មានគូស្នេហ៍ជាច្រើន បានចូលរួមចែករំលែកពីបទពិសោធន៍របស់ខ្លួន ដែលអាចធ្វើស្នេហារបស់ពួកគេបានគង់វង្ស។ ហើយមិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យអ្នកដែលស្រឡាញ់គ្នាកាន់តែយូរ កាន់តែមានអារម្មណ៍ថាកក់ក្ដៅ មានក្ដីសុខលើសពីពេលផ្ដើមស្នេហ៍ ដំបូងទៅទៀត ប្រសិនបើអ្នកអាចធ្វើរឿងទាំងនេះចំពោះដៃគូ។
១.ពេលវេលា៖ ការឱ្យពេលវេលាទៅគ្នា ពិតជាមានសារៈសំខាន់ណាស់ សម្រាប់រឹតចំណងស្នេហ៍របស់អ្នកឱ្យរឹងមាំ។ អ្វីដែលសំខាន់នោះគឺការបង្កើតភាពស្និតស្នាល ចងទៅជាអនុស្សាវរីយ៍មួយ ដែលធ្វើឱ្យអ្នកទាំងពីរគិតដល់ហើយក៏ញញឹម។
២.រំឮកអនុស្សាវរីយ៍ផ្ដើមស្នេហ៍៖ ការរំឮករឿងចាស់ៗ គឺជារឿងរ៉ាវផ្សេង ដែលបណ្ដាលឱ្យអ្នកទាំងពីរចាប់ផ្ដើម ផ្ដើមមានស្នេហាជាមួយគ្នា វាពិតជារឿងដែលរំភើប ហើយធ្វើឱ្យស្នេហារបស់អ្នកមានអារម្មណ៍ដូចទើបស្គាល់គ្នាដំបូងៗ។
៣.ការសួរសុខទុក្ខ៖ ប្រហែលជាចំណុចមួយនេះមានភាពសាមញ្ញពេក ក៏ប៉ុន្តែវាអាចធ្វើឱ្យអ្នកដែលទទួលបានការយកចិត្តទុកដាក់ បារម្ភ មានភាពសប្បាយរីករាយ។ ជាពិសេសអ្នកអាចសម្គាល់ខ្លួនឯងបាន បើអ្នកបានទទួលសារមកបែបបារម្ភសួរនាំសុខទុក្ខទាំងព្រឹកនោះអ្នកប្រាកដជាមានកម្លាំងពេញមួយថ្ងៃជាក់ជាមិនខានឡើយ។
៤.ការកម្សាន្ត៖ ការកម្សាន្ត ឬការជួបជុំលក្ខណៈជាក្រុមធ្វើឱ្យអ្នកទាំងពីរ កាន់តែស្និទ្ធស្នាលជាមួយគ្នា មិនមានភាពដដែលៗ ដោយទៅណាតែពីរនាក់ មិនមានអ្វីប្លែកសោះ។
៥.ស្វែងយល់ចិត្តគ្នា៖ កុំគិតថាស្រឡាញ់គ្នាយូរហើយ មិនចាំបាច់យកចិត្តទុកដាក់លើអារម្មណ៍ម្ខាងទៀតឱ្យសោះ ពីព្រោះថាចិត្តមនុស្សក្នុងពេលវេលាផ្សេងគ្នា មិនអាចដូចពីមុនគ្រប់រឿងឡើយ ដូច្នេះហើយត្រូវសម្របខ្លួនជាមួយគ្នាឱ្យបាន។
ចំណុចទាំង៥ ខាងលើនេះហើយអាចធ្វើឱ្យស្នេហារបស់អ្នក កាន់តែស្រឡាញ់គ្នាយូរកាន់តែកក់ក្ដៅ មិនណាយចិត្តពីគ្នា ហើយថែមទាំងស្រឡាញ់កាន់តែខ្លាំងឡើងៗទៀតផង។ ម្យ៉ាងវិញទៀតគឺត្រូវតែបំពេញតួនាទីឱ្យល្អ ដើម្បីឱ្យស្នេហារលូនទៅមុខ៕