ការតស៊ូមតិ (debate) ជាផ្នែកយ៉ាងសំខាន់ក្នុងការវែកញែករកចំណុច​ស៊ីជម្រៅ​ លើគំនិតផ្ទុយគ្នាដោយមានទល្ហីករណ៍ និង​ទិន្នន័យច្បាស់លាស់​រៀងៗខ្លួន។

ទិន្នន័យ និង​ភស្តុតាងនៃការស្រាវជ្រាវ ជាចំណុចសំខាន់មិនអាចខ្វះបានមួយដែលអ្នកតស៊ូមតិចាំបាច់ត្រូវតែ​ប្រុងប្រយ័ត្នជាទីបំផុត ព្រោះកាលណា​អ្នកតស៊ូមតិ​ ដកស្រង់យកទិន្នន័យមិនល្អ វាអាចនឹងធ្វើឱ្យ​អ្នក​ស្តាប់ឬសាធារណជន​យល់ឃើញខុស និងបង្ករបញ្ហាដល់សង្គមជាដើម។ បន្ថែមពីលើនេះវាក៏អាចជាបញ្ហាមួយដែលធ្វើឱ្យ​ក្រុមតស៊ូមតិរបស់អ្នកចាញ់ប្រៀបក្រុមម្ខាងទៀត ដែលមានទិន្នន័យច្បាស់លាស់ និងត្រឹមត្រូវផងដែរ។

នៅថ្ងៃនេះសារព័ត៌មានរបស់យើង សូមលើយកចំណុច​សំខាន់ៗមួយចំនួន​ដើម្បីជួយឱ្យអ្នក​តស៊ូមតិអាចដកស្រង់យកទិន្នន័យបានល្អ។

១. ពិនិត្យ​ព័ត៌មានរបស់ប្រភព

គ្រប់ព័ត៌មាននិងទិន្នន័យដែលអាចប្រើប្រាស់បាន សម្រាប់អ្នកតស៊ូមតិត្រូវតែជាព័ត៌មានដែលមានប្រភពច្បាស់លាស់។ ហេតុនេះជាដំបូងប្រសិនបើយើងដកស្រង់ចេញពី​បច្ចេកវិទ្យា អ្នកតស៊ូមតិចាំបាច់ត្រូវតែពិនិត្យមើលទៅលើអាស័យដ្ឋាន(URL)នៃ​ទិន្នន័យនោះជាមុនសិន ថាតើវាជារបស់ស្ថាប័នឯកជន (.COM) ជារបស់ស្ថាប័នអប់រំ (.EDU) ជារបស់អង្គការ (.ORG)ឬជារប​ស់ស្ថាប័នរដ្ឋ (.GOV)។

បន្ទាប់មកទៀតចាំបាច់ត្រូវតែស្គាល់ឈ្មោះរបស់អ្នកផ្សព្វផ្សាយ និងឈ្មោះរបស់ម្ចាស់ប្រភពដែលបានចេញទិន្នន័យនោះដោយពិនិត្យយ៉ាងល្អិតល្អន់ផងដែរពីកាលបរិច្ឆេទនៃទិន្នន័យ ដើម្បីធានាថាទិន្នន័យដែលទទួលបាននោះជាទិន្នន័យថ្មី និងមានគុណភាព។

២.ប្រៀបធៀបទិន្នន័យ

គ្រប់ទិន្នន័យដែលយើងបានឃើញដែលមានប្រភពច្បាស់លាស់មិនប្រាកដថាត្រឹមត្រូវ ហើយចំណេញសម្រាប់​គាំទ្រដល់​អំណះអំណាងលើការតស៊ូមតិរបស់យើងនោះទេ។ ហេតុនេះ អ្នកតស៊ូមតិគួរចេះស្រាវជ្រាវឱ្យបានច្រើនប្រភពហើយប្រៀបធៀបគ្នាថាទិន្នន័យមួយណាជាទិន្នន័យដែលចំណេញហើយទិន្នន័យមួយណាជាទិន្នន័យគ្រោះថ្នាក់សម្រាប់ក្រុមរបស់ខ្លួន។

ក្រោយពេលពិនិត្យទិន្នន័យទាំងអស់នោះហើយ ក៏ចាំបាច់ត្រូវគិតផងដែរពីភាពអាចទៅរួច (possibility) នៃទិន្នន័យនោះ។ ប្រសិនបើវាជាទិន្នន័យដែលចំណេញតែតួលេខជាក់ស្តែង ជាចំណុចដែលមិនពិតប្រាកដ ឬមិនអាចទៅរួច យើងក៏នៅតែមិនអាច​ប្រើប្រាស់វាបានផងដែរ។ កាលណាប្រើប្រាស់ទិន្នន័យនោះវាអាចជាចំណុចខ្សោយរបស់យើងដែលក្រុមម្ខាងទៀតអាចវាយប្រហារបានយ៉ាងងាយស្រួល ដោយគ្រាន់តែបង្ហាញទិនិ្នន័យផ្ទុយដែលអាចទៅរួចនៅលើវេទិកាយើងនឹងអាចប្រឈមនឹងអត្រាចាញ់ខ្ពស់បំផុត៕