ជំងឺបេះដូងប្រហោងពីកំណើត ជាជំងឺដែលសំបូរជាងគេនិងជាជំងឺធ្ងន់ធ្ងរជាងជំងឺពីកំណើតផ្សេងៗទៀត។ នេះបើតាមប្រសាសន៍លោកវេជ្ជបណ្ឌិត គ្រួច ឧត្តម អ្នកឯកទេសរោគបេះដូងកុមារ នៃមន្ទីរពេទ្យគន្ធបុប្ផា។

លោកជម្រាបផងដែរថា ជំងឺនេះ៨៥ភាគរយមិនអាចកំណត់មូលហេតុច្បាស់នោះទេ ខណៈដែល១៥ភាគរយប៉ុណ្ណោះដែលបណ្តាលមកពីម្តាយក្នុងអំឡុងពេលមានផ្ទៃពោះនិងមកពីអាការៈផ្សេងៗដូចជា៖

. ម្តាយមានជំងឺស្អូចពេលផ្ទៃពោះត្រីមាសដំបូងអាចបង្ករឲ្យកូនមានជំងឺបេះដូងប្រហោង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ 

​​២. ការបរិភោគថ្នាំមួយចំនួនពេលមានផ្ទៃពោះ ក៏អាចបង្ករឲ្យកូនកើតជំងឺនេះផងដែរដូចជាការប្រើប្រាស់ថ្នាំការពារប្រកាច់ជាដើម

៣.ការប្រើប្រាស់គ្រឿងញៀន

៤.ការបរិភោគគ្រឿងស្រវឹងច្រើនក្នុងកំឡុងពេលមានផ្ទៃពោះ

៥.ប្រសិនបើម្តាយមានជំងឺទឹកនោមផ្អែម កូនកើតមកក៏មានហានិភ័យខ្ពស់ក្នុងការមានជំងឺបេះដូងប្រហោងនេះផងដែរ

.​ប្រសិនបើម្តាយមានជំងឺបេះដូងប្រហោង កូនកើតមកមានអត្រាកើតជំងឺបេះដូងប្រហោង​១៥ភាគរយ ខ្ពស់ជាងមនុស្សទូទៅដែលមានតែ១ភាគរយប៉ុណ្ណោះ។

លោកបញ្ជាក់ថា៖ « ជំងឺនេះមែនទែន គឺជំងឺមួយដែលធ្ងន់ធ្ងរក្នុងចំណោមជំងឺពីកំណើតផ្សេងៗទៀត ហើយក្មេងដែលកើតនូវជំងឺនេះភាគច្រើន ត្រូវទទួលការព្យាបាលដោយការវះកាត់ ឬក៏អន្តារគមន៍ពីវេជ្ជសាស្រ្តផ្សេងៗទៀត »

លោកបន្តថា ជំងឺបេះដូងប្រហោងនេះ មានពីប្រភេទគឺបេះដូងប្រហោងបែបសាមញ្ញ និងបេះដូងប្រហោងបែបស្មុគស្មាញ។ ចំពោះបេះដូងប្រហោងបែបសាមញ្ញ ប្រសិនបើទំហំរបស់វាតូចជាង៨មីលីម៉ែត្រ អត្រានៃការបិទមានកំរិតខ្ពស់ ប៉ុន្តែប្រសិនបើបេះដូងប្រហោងនៅថតខាងក្រោមបែមប្រភេទស្មគស្មាញមិនអាចកំណត់ជាក់លាក់នោះទេ។

លោកបន្ថែមថា៖ « ប្រសិនបើទំហំរបស់វាតូចជាង៨មីលីម៉ែត្រ អត្រានៃការបិទរបស់វាស្ទើរតែ ១០០ភាគរយនៅអាយុ២ឆ្នាំកន្លះតែប្រសិនបេះដូងប្រហោងថតខាងក្រោម មានទីតាំខ្លះអាចបិទបាននិងទីតាំងខ្លះទៀតមិនអាចបិទបានទេ​ »។

លោកសំណូមពរឲ្យប្រជាពលរដ្ឋ ដែលមានកូនចៅឬបងប្អូនណាដែលមានជំងឺបេះដូង ដើម្បីមកពិគ្រោះជាមួយគ្រូពេទ្យឯកទេសនិងពិនិត្យថាជំងឺប្រភេទនឹងអាចបិទជិតឬទេ។

លោកសំណូមពរថា៖ « សំណូមពរខ្ញុំឲ្យនៅពេលអ្នកដែលមានបងប្អូនឬក៏កូនដែលមានបញ្ហាជំងឺបេះដូងប្រហោងនឹងអញ្ជើញមកជួបគ្រូពេទ្យឯកទេសបេះដូង ដើម្បីវាយតម្លៃថា តើជំងឺប្រភេទនឹងអាចបិទជិត ឬមិនជិត »

លោកជម្រាបទៀតថា​ នៅមន្ទីរពេទ្យគុន្ធបុប្ផាភ្នំពេញបានចាប់ផ្តើមវះកាត់ជំងឺបេះដូងកុមារ នៅថ្ងៃទី១៦ សីហា២០១៩ ហើយទទួលវះកាត់បានចំនួន ៣៩០ករណី ដែលក្នុងនោះបេះដូងប្រហោងសាមញ្ញមានប្រមាណ២១២ករណី ដែលជោគជ័យប្រមាណជាង៩០ភាគរយ និងបច្ចុប្បន្នមានអ្នកជំងឺដែលរង់ចាំការវះកាត់ប្រមាណជា ៦០០ករណី៕

ប្រភព៖ មូលនិធិគន្ធបុប្ផាកម្ពុជា