កាហ្វេគ្រួសារ ជាយីហោក្នុងស្រុកស្ថិតក្នុងក្រុងបាត់ដំបង ដែលដំណើរការដោយប្រើប្រាស់គ្រាប់កាហ្វេលីងដោយខ្លួនឯង ពិសេសជាមួយគំនិតច្នៃប្រឌិតនូវប្រភេទភេសជ្ជៈផ្ទាល់ខ្លួន ដែលមានការគាំទ្រពីអ្នកក្នុងតំបន់ជាច្រើន មិនថាបរទេស បានមកសាកភ្លក្សរស់ជាតិប្លែកនៃកាហ្វេលីងដោយស្នាដៃកូនខ្មែរនេះ។ ខាងក្រោមនេះជា សំនួរចំលើយផ្ទាល់មាត់ជាមួយ ម្ចាស់យីហោ កាហ្វេគ្រួសារ ដែលលោកមានឈ្នោះថា សាំង ឡេង ជានិស្សិតផ្នែក គីមីចំណីអាហារ នៅសាកលវិទ្យាល័យ បាត់ដំបងក្នុងទីរួមខេត្តបាត់ដំបង។
១-តើលោកអាចប្រាប់បានទេ ពីការបើកគំនិតរៀបចំហាងកាហ្វេដោយចំណាយទុន លើការលីងកាហ្វេក៏ដូចជាស្រាវជ្រាវរស់ជាតិកាហ្វេដោយខ្លួនឯង តើវាខុសប្លែកអ្វីពីផលិតស្រាប់ឬមានទស្សនៈបែបណាលើការបង្កើតថ្មីរបស់ខ្លួននេះ?
លោក សាំង ឡេង៖ តាមការពិតទៅខ្ញុំជាអ្នកស្រលាញ់និងចូលចិត្តញុំាកាហ្វេ គឺចូលចិត្តខ្លាំង ខ្វះកាហ្វេមិនបានទេ!ខ្ញុំក៏សម្រេចចិត្តបើកហាងកាហ្វេទាំងគ្មានជំនាញ, រៀនខ្លួនឯងដោយគ្មានគ្រូ តាម Youtubeផង និងតាមការរៀនសាកញុំាកាហ្វេគ្រប់កន្លែងនិងតំបន់ ទាំងកាហ្វេក្នុងស្រុកនិងក្រៅស្រុក (ប្រទេសថៃ) រហូតសម្រេចចិត្តទិញម៉ាស៊ីនកាហ្វេតូច (1group espresso machine) ពីប្រទេសថៃ កាលពីពាក់កណ្តាលឆ្នាំ 2016។
ខ្ញុំក៏បានបើកអាជីវកម្មកាហ្វេ ជាមួយស្រាក្រឡុងចូលគ្នា នៅផ្ទះខ្ញុំផ្ទាល់ និយាយទៅគួរសមដែរពេលនោះ។ យើងបើកនៅថ្ងៃទី 31-12-2016 ដោយដាក់ឈ្មោះថា (Family Coffee Cambodia ហៅកាត់ថាFCC) , ដំណើរការគួរសមដែរ, តែដោយគ្មានបទពិសោធនិងជំនាញគ្រប់គ្រងល្អ ណាមួយបូករួមនិងកត្តាគ្រួសារផង ក៏បរាជ័យបិទទាំងស្តាយនៅពាក់កណ្តាលឆ្នាំ 2016 ដដែលវិញ។ ហើយខ្ញុំក៏ចាប់ផ្តើមម្តងទៀតពីចំនុចសូន្យវិញ ដោយលក់តាមតូបកាហ្វេតូចមួយ តាមដងផ្លូវនិងព្យាយាមរៀនលីងកាហ្វេខ្លួនឯង។
ខ្ញុំមើលឃើញថា អាជីវកម្មកាហ្វេ បើយើងបើកធម្មតាទិញកាហ្វេស្រាប់មកប្រើក៏បានដែរ តែខ្ញុំចង់បានអ្វីដែលជារបស់ផ្ទាល់ខ្លួននិងជាជំនាញខ្ញុំផ្ទាល់,ណាមួយខ្ញុំចង់បង្កើតប្រេនក្នុងស្រុក ដែលមានកាហ្វេរបស់ជាតិខ្លួនឯងផងដែរ។
២-តើបច្ចុប្បន្នភាពអាជីវកម្មកាហ្វេលីងខ្លួនឯង ទទួលបានការគាំទ្រខ្លាំងឬទេ?
លោក សាំង ឡេង៖ ការផលិតកាហ្វេលីងដោយខ្លួនឯងនេះ វាមិនងាយទេ,តម្រូវរើសយកកាហ្វេដែលល្អ និងគ្រាប់កាហ្វេដែលសមទៅនិងអតិថិជន។ យើងដឹងហើយថា អតិថិជននិយម ប្រេនល្បីៗ និងប្រេនកាហ្វេក្រៅស្រុកចូលមកច្រើន, ដូច្នេះ គ្រាប់កាហ្វេយើង និងកេរ្តិ៍ឈ្មោះហាងយើងតូច ពិតជាមិនងាយទាក់ចិត្តអតិថិជនទេ។ តែសំខាន់ យើងព្យាយាមតាមដំណើរ និងកាលៈទេសៈ ពង្រឹងសមត្ថភាព និងព្យាយាមរៀនបន្ថែមលើអាជីវកម្មមួយនេះ! សព្វថ្ងៃយើងទទួលបានការគាំទ្រគួរសម លើភ្ញៀវក្នុងស្រុក ដែលពួកគាត់ដឹងច្បាស់ពីប្រវត្តិហាងយើងខ្ញុំ ថាជាហាងកាហ្វេក្នុងតំបន់ដែលលីងកាហ្វេផ្ទាល់រស់ជាតិផ្ទាល់ មិនចាញ់ហាងប្រេនមួយចំនួនទេ,តែក៏នៅមានកំរឹតដែរ។ យើងបានការគាំទ្រពីជនបរទេសមួយចំនួនដែលពួកគាត់មកកំសាន្តនិងរស់នៅក្នុងខេត្តបាត់ដំបងយើងផ្ទាល់ តែងតែជាវ យកទៅពិសារក៏ដូចជាទិញផ្ញើបងប្អូនមិត្តភក្តិពួកគាត់ជាកាដូរផងដែរ។
៣-ការចាប់ផ្ដើមរបស់លោកក្នុងអាជីវកម្មមួយនេះ តើលោកមានបទពិសោធន៍លើអាជីវកម្មនេះ ឬបានផ្លាស់ប្ដូរអ្វីខ្លះក្នុងគំនិតបង្កើតអាជីវកម្មមួយនេះ?
លោក សាំង ឡេង៖ ក្នុងវិស័យអាជីវកម្មកាហ្វេនេះ បើចង់ច្បាស់ពីវា យើងត្រូវចំណាយពេលច្រើនណាស់ក្នុងការសិក្សាពីវា, គ្រាប់កាហ្វេ, និងឧបករណ៍មានច្រើន style ច្រើនម៉ូតណាស់។ ខ្ញុំបានចូលរួមពិព័រ ជាច្រើនលើកដែរនៅប្រទេសថៃ ដូចជា( Foods &Ingredient Asia 2017-2020) និងថ្មីៗ នេះពិព័រ កាហ្វេដូចគ្នា កាលពីខែមិនា 2020 នេះ! បទពិសោធន៍នៃការធ្វើកាហ្វេនេះ សម្រាប់ខ្ញុំគឺគួរសមដែរ តែខ្ញុំនៅរៀនបន្ថែមទៀត។
៤-អ្វីទៅជាគន្លឹះ ដែលលោកអាចចែករំលែកដល់អ្នកមិនមានគំនិតអាជីវកម្ម ឱ្យងាកមកបង្កើតឱកាសឱ្យខ្លួនឯងដោយរបៀបណា?
លោក សាំង ឡេង៖ និយាយរួមទៅគន្លឹះនៃការប្រកបអាជីវកម្មកាហ្វេនេះ គឺមិនពិបាកប្រាប់ទេ តែពិបាកធ្វើ, ព្រោះបើគ្រាន់តែចង់បង្កើតហាងកាហ្វេទេ វាងាយណាស់ ចំណាយទុនល្មមអោយអ្នកលក់ម៉ាស៊ីនបង្រៀងទៅចេះហើយ, តែបើចង់អោយវាស្ថិតទេ និងបង្កើតប្រេនខ្លួនឯង ក្នុងតំបន់ផ្ទាល់ វាត្រូវចាយពេលធនធានមនុស្សទៅអនុវត្តផ្ទាល់ ដោយក្តីស្រលាញ់, រៀនពីវាចេះញុំាកាហ្វេ យល់ពីកាហ្វេ និងឧបករណ៍ប្រើប្រាស់, រួមជាមួយនិងការអត់ធ្មត់ផងដែរ។របរនេះ ជារបរសមុទ្រក្រហម ចឹងវាពិបាកសាងបើយើងគ្មានដើមទុនច្រើន។
៥- តើលោកមានការលើកទឹកចិត្ត ឬជាការជំរុញអ្វីខ្លះដែលអាចផ្ដល់ជូនយុវជនជំនាន់ក្រោយ?
លោក សាំង ឡេង៖ ចំនុចលើការលើកទឹកចិត្តនេះសំខាន់ណាស់, គ្មាននរណាលើកទឹកចិត្តយើង ក្រៅពីខ្លួនឯងទេមានតែយើងទេ ដែលដឹងច្បាស់ពីខ្លួនឯង, រៀនសួរខ្លួនឯងគ្រប់ពេល,យើងចង់បានអី? យើងបង្កើតអាជីវកម្មមួយនេះដើម្បីអី? បើមានបញ្ហាកុំបាក់ទឹកចិត្តគិតហើយ គិតទៀត, គង់តែមានផ្លូវចេញទេ, ព្យាយាមរៀនបន្ថែមពីវាទៀត។ ខ្ញុំនៅចាំបានកាលពីខ្ញុំរៀន-ថ្នាក់ទី 7-8 ពូខ្ញុំគាត់ប្រាប់ខ្ញុំថា (អ្នកឆ្លាត គេរៀនតែម្តងទេគេចេះ គេធ្វើបាន,តែយើងល្ងង់ យើងរៀន10ដងទៅ យើងធ្វើវា10ទៅ គង់តែចេះដូចគេទេ) កុំតូចចិត្ត។ «បើទោះខ្ញុំមិនទាន់ជោគជ័យ តែខ្ញុំមិនចុះចាញ់ដែរ។»
៦- តើមានអ្វីខ្លះទៀត ដែលលោកគិតថាលោកមិនទាន់បានបកស្រាយ?
លោក សាំង ឡេង៖ ខ្ញុំគិតថាមិនថា តែអាជីវកម្មកាហ្វេទេ,អាជីវកម្មអ្វីក៏ដោយ សូមអតិថិជនកុំមើលស្រាល សូមជួយគាំទ្រ និងសាកល្បងនិងប្រើប្រាស់នូវផលិតផលក្នុងស្រុក។ ខ្មែរយើងក៏អាចផលិតបានដែរ, តែយើងមិនគាំទ្រ, ចឹងចូរបើកចិត្តកែតម្រូវគ្នាហើយផ្តល់ឱកាសដល់អ្នកបង្កើតថ្មី។ មាននិស្សិតជាច្រើន ទាំងកសិកម្ម និងកែច្នៃអាហារក្នុងប្រទេស តួយ៉ាងដូចជា សកលវិទ្យាល័យបាត់ដំបង ពួកគាត់ផលិតបានផលិតផលច្រើនណាស់។ ខ្ញុំក៏កំពុងបន្ត ផ្នែក កែច្នៃអាហារ ក្នុងសកលវិទ្យាល័យបាត់ដំបងផងដែរ, ដើម្បីបន្ថែមចំនេះដឹង និងជំនាញ់ផ្នែកអាហារនេះ, នឹងមានផលិតផលថ្មីៗជាច្រើន ដែលនឹងមានវត្តមានក្នុងហាងរបស់ខ្ញុំ។ ចុងក្រោយ ខ្ញុំសូមអរគុណសម្រាប់ការគាំទ្ររបស់អតិថិជនដែលគាំទ្រហាង Family Coffee Cambodia ក្នុងខេត្តបាត់ដំបងនេះអស់ពីចិត្ត៕