សម្រាប់អ្នកជាប់សែស្រឡាយចិន នឹងអាចធ្លាប់ឮពីឃ្លាឬប្រយោគខ្លីៗតែមានអត្ថន័យអប់រំជាបទពិសោធន៍ សាច់ញាតិ ឬដូនតាជាជនជាតិចិនធ្លាប់បានជួបកន្លងមក។ យ៉ាងណាមិញ បទពិសោធទាំងនោះបានបង្កប់តម្លៃអប់រំជាទូទៅដែលអ្នកមិនជាប់សែស្រឡាយចិនក៏អាចរៀន និងស្វែងយល់បាននូវបទពិសោធទាំងនោះដែលមានដូចជា៖
***ចង់សម្រេចការធំត្រូវចេះតស៊ូពុះពារគ្រប់ឧបសគ្គ។
***ពេលដើមឈើរលំស្វាបែបសំបុក៖ គឺពេលណាចៅហ្វាយធ្លាក់បុណ្យកូនចៅខ្ចាត់ខ្ចាយ។
***ខំជួយសេះងាប់ឱ្យរស់ឡើងវិញ៖ គឺធ្វើរឿងមិនសមទំនង។
***មើលដឹងទិសខ្យល់បំបែរចង្កូត៖ គឺធ្វើអ្វីឱ្យត្រូវតាមសភាពការណ៍និងកាលៈទេសៈ ឬមនុស្សឱកាសនិយម។
***ភាពមានបានមិនដែលបន្តជាប់គ្នាបីតំណ៖ គឺមនុស្សមិនមែនចេះតែមានវាសនាខ្ពស់តកូនតចៅជាប់ទៅរហូតនោះទេ។
***បើទៅមុខមិនរួចទេឱ្យប្តូរទិសដៅ។
***អាចម៍កណ្តុរតែមួយដុំខូចបបរអស់មួយឆ្នាំង៖ គឺរឿងអាក្រក់តូចមួយអាចធ្វើឱ្យខូតខាតរឿងល្អៗជាច្រើនបាន។
***ការប្រុងប្រយ័ត្នចំពោះអ្នកដទៃជារឿងមិនត្រូវខ្វះសោះឡើយ។
***ជិះលាដើររកសេះ៖ គឺអ្វីដែលអាចធ្វើបានជាប្រយោជន៍ធ្វើសិនទៅទម្រាំឱកាសធំដុំមកដល់សឹមស្រវាចាប់ដូចពាក្យខ្មែរថាជិះក្របីចំលងភក់។
***ព្រះសង្ឃបីព្រះអង្គគ្មានទឹកសម្រាប់ឆាន់៖ គឺពេលមានគ្នាច្រើនមនុស្សច្រើនមើលបំណាំប្រចាំគ្នាពីរឿងធ្វើការដូចពាក្យខ្មែរថាគ្នាដូចស្រមោច អន្សមឆៅ។
***មានចិត្តតែឥតកំលាំង៖ គឺបានត្រឹមតែគិតមិនអាចធ្វើអ្វីឱ្យសម្រេចបាន។
***ផ្កាភ្លើងតូចមួយអាចឱ្យក្លាយជាភ្លើងឆេះព្រៃបាន៖ កុំមើលស្រាលរឿងតូចតាចព្រោះវាអាចរាលដាលទៅជាវិបត្តិធំបាន។
***ដុំពេជ្រកាលបើមិនត្រូវមុខកាំបិតកាត់ច្នៃទេក៏មិនអាចក្លាយជាវត្ថុមានតំលៃដែរ៖ គឺមនុស្ស បើមិនបានលត់ដំរងការលំបាកទេក៏មិនអាចក្លាយជាអ្នកក្លាហានរឹងមាំដែរ៕
ប្រភព៖សំណេររៀបរៀង ប៊ុនចាន់សុក្រសិរី