មនុស្សគ្រប់គ្នា សុទ្ធតែកើតមកជាមួយនឹងសមត្ថភាពនិងទេពកោសល្យ ដែលធម្មជាតិបានផ្តល់ឱ្យរៀងៗខ្លួនតែអ្វីដែលធ្វើឱ្យ​មនុស្សម្នាក់ៗ មានលទ្ធផលខុសគ្នាគឺពួកគេមានស្ថានភាពនិងទំនុកចិត្តខុសគ្នាលើខ្លួ​នឯង។

ជាទូទៅ មនុស្សដែលមានទំនុកចិត្តលើខ្លួនឯងតែងតែជាមនុស្សដែលទទួលបានឱកាស និងប្រើប្រាស់សមត្ថភាពរបស់ខ្លួនបានយ៉ាងអស់លទ្ធភាព ខុសពីអ្នកដែលមិនមានទំនុកចិត្តលើខ្លួនឯង ដែលតែងតែ​រារែកនិងមិនហ៊ានសម្រេចចិត្ត​ទោះបីជាឱកាសមកដល់ក៏ដោយ។

ដោយមើលឃើញពីមូលហេតុនេះ ហើយទើបថ្ងៃនេះក្រមា ប៉ុស្តិ៍ សូមលើកយកវិធីសាស្ត្រ២យ៉ាង ដែលអ្នកជំនាញនានាលើពិភពលោក​ណែនាំ ដើម្បីជំរុញឱ្យ​អ្នកទាំងអស់គ្នាអាចមានសមត្ថភាព ពង្រឹង​ទំនុកចិត្តលើខ្លួនឯងបានល្អ។

១. ​បន្ថយការប្រៀបធៀប

ជាទូទៅ មនុស្សម្នាក់ៗតែងតែមានចំណុចខ្លាំងនិងចំណុចខ្សោយរៀងៗខ្លួន តែជាទូទៅមនុស្សមួយចំនួនហាក់មិនបានគិតដល់ភាពធម្មតានៃស្ថានភាពទាំងអស់នោះទេ។ ក្នុងការរស់នៅជាក់ស្តែង មនុស្សជាច្រើនតែងតែធ្វើការប្រៀបធៀបពីខ្លួនឯងជាមួយអ្នកដទៃជំនួសឱ្យការខិតខំប្រឹងប្រែងស្គាល់ពីខ្លួនឯង។ ហេតុនេះហើយទើបធ្វើឱ្យគេខ្វះទំនុកចិត្តលើខ្លួនឯងហើយអង្គុយរង់ចាំមើលអ្នកដទៃទទួលបាន​សម្មិទ្ធផលល្អៗ និងអភិវឌ្ឍទៅវិញ។

ហេតុនេះជាដំណោះស្រាយ សូមកុំ​ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ តែគួរ​ចំណាយពេលស្វែងយល់ពីខ្លួនឯងដើម្បីអភិវឌ្ឍប្រកបដោយទំនុកចិត្ត​។

២. រៀបចំផែនការអភិវឌ្ឍខ្លួនឯង

មនុស្សភ័យព្រួយនៅពេលពួកគេមិនត្រូវប្រឈមមុខជាមួយនឹងការងារ ឬការដោះស្រាយបញ្ហាដែលគេមិនចេះ និងមិនមានភាពច្បាស់លាស់។ ហេតុនេះការសិក្សារៀនសូត្រពីគ្រប់មជ្ឈដ្ឋាន ជាវិធីសាស្ត្រល្អបំផុតក្នុងការបំបាត់ភាពភ័យខ្លាចក្នុងការធ្វើអាជីវកម្មក៏ដូចជាការធ្វើការងារជាដើម។

ក្រោយពេលស្គាល់ខ្លួនឯងច្បាស់លាស់ហើយ អ្នកគួរ​ព្យយាម​រៀបចំផែនការឱ្យបានល្អដើម្បីដើរឱ្យដល់ចំណុចដែលអ្នកចង់ទៅ។ ជំនួសឱ្យការភ័យខ្លាចថាទៅមិនដល់ អ្នកគួរតែ​ដាក់ចិត្តដាក់កាយថា ដើម្បីទៅឱ្យដល់កន្លែងដែលអ្នកចង់ទៅតើអ្នកត្រូវត្រៀមខ្លួនអ្វីខ្លះ។ 

ហើយ​តើធ្វើបែបណាដើម្បីសម្រេចគោលដៅដែលអ្នកគិតថា មិនធ្លាប់បានទៅពីមុន។ បន្ទាប់មកចាប់ផ្តើមរៀបចំសកម្មភាពដើម្បីអភិវឌ្ឍខ្លួនឯង ពីមួយជំហានទៅមួយជំហានរហូតទៅឱ្យដល់ដោយភាពក្លាហាន៕​