ជំនាញទន់ (Soft Skills) សម្តៅលើសមត្ថភាពជាសិល្បៈ នៃការធ្វើអ្វីមួយប្រកបដោយភាពច្នៃប្រឌិត និងទៅតាមចរិតនស្ស័យរបស់មនុស្សម្នាក់ៗ ហើយជំនាញនេះពុំសូវមានបង្រៀននៅសាលាឡើយ តែគេអាចស្វែងយល់ ឬស្វ័យសិក្សាដោយខ្លួនឯង ជាឧទាហរណ៍ដូចជាជំនាញនៃការស្តាប់ការទំនាក់ទំនង ការលើកទឹកចិត្ត ការដោះស្រាយបញ្ហា ការគ្រប់គ្រងពេលវេលា ការនិយាយជាសាធារណៈជាដើម។ ជំនាញទាំងនេះដែលបូកផ្សំ និងជំនាញបច្ចេកទេស (Hard Skills) សម្តៅលើជំនាញឯកទេសសម្រាប់ការងារក្នុងវិស័យណាមួយ ដូចជាហរិញ្ញវត្ថុ ច្បាប់ សេដ្ឋកិច្ចវិទ្យាសាស្រ្ត ភាសាបរទេស នឹងកាន់តែបង្កើននូវសមត្ថភាព និងប្រសិទ្ធិភាពមិនថាក្នុងកិច្ចការងារ ឬរបរជំនួញផ្សេងៗ។ ជាមួយគ្នានេះ ជំនាញទន់សំខាន់ៗដែលបង្ហាញដោយ វិបសាយ LifeHack សម្រាប់ជាទុនសម្រាប់បុគ្គលិកក្នុងការអភិវឌ្ឍជាសមត្ថភាពបន្ថែមមានដូចជា៖
១.ការបើកចិត្តទូលាយទទួលគំនិតថ្មីៗ
ឧបមាថាមានមនុស្សច្រើននាក់មិនទទួលយកនូវគំនិតថ្មីៗបន្ថែម នោះប្រហែលជាគ្មានការបញ្ចេញមតិថ្មីៗការបង្កើតរបស់របរថ្មីៗ និងការច្នៃប្រឌិតថ្មីៗប្រហែលនឹងបាត់បង់។ ដូចនេះ ហ្វឹកហាត់ស្តាប់ដោយយកចិត្តទុកដាក់ ទទួលយកគំនិតថ្មីបន្ថែម ពុំមែនជាការទទួលយកគ្រប់រឿងនោះទេ តែជាការបើកគំនិតទទួលយកអ្វីថ្មីៗ សម្រាប់ពិចារណាដើម្បីបង្កើតជារបៀបមួយមានភាពប្រសើរ និងងាយស្រួលក្នុងជីវភាពរស់នៅ។
២.ទំនាក់ទំនង និងបង្កើតមិត្តថ្មីៗ
ជំនាញទំនាក់ទំនងជារឿងសំខាន់មួយដែលគួរមានមិនថាសរសេរ ឬនិយាយទាក់ទងគ្នាព្រោះថាក្នុងសកម្មភាពការងារអ្នកត្រូវការប្រាស្រ័យទាក់ទងចែករំលែក និងផ្លាស់ប្តូរគំនិតអ្នកជាមួយអ្នកដទៃដើម្បីប្រើក្នុងការសម្រេចគោលដៅរួមដែលចង់បាន។ បន្ថែមពីនោះការចេះបង្កើតទំនាក់ទំនងជាមួយមនុស្សថ្មីៗស្គាល់មនុស្សថ្មីៗគឺអាចបង្កើតឱកាសរៀនសូត្រ និងបទពិសោធថ្មីៗបន្ថែមទាំងក្នុងកិច្ចការងារជាក្រុមនិងជីវិតផងដែរ។ ដូចនេះទំនាក់ទំនងនិងការបង្កើតមិត្តថ្មីជាចំណែកសំខាន់មួយដែលជួយឱ្យប្រសិទ្ធិភាពការងារយើងបានរីកចម្រើនទៅមុខ។
៣.ដោះស្រាយបញ្ហា
ជំនាញមិនអាចខ្វះបាននេះគឺកាន់តែប្រកាន់ភ្ជាប់នឹងធ្វើឱ្យយើងកាន់តែមានភាពវាងវៃឆ្លាតក្នុងការរកដំណោះស្រាយចំពោះមុខ។ ទន្ទឹមនឹងនេះ ជំនាញនេះ ក៏ជម្រុញឱ្យបង្កើនជំនាញបន្ទាប់បន្សំផងដែរដូចជាការចេះអង្កេតការរិះរកប្រភពបញ្ហាវិភាគ និងយកដំណោះស្រាយពីបទពិសោធនានាមកអនុវត្ត។ ហើយជាមួយគ្នានោះទម្លាប់ដោះស្រាយបញ្ហា នឹងធ្វើឱ្យយើងកើនគំនិតច្នៃប្រឌិតនានា ដែលជាសមត្ថភាពក្នុងខ្លួនបន្ថែមដើម្បីដោះស្រាយបញ្ហាប្រឈម។
៤.ទំនុកចិត្តខ្លួនឯង
ប្រាកដណាស់ថៅកែ ឬនយោជកឬអ្នកធ្វើការងារជាក្រុម សឹងគ្រប់ៗគ្នាពិតជាចង់បានសមាជិកដែលមានភាពម្ចាស់ការលើខ្លួនឯង ទំនុកចិត្ត មិនអាចខ្វះបាន ក៏ដូចជា ការចេះគ្រប់គ្រងពេលវេលាបានល្អ ដើម្បីសម្រេចគោលដៅ។ នេះក៏ព្រោះថាការសម្រេចចិត្តដោយភាពទុកចិត្ត ភាពទទួលខុសត្រូវលើសកម្មភាពដែលបានបំពេញ នឹងធ្វើកិច្ចការងារអ្នកមានគុណភាពមានភាពច្បាស់លាស់អាចឃើញពីចំណុចដែលគួរកែតម្រូវ និងអាចរីកចម្រើនបន្តទៅមុខទៀតក្នុងពេលអនាគត។
៥.ភាពជាអ្នកដឹកនាំ
ចំណុចមួយនេះក៏រឹតតែសំខាន់មិនថាតែបុគ្គលិកធ្វើការ ប៉ុន្តែសម្តៅដល់មនុស្សទូទៅគ្រប់គ្នា។ ព្រោះថាជំនាញនេះ នឹងនាំឱ្យយើងចេះទៅរកដំណោះស្រាយដោយឯករាជ្យ ស្វែងយល់ អង្កេត និងអាចពិចារណារកដំណោះស្រាយលើបញ្ហាប្រឈមដែលកើតមាន។ មានភាពជាអ្នកដឹកនាំក្នុងខ្លួន នឹងអាចដឹកនាំក្រុមការងារឆ្លងកាត់បញ្ហានានាបានដោយមានប្រសិទ្ធិភាព តាមរយៈការថ្លឹងថ្លែង ស្គាល់ពីប្រភពសមត្ថភាពដែលអាចដោះស្រាយបញ្ហាទាំងនោះ។ ភាពជាអ្នកដឹកនាំគេក៏អាចបង្កើនជំនាញនេះតាមរយៈការសង្កេតមើលបទពិសោធអ្នកជំនាន់មុនៗ តាមរយៈការអានសៀវភៅពីបទពិសោធបុគ្គលដឹកនាំ ឬមួយក៏ទេព្យកោសល្យពីធម្មជាតិរបស់បុគ្គលនោះផ្ទាល់៕