ការបដិសេធមិនទទួលយកសំណើពីអ្នកដទៃ គឺមិនមែនជារឿងល្អសម្រាប់អារម្មណ៍របស់គេទេ ក៏ប៉ុន្តែដោយសារតែយើងមានហេតុផលមួយចំនួន ទើបធ្វើឱ្យពិបាកសម្រាប់ការទទួលយកសំណើនោះបាន។ ដូច្នេះហើយក្នុងអត្ថបទនេះមានវិធីសាស្រ្តខ្លះៗ សម្រាប់ជួយឱ្យការបដិសេធរបស់អ្នក មិនមានការខកចិត្តដល់អ្នកស្នើ៖

១/ ផ្ដល់ហេតុផលសមរម្យ

ហេតុផលដែលអាចហៅថាសមរម្យបាន គឺអាស្រ័យដោយកត្តាមួយចំនួនបូកបញ្ចូលគ្នា ដូចជាការចេះប្រើភាសាគួរសម រៀបពាក្យឱ្យបានល្អ រកមូលហេតុដើម្បីបដិសេធហើយ គេមិនអាក់អន់ស្រពន់ចិត្តជាមួយ ហើយមិនធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកដែលយើងបានបដិសេធ។ 

២/ កុំបដិសេធចំៗពេក

បើនិយាយចំពោះរឿងមិត្តភក្តិដែលបបួលអ្នកទៅដើរលេង ក៏ប៉ុន្តែអ្នកមិនពេញចិត្ត ឬមិនចង់ទៅកន្លែងកំសាន្តនោះ អ្នកកុំប្រាប់គេត្រង់បែបនេះពេកអី។ ពីព្រោះការឆ្លើយបដិសេធបែបនេះ ធ្វើឱ្យប៉ះពាល់ខ្លាំងដល់មិត្តភាព និងការរាប់អានគ្នារបស់អ្នក ប៉ុន្តែអ្នកអាចប្តូរពីការប្រាប់ត្រង់ពេក មកថាដោយសារតែអ្នកជាប់រវល់ការងារដែលត្រូវបង្ហើយចំគ្នាជាមួយពេលដែលអ្នកទៅដើរលេង ឬត្រូវបំពេញការងារចាំបាច់មួយដោយមិនអាចដាក់ច្បាប់បាន។

៣/បង្ហាញពីអារម្មណ៍សោកស្ដាយចំពោះការបដិសេធ

កុំភ្លេចឱ្យសោះនៅពេលដែលអ្នកបដិសេធការបបួលដើរលេងរបស់មិត្តអ្នកហើយ អ្នកត្រូវបង្ហាញពីការសោកស្ដាយ ដែលអ្នកមិនបានចូលរួមកម្សាន្តជាមួយគ្នា ដោយសារតែត្រូវធ្វើការងារឱ្យរួច ឬដោយសារតែមិនអាចដាក់ច្បាប់បាន។ អ្វីដែលសំខាន់អ្នកត្រូវនិយាយពាក្យថា«សុំទោសផងណាដែលគ្នាមិនបានទៅ ស្ដាយដល់ហើយ» នៅពេលបញ្ចប់ការសន្ទនា។

៤/កុំប្រកែកបែបដាច់ខាត

អ្នកមិនត្រូវព្យាយាមបដិសេដគេដោយដាច់ខាតពេកទេ ជាពិសេសគឺការប្រកែកគ្នាចុះឡើង ដែលអាចធ្វើឱ្យអ្នកបាត់បង់មិត្តភាព និងការរាប់អានគ្នាបាន។ ប្ដូរមកវិញដោយការនិយាយបែបពេញចិត្តចំពោះការបបួលរបស់គេ និងត្រូវធ្វើឱ្យគេដឹងថាអ្នកពិតជាមានភារកិច្ចដែលមិនអាចចោលបានពិតមែន។

៥/តបស្នងដោយធ្វើជាអ្នកបបួលវិញម្ដង

អ្នកមិនចូលរួមជាមួយគេបានចំពោះដំណើរកម្សាន្តដែលអ្នកមិនពេញចិត្ត ប៉ុន្តែអ្នកត្រូវស្នើទៅគេវិញម្ដង ដោយប្រាប់ថា ក្រោយពេលត្រឡប់មកវិញអ្នកចង់បបួលគេទៅកន្លែងនេះ កន្លែងនោះ បន្ទាប់មកចាំសុំការសម្រេចចិត្តរបស់គេ ហើយណាត់ជួបគ្នាតាមក្រោយ។

ប្រាំវិធីសាស្រ្តខាងលើនេះ អ្នកអាចយកជាប្រយោជន៍បានដើម្បីថែរក្សាទឹកចិត្តមិត្តភក្តិរបស់អ្នក នៅពេលដែលអ្នកបានបដិសេធមិនចូលរួមដំណើរកំសាន្ត ឬក៏កម្មវិធីផ្សេង ដោយមានសុជីវធ៌បំផុត។ ហើយម្យ៉ាងវិញទៀតអ្នកក៏មិនបានធ្វើឱ្យមិត្តរបស់អ្នកអាក់អន់ចិត្តជាមួយគ្នាឡើយ៕