកមានសម្ពាធឈាម និងកូឡេស្តេរ៉ូលខ្ពស់។
ដោយឡែកផ្អែកតាមលទ្ធផលសិក្សាជាច្រើនទៀត ក៏បានបង្ហាញថា មានករណីខ្លះការគេងស្រមុកក៏បណ្តាលមកពីកត្តាអាយុច្រើនដែលធ្វើឱ្យសាច់ដុំបំពង់ករួមតូច ធ្វើឱ្យការគេងស្រមុក និងលាន់សូរឮៗ។ បញ្ហាមួយទៀត គឺទម្លាប់នៃការគេងរាបស្មើ (ពុំមានកើយខ្នើយ) ជាមូលហេតុធ្វើឱ្យបំពង់ខ្យល់ដកដង្ហើមពិបាកនិងស្ទះដង្ហើម ធ្វើឱ្យគេងស្រមុកឮៗ។
យ៉ាងណាមិញ ដើម្បីជាការបង្ការហានិភ័យមួយចំនួនទាក់ទងនឹងបញ្ហាសុខភាព ដូចជាការគេងស្រមុកនេះ លោកបណ្ឌិតអាមេរិកាំង Michael J. Breus អ្នកជំនាញនិងប្រឹក្សាផ្នែកសុខភាពដំណេក ព្រមទាំងជាគ្រូពេទ្យព្យាបាលជំងឺតាមចិត្តវិទ្យា បានណែនាំជាគន្លឹះដូចខាងក្រោមនេះ៖
១.រក្សាទម្ងន់ខ្លួនកុំឱ្យធាត់ហួស៖
គេងស្រមុកអាចកើតឡើងដោយសារធាត់ពេកដូចនេះការរក្សាទម្ងន់កុំឱ្យធាត់ហួស គឺជាការប្រសើរ។ការរក្សាទម្ងន់នោះគឺធ្វើតាមរបបអាហារត្រឹមត្រូវហាត់ប្រាណទៀងទាត់ជាដើម។
២. កាត់បន្ថយការញ៉ាំគ្រឿងស្រវឹង៖
ស្រា ឬគ្រឿងស្រវឹងផ្សេងៗគឺទាក់ទងនឹងបញ្ហាសាច់ដុំផ្នែកបំពង់កនិងបញ្ហាដង្ហើមស្រមុកកើតមានឡើង។ដូចនេះការកាត់បន្ថយការញ៉ាំជាតិស្រវឹង ពិសេសនៅមុនពេលចូលគេងបីម៉ោងអាចជួយកាត់បន្ថយហានិភ័យខាងលើ។
៣. កុំជក់បារី
ជក់បារីបណ្តាលឱ្យប៉ះពាល់ផ្លូវដង្ហើមនិងបង្កើនហានិភ័យនៃការគេងស្រមុក។ កាត់បន្ថយការជក់បារីនឹងធ្វើឱ្យការទទួលទានដំណេកបានប្រសើរជាងមុន និងបន្ថយការគេងស្រមុក។
៤. ពិគ្រោះជាមួយគ្រូពេទ្យ៖
ជួបជាមួយគ្រូពេទ្យ ជារឿងសំខាន់មួយនិងកាន់តែច្បាស់អំពីស្ថានភាពសុខភាពរបស់អ្នកនៅពេលអ្នកដឹងថាមានទម្លាប់គេងស្រមុក។ តាមរយៈការពិគ្រោះជាមួយគ្រូពេទ្យអ្នកអាចទទួលបានដំបូន្មានល្អៗ អំពីអាការៈរបស់អ្នក៕