មួយរយៈពេលចុងក្រោយនេះ យើងឃើញថាបច្ចេកវិទ្យាកាន់តែទំនើប មនុស្សកាន់តែងាយស្រួល និងមិនសូវចេះក្រែងចិត្តគ្នា។ ស្ទើរគ្រប់តំបន់មិនថាស្ថិតក្នុងគម្រោងបុរី ផ្ទះល្វែង តំបន់កណ្តាលក្រុង ឬតំបន់ជនបទនោះទេ ឱ្យតែមានការជួបជុំប្រាកដជាមានសំឡេងខារ៉ាអូខេរំខានជាក់ជាមិនខាន។
បញ្ហានេះកើតឡើងដោយសារតែបច្ចុប្បន្ននេះ ឧបករណ៍បំពងសំឡេង និងឧបករណ៍ភ្ជាប់ខារ៉ាអូខេ មានតម្លៃធូរថ្លៃ ហើយមានទំហំតូចងាយដាក់តាមខ្លួន ដែលធ្វើឱ្យមនុស្សច្រើនឡើងៗអាចច្រៀងលេងបានដោយគ្រាន់តែភ្ជាប់ទូរស័ព្ទដៃដ៏តូចមួយប៉ុណ្ណោះ។ បន្ថែមពីលើភាពងាយស្រួលនេះ ដោយសារតែទម្លាប់ទទួលទានគ្រឿងស្រវឹង និងមិនសូវខ្វល់ពីអ្នកជិតខាងផងនោះ ទើបធ្វើឱ្យក្រុមតារាចម្រៀងគ្មានអ្នកជួលទាំងនោះ ខំបញ្ចេញសំឡេងយ៉ាងកងរំពង រាល់ពេលជួបជុំកម្សាន្តសប្បាយម្តងៗ។
លោក ពិសិដ្ឋ ប្រជាពលរដ្ឋរស់នៅក្នុងបុរីមួយកន្លែងនៅក្រុងភ្នំពេញ បានបញ្ជាក់ថាលោកទិញផ្ទះក្នុងបុរីឆ្ងាយពីក្រុង ដើម្បីរស់នៅឱ្យបានស្ងប់ស្ងាត់ តែជាក់ស្តែងអ្វីដែលលោកខកចិត្ត គឺអ្នកជិតខាងជាច្រើន បានបង្កសំឡេងរំខានជារៀងរាល់សប្តាហ៍តាមរយៈការច្រៀងខារ៉ាអូខេ និងស្រែកហ៊ោកញ្ច្រៀវពេលផឹកស៊ីជួបជុំមិត្តភក្តិ។ ដំបូងឡើយលោកគិតថា ប្រហែលជាមនុស្សក្នុងបុរីទើបតែចូលមកនៅថ្មីៗ គឺប្រាកដជាជួបជុំគ្នាខ្លះ ឬឮសំឡេងតន្រ្តីឡើងផ្ទះញឺកញាប់ជារឿងធម្មតា តែក្រោយពេលសង្កេតបានយូរបន្តិចឃើញថា អ្នកបង្កសំឡេងរំខាននោះ គឺជាគ្រួសារដដែលៗ ដែលមិនសូវយកចិត្តទុកដាក់ ពីការរំខានដល់អ្នកជិតខាង។
លោកថា បញ្ហានេះបង្កផលប៉ះពាល់ខ្លាំងណាស់ដល់ការរស់នៅ ព្រោះបន្ទាប់ពីរវល់នៅកន្លែងធ្វើការងារពេញ 1ថ្ងៃ មនុស្សត្រូវការសម្រាកឱ្យបានស្រួល តែក្រោយពេលមកដល់ផ្ទះ ឮសំឡេងរំខាន ភាពមួម៉ៅ និងអារម្មណ៍មិនល្អ ក៏ចាប់ផ្តើមធ្វើឱ្យយើងកាន់តែមានអារម្មណ៍នឿយហត់។ បន្ថែមពីលើនេះ សម្រាប់អ្នករវល់ខ្លាំង ដែលត្រូវយកការងារទៅបង្ហើយនៅផ្ទះ ទំនងជាមិនអាចធ្វើបាននោះទេ ព្រោះជាក់ស្តែងសម្រាប់លោក គឺត្រូវចំណាយលុយទៅហាងកាហ្វេ ដើម្បីស្វែងរកកន្លែងស្ងប់ស្ងាត់សម្រាប់បង្ហើយការងារ។
លោក ពិសិដ្ឋ និយាយថា៖ «ការបង្កសំឡេងរំខាននេះ បានកើតឡើងក្នុងតំបន់ជាច្រើននៅក្នុងទីក្រុងនាពេលបច្ចុប្បន្ននេះ ព្រោះមិត្តភក្តិរបស់ខ្ញុំ និងមនុស្សជាច្រើនផ្សេងទៀតសុទ្ធ តែរអ៊ូរទាំដូចៗគ្នាថា គាត់រស់នៅមិនបានសុខ ដោយសារតែធុញទ្រាន់នឹងការរំខានពីអ្នកផឹកស៊ីជិតផ្ទះ។ រឿងដែលគួរឱ្យធុញទ្រាន់ខ្លាំងជាងគេបំផុតនោះគឺ ថ្ងៃចុងសប្តាហ៍ ដែលគួរតែជាថ្ងៃសម្រាកយ៉ាងល្អជាមួយគ្រួសារ ឬគិតគូរការងារសំខាន់ តែបែរជាត្រូវរំខានកាន់តែខ្លាំងទៅវិញ»។
លោកបញ្ជាក់ផងដែរថា ពេលខ្លះនៅពេលគិតដល់រឿងរំខាននេះម្តងៗ ចេះតែមានអារម្មណ៍មិនល្អព្រោះអ្វីដែលគួរឱ្យសង្វេគសម្រាប់ខ្លួនឯង គឺមានផ្ទះហើយ បែរជានៅមិនសុខ។ ពេលមានការរវល់ម្តងៗ ត្រូវចេញពីផ្ទះ គេចពីសំឡេងរំខាននោះទៅវិញ។
លោក សុធា អ្នកធ្វើការងារក្រុមហ៊ុនឯកជនមួយបានប្រាប់ថា ដោយសារតែបច្ចុប្បន្ននេះ ឧបករណ៍បំពងសំឡេងកាន់តែទំនើប អាចភ្ជាប់ជាមួយទូរស័ព្ទដៃបាន និងមានតម្លៃធូរថ្លៃផងនោះ មនុស្សកាន់តែច្រើនឡើងមានលទ្ធភាពទិញប្រើប្រាស់។
ហេតុនេះហើយទើបជានិច្ចកាល នៅពេលលោកបើកបរតាមដងផ្លូវ ឬទៅលេងផ្ទះមិត្តភក្តិរបស់លោកនៅថ្ងៃសម្រាក ភាគច្រើន គឺឃើញគេជួបជុំគ្នា ផឹកគ្រឿងស្រវឹងដាក់ធុងបាស់មុខផ្ទះច្រៀងយ៉ាងកងរំពង។ មានតំបន់ខ្លះ មិនថាថ្ងៃសីល ថ្ងៃឈប់សម្រាក បុណ្យជាតិ ឬថ្ងៃធម្មតានោះទេ ពួកគេតែងតែជួបជុំគ្នារៀបចំកម្មវិធីដោយប្រើប្រាស់ធុងបាស់រំខាននៅមុខផ្ទះតែម្តង។
ប្រសិនបើយើងរស់នៅក្នុងតំបន់ ដែលមានអ្នកជិតខាងមិនចេះក្រែងចិត្តបែបនេះ ច្បាស់ណាស់ថា យើងនឹងជួបការលំបាក ព្រោះមែនទែនទៅ កម្ពុជាមានច្បាប់ហាមឃាត់ ឬមានអាជ្ញាធរគ្រប់គ្រងដែរ តែយើងម្នាក់ៗ មិនមែនចេះតែប្តឹងនោះទេ ព្រោះបើមានការប្តឹងផ្តល់អាចនឹងមើលមុខគ្នាមិនត្រង់ឬអាចមានបញ្ហាយូរអង្វែងជាមួយគ្នាទៀតផង។
លោក សុធា បានលើកឡើងថា អាជ្ញាធរគួរចាត់វិធានការអប់រំ ឬរឹតបន្តឹងបញ្ហាបង្កការរំខាន ដោយធុងបាស់នេះ ឱ្យដូចជាជាការរឹតបន្តឹងច្បាប់ចរាចរណ៍ដែរ ដើម្បីព្យាបាលបញ្ហាសង្គមមួយនេះ ឱ្យបានទាន់ពេលវេលា។ បើបញ្ហារំខានមួយនេះមិនត្រូវបានយកចិត្តទុកដាក់ទេនោះយើងនឹងខាតបង់ច្រើនណាស់សម្រាប់ការរស់នៅ។ ភាពអនាធិបតេយ្យ នឹងរីករាលដាលកាន់តែលឿន តាមរយៈគំរូអាក្រក់ដល់កុមារ ដែលរីកលូតលាស់យ៉ាងឆាប់រហ័ស៕