ថ្ងៃចុងសប្ដាហ៍ជាថ្ងៃដែលអ្នកធ្វើការងារ សិស្សនិស្សិតតែងទន្ទឹងរង់ចាំ ដើម្បីបានសម្រាកបន្ធូរអារម្មណ៍បន្ទាប់ពីនឿយហត់នឹងការងារ ក៏ដូចជាការរៀនសូត្រជាដើម។ ប៉ុន្តែពេលខ្លះបែរជាមានអារម្មណ៍ថា ថ្ងៃសម្រាកចុងសប្ដាហ៍លឿនខ្លាំង សម្រាកមិនទាន់មានកម្លាំងផង ក៏ត្រូវត្រឡប់ទៅបំពេញការងារវិញបាត់ទៅហើយ។ ទាំងនេះអាចបណ្ដាលមកពីអ្នកមិនបានប្រើពេលវេលាសម្រាករបស់អ្នកឱ្យមានន័យ។ គន្លឹះទាំង៥នេះ នឹងធ្វើឱ្យថ្ងៃសម្រាករបស់អ្នកមានន័យ និងមិនមានអារម្មណ៍ថាឆាប់រហ័ស៖
ទី១. រក្សាការគេងរបស់អ្នក
គេងបានគ្រប់នឹងធ្វើឱ្យអារម្មណ៍របស់អ្នកស្រស់ស្រាយ ជាពិសេសមិនត្រូវបណ្ដោយឱ្យការគេងរបស់អ្នកយូរពេកឡើយ ដោយអាងគិតថាជាថ្ងៃសម្រាកមិនមានការងារត្រូវធ្វើ។ ផ្ទុយទៅវិញអ្នកគួរយកពេលដែលចំណាយលើការគេងលើសម៉ោងរបស់អ្នក មកធ្វើរឿងផ្សេងទៀត ដូចជាក្រោកពីពេលព្រឹកព្រលឹម ហាត់ប្រាណ កម្សាន្តអារម្មណ៍ជាមួយតន្ត្រី អានសៀវភៅ និងទទួលទានអាហារសុខភាពវិញ។
ទី២.ដកខ្លួនចេញពីការងារ
ជាថ្ងៃឈប់សម្រាកពីការងារ ឬការសិក្សា អ្នកគួរតែដកខ្លួនចេញពីការងារតាមដែលអាចធ្វើទៅបាន។ មិនត្រូវចំណាយពេលសម្រាកកាយចិត្ត ទៅគិតរឿងការងារបណ្ដាលឱ្យអ្នកមានអារម្មណ៍ថា ថ្ងៃសម្រាកក៏ដូចជាថ្ងៃធ្វើការធម្មតា មិនមានអារម្មណ៍សប្បាយជាមួយពេលចុងសប្ដាហ៍របស់អ្នក។ យល់ល្អអ្នកគួរបង្ហើយការងារឱ្យបានស្រាច់បាច់មុនពេលឈប់សម្រាក ដើម្បីកុំឱ្យអារម្មណ៍វិលវល់ជាមួយកិច្ចការទាំងនោះ។
ទី៣.រៀបគម្រោងសកម្មភាពផ្សេងៗ ក្នុងថ្ងៃឈប់សម្រាក
អ្នកគួរតែមានគម្រោងច្បាស់លាស់ ចំពោះសកម្មភាពផ្សេងៗ ដែលអ្នកចង់ធ្វើនៅក្នុងថ្ងៃឈប់សម្រាក ដើម្បីឱ្យអ្នកបានដឹងពីពេលវេលាច្បាស់លាស់ចំពោះគម្រោងទាំងនោះ។ គ្រោងទាំងនោះអាចជា កំណត់កន្លែងដែលអ្នកត្រូវទៅលំហែអារម្មណ៍ ទេសចរណ៍ ណាត់មិត្តភក្ដិចាស់ៗ ទៅមើលកុនជាដើម។ ការមានគម្រោងក៏អាចបង្ហាញពីអារម្មណ៍សប្បាយរីករាយចំពោះថ្ងៃចុងសប្ដាហ៍របស់អ្នកឱ្យកាន់តែយូរ និងមានន័យ។
ទី៤.កុំចំណាយពេលច្រើនលើបណ្ដាញសង្គម
អ្នកគួររក្សាគម្លាតខ្លួនឯងឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន ប្រសិនបើគ្មានការចាំបាច់។ យ៉ាងណាមិញការភ្ជាប់ខ្លួនជាមួយបណ្ដាញសង្គមច្រើន នាំឱ្យអ្នកខាតពេលវេលា ដោយឥតប្រយោជន៍។ ការលេងបណ្ដាញសង្គមច្រើនក៏អាចធ្វើឱ្យអ្នក គ្មានអារម្មណ៍ធ្វើអ្វីផ្សេង ដូចជាមិនចង់ចេញក្រៅ មិនចង់ទៅទំនាក់ទំនងជាមួយអ្នកណា និងគ្មានអារម្មណ៍ថាស្រស់ស្រាយ។
ទី៥.សាកធ្វើអ្វីថ្មីៗ
ប្រសិនបើអ្នកជាមនុស្សមិនសូវចូលចិត្តចេញទៅក្រៅ អ្នកអាចបង្វែរមកជារៀនធ្វើអ្វីដែលថ្មីៗ សប្បាយៗនៅផ្ទះ ដូចជាសាកធ្វើម្ហូប បង្ហែម នំ ដែលអ្នកមិនធ្លាប់ធ្វើ ហើយចាប់ផ្ដើមសាកល្បងធ្វើ។ អារម្មណ៍ប្រាកដជាទទួលយកបានអ្វីដែលប្លែក និងដិតដាម ព្រមទាំងធ្វើឱ្យអ្នកស្រស់ស្រាយ ហើយគិតថាថ្ងៃចុងសប្ដាហ៍កាន់តែធ្វើឱ្យជីវិតអ្នកមានន័យ។
សាកល្បងអនុវត្តតាមគន្លឹះសំខាន់ៗទាំង៥ខាងលើនេះ អ្នកប្រាកដជាទទួលបានអារម្មណ៍រីករាយ ស្រស់ស្រាយនិងពេញចិត្តពេលវេលាដ៏មានន័យរបស់អ្នក នៅក្នុងថ្ងៃឈប់សម្រាកជារៀងរាល់ចុងសប្ដាហ៍ ហើយអ្នកនឹងមិនយល់ថាពេលសម្រាករបស់អ្នកខ្លីទៀតឡើយ៕