ទោះបីជាព្រះអាទិត្យបញ្ចេញកម្តៅខ្លាំងយ៉ាងណាក្តី ខណៈដែលម៉ោងជាង១២ថ្ងៃត្រង់ហើយនោះ ស្រ្តីម្នាក់ដើរដកស្មៅនៅក្នុងចំការមួយដែលមានរបងព័ទ្ធជុំវិញ ទាំងញើសហូរជោកមុខ ជាមួយនឹងសម្លៀកបំពាក់ដែលពាសពេញទៅដោយផ្កាស្មៅកន្ត្រើយ បានបន្ថើរសំដីថា អ្នកស្រីឈ្មោះ ឈួន ច្រឹប។
ជាអ្នកមានទីលំនៅស្ថិតក្នុងស្រុកឧដ្តុង្គ ខេត្តកំពុងស្ពឺ ស្រ្តីម្នាក់មានប្រសាសន៍ថា អ្នកស្រីជាអ្នកដើរដកស្មៅម្យ៉ាងដែលចាស់ៗជំនាន់ដើមឲ្យឈ្មោះថាជា «តែទេវតា» ដើម្បីយកទៅលក់ ដែលគេនិយមដាំទឹកបរិភោគនិងអាចជាជំងឺជាច្រើនមុខផងដែរ។
អង្គុយសម្រាកបរិភោគបាយជាមួយលាសហាល ក្រោមដើមស្វាយ ស្រ្តីវ័យ ៥៦ឆ្នាំរូបនេះ មានប្រសាសន៍ថាកាលពីមុនអ្នកស្រីជាកម្មករសំណង់ តែដោយសារបច្ចុប្បន្នកាន់តែចាស់ កម្លាំងកាន់តែថយ ដូច្នេះមិនអាចធ្វើការងារធ្ងន់បានទេមានតែដើរដកស្មៅ (តែទេវតា) ទោះបីជាអាកាសធាតុក្តៅបន្តិចមែន តែវាជាការងារស្រាល។
អ្នកស្រីថា៖ «ខ្ញុំធ្វើសំណង់តាំងពីអាយុ១៨ឆ្នាំមកម៉្លេះ តែឥឡូវចាស់ ធ្វើលែងកើតហើយវាធ្ងន់ បើដើរដកស្មៅហាលក្តៅចឹងវាក្តៅមែនតែវាអត់ហត់ អត់ធ្ងន់ យើងអត់លំបាកលើកធ្ងន់ដូចធ្វើសំណង់ »។
អ្នកស្រី ច្រឹប រៀបរាប់ទៀតថា ក្រៅពីត្រូវដើរក្រោមអាកាសធាតុក្តៅពេញមួយថ្ងៃ អ្វីដែលជាផលលំបាកនោះគឺ បញ្ហាសុខភាព ដែលតែងតែធ្វើឲ្យពិបាកក្នុងការដើរដកស្មៅនេះ តែទោះជាយ៉ាងណា អ្នកស្រីថា ទោះបីជាលំបាកតែត្រូវតស៊ូដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពដោយដើរដកស្មៅ (តែទេវតា) ពេញមួយថ្ងៃពីម៉ោង៦ព្រឹករហូតដល់ម៉ោង៥ល្ងាច បានប្រាក់ប្រមាណពី ៨ពាន់ទៅ២ម៉ឺនរៀលក្នុងមួយថ្ងៃ។
និយាយបណ្តើរ ដកដង្ហើមធំបណ្តើរ អ្នកខេត្តកំពង់ស្ពឺរូបនេះថា៖ « ផលវិបាកនោះគឺ រកពុំសូវបាន ចុកជើង រឹងជើង ហត់ឈឺចង្កេះ មានអារម្មណ៍ថាលំបាកទ្រាំ តែបើមិនដើរទៅវាមិនបានលុយ ចេះតែទ្រាំទៅតិចច្រើនអីគ្រាន់បើជាងអត់ ហើយបើនិយាយរឿងលក់វិញថ្ងៃខ្លះបាន១ម៉ឺន ថ្ងៃខ្លះបានតែ៨ពាន់ក៏មាន »។
ទោះបីជាសព្វថ្ងែមានជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយក្តី អ្នកស្រុកឧត្តុងរូបនេះថា នៅតែតស៊ូដើរដកស្មៅយកទៅលក់និងប្រកបរបរស្រាលផ្សេងៗទៀត ដោយមិនសុខចិត្តលាដៃសុំប្រាក់ពីអ្នកដទៃខណៈដែលខ្លួននៅមានកម្លាំង។
អ្នកស្រីថា៖ « ខ្ញុំមិនហ៊ានត្រងដៃសុំគេទេយើងនៅជើងជាស្មារឹង ចេះតែខំរកទៅ បានប៉ុន្មានយកប៉ុណ្ណឹងទៅ អ៊ុំមិនលាដៃសុំគេទេ ឈឺថ្ងៃណាដេកផ្ទះថ្ងៃនឹងទៅ »៕