បច្ចុប្បន្ននេះ មានមនុស្សជាច្រើនបានយល់ខុសថា ការដែលមនុស្សមានមាសប្រាក់ ហ៊ឺហារ មានឡានទំនើបរាប់លានដុល្លារជិះ សុទ្ធតែជាមនុស្សជោគជ័យ ខណៈមានអ្នកមានទ្រព្យធនជាច្រើនកំពុងរអ៊ូរទាំថា ខ្លួនរកចំណុចជោគជ័យរបស់ខ្លួនមិនឃើញសោះ។ អ្នកខ្លះមានលុយ តែខ្វះញាតិ អ្នកខ្លះមាន​ទ្រព្យតែក្រុមគ្រួសារ និងអ្នកជុំវិញខ្លួនមិនសុខសប្បាយ ខណៈអ្នកខ្លះទៀតមិនសូវមានទ្រព្យច្រើននោះទេតែត្រូវបានគេរាប់ថាជាបុគ្គល​ជោគជ័យទៅវិញ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក គង់ វិចិត្រា សហគ្រិនកម្ពុជាមួយរូបបានលើកឡើងថា​ ភាពជោគជ័យ​មិនមែនសំដៅតែលើមាសប្រាក់នោះទេ តែវាអាស្រ័យលើគោលបំណងពិតប្រាកដរបស់មនុស្សម្នាក់ៗ។ ជាទូទៅគេឃើញមនុស្សនានាចូលចិត្តវាស់ភាពជោគជ័យជាមួយនឹងមាសប្រាក់ ទ្រព្យសម្បត្តិនិង​កិត្តិយសជាដើម តែស្ថានភាពជាក់ស្តែងវាមិនប្រាកដថាបែបនេះនោះទេ។ ជាឧទាហរណ៍ ប្រសិនយើងជាអ្នករកស៊ី ឬជាអ្នកស្វែងរកទ្រព្យច្បាស់ណាស់ថា ការមានទ្រព្យច្រើនជាជោគជ័យរបស់យើង តែយើងមិនអាចបដិសេធចំពោះគោលបំណងជីវិតរបស់អ្នកដទៃដែលមិនចង់បានទ្រព្យថាមិនជោគជ័យនុះទេ។ 

ប្រសិនបើ គាត់ជាគ្រូបង្រៀន គាត់អាចមិនក្លាយជាមនុស្សម្នាក់ដែលមានទ្រព្យសម្បត្តិហូរហៀរខ្លាំងនោះទេតែកូនសិស្សរបស់គាត់ដែលជាសេដ្ឋីជាច្រើនអាចនឹងលំឱនគោរពគាត់ដោយការដឹងគុណ។ ហេតុនេះភាពជោគជ័យរបស់គ្រូគឺកូនសិស្សរបស់គាត់ ទទួលបាន​ភាពថ្កុំថ្កើង។

លោក គង់ វិចិត្រា បាននិយាយថា៖«មនុស្សម្នាក់ៗមានគោលបំណងរៀងៗខ្លួន ហេតុនេះបើចង់កំណត់ពីភាពជោគជ័យលើជីវិតឱ្យបានច្បាស់នោះចាំបាច់ត្រូវដឹងពីបំណងរបស់ខ្លួនឱ្យពិតប្រាកដ ថាតើសកម្មភាពអ្វីជារឿងរីករាយនិងមានន័យបំផុតសម្រាប់ជីវិតរបស់យើង។ វាអាចជាគោលដៅក្នុងការបណ្តុះបណ្តាលមនុស្សការជួយសង្គម ការលើកស្ទួយ​ក្រុមគ្រួសារឬការចូលរួមចំណែកលះបង់យ៉ាងធំធេងដើម្បី​សម្រេចផលប្រយោជន៍រួមជាដើម»។

សហគ្រិនខាងលើបានបញ្ជាក់ផងដែរថា ហេតុនេះហើយទើបសហគ្រិនមួយចំនួន​គាត់មិនផ្តោត​តែលើ​ការស្វែងរកទ្រព្យសម្បត្តិ ដើម្បីបង្ហាញពីសម្ភារៈនិយមនោះទេ តែគាត់បែរជាខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅ​រួមយ៉ាងសំខាន់ក្នុងការជួយដល់មនុស្សទូទៅ។ ជាឧទាហរណ៍ ស្របពេលដែលអ្នកខ្លះខិតខំបង្អួត​ពីសម្ភារៈនិយមមានអ្នករកស៊ីធំៗខ្លះបែរជារស់នៅយ៉ាងសាមញ្ញ ហើយចំណាយធនធានរបស់គាត់យ៉ាងច្រើនដើម្បីជួយអភិវឌ្ឍ​សហគមន៍ឬជួយដល់ក្រុមគោលដៅនានា ដែលកំពុងត្រូវការជំនួយក្នុងស្ថានភាពលំបាក​ទៅវិញ។ 

ជាក់ស្តែងយើងឃើញហើយថា ភាពជោគជ័យរបស់មហាសេដ្ឋី Bill Gates មិនមែនមានលុយរាប់កោដិដុល្លារនោះទេ តែវាជាសកម្មភាពក្នុងការជួយដោះស្រាយបញ្ហាការងាររបស់មនុស្សលើពិភពលោកទៅវិញទេ។បន្ថែមពីលើនេះ យើងក៏ឃើញហើយថាមានបុគ្គលជោគជ័យជាច្រើនផ្សេងទៀតដែលគាត់រស់នៅយ៉ាងស្ងប់សុខហើយជួយមនុស្សបានយ៉ាងច្រើនដូចជាលោកបណ្ឌិត Beat Richner និងបុគ្គលសប្បុរសជាច្រើនទៀតដែលមិនមែនរស់នៅក្នុងសភាពហ៊ឺហារនោះទេ តែរស់នៅក្នុងជីវិតដ៏មានន័យបំផុត។

ស្របពេលជាមួយគ្នានេះដែរ អ្នកជំនួញខាងលើបានបញ្ជាក់ផងដែរថា ក្នុងស្ថានភាពបច្ចុប្បន្ននេះជាពេលវេលាល្អបំផុតក្នុងការធ្វើរឿងដ៏មានន័យសម្រាប់ជីវិត ព្រោះពេលនេះជាពេលដែលគ្រប់គ្នាលំបាកដោយសារតែ​ផលប៉ះពាល់នៃជំងឺ Covid-19។ ក្នុងស្ថានភាពនេះ យើងគ្រប់គ្នាដែលជាអ្នកមានធនធានយើងត្អូញថាលំបាក ចុះបើយើងពិចារណាដល់អ្នកក្រីក្រជាច្រើនទៀតវិញមិនដឹងជាគាត់លំបាកប៉ុណ្ណា ជាពិសេសអ្នកដែលរស់នៅក្នុងពិការភាព។ ហេតុនេះវាជាពេលវេលាល្អបំផុតក្នុងការចែករំលែកក្តីស្រឡាញ់ តាមរយៈការជួយគ្រប់លទ្ធភាព ដោយភាពស្មោះត្រង់និងចិត្តជ្រះថ្លា មិនមែនដើម្បីបង្អួតអ្នកណាទាំងអស់៕