សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ពាក្យថា “ឪពុកម្ដាយ” គឺជាការងារដ៏មមាញឹកនិងមិនងាយស្រួលដូចការគិត ឬក្នុងរឿងកុនដែលជា Happy Ending ឡើយ។ ផ្ទុយទៅវិញ អ្នកទាំងពីរត្រូវការទំនួលខុសត្រូវខ្ពស់ដើម្បីធ្វើយ៉ាងណាអប់រំកូនឱ្យក្លាយជាពលរដ្ឋល្អមានសុខភាពទាំងកាយទាំងចិត្តរឹងមាំ ហើយប្រាជ្ញាស្មារតីក៏វៀងវៃ។ ខាងក្រោមនេះគឺជាវិធីសាស្ត្រចអប់រំកូនរបស់ជនជាតិជប៉ុនដែលបណ្ដុះស្មារតីកូនៗតាំងពីតូចខុសប្លែកពីជាតិសាសន៍ដទៃ។

១.ចិញ្ចឹមកូនឱ្យស្គាល់ភាពស្មើគ្នាតាំងពីតូច

ជាញឹកញាប់ ជនជាតិជប៉ុនតែងបង្ហាញវីដេអូនិងចែករំលែកតគ្នានូវសកម្មភាពកូនសិស្សតូចៗរួមគ្នាសម្អាតថ្នាក់រៀន និងធ្វើការងារមួយចំនួនដោយខ្លួនឯង។ នេះគឺជាការពិតដែលកើតមានក្នុងប្រទេសនេះ ហើយក៏ជាវប្បធម៌មួយផងដែរ។ អ្នកអាចនឹងភ្ញាក់ផ្អើល បើដឹងថាសូម្បីបុត្រាបុត្រីសែរាជវង្សក៏ត្រូវចូលរៀនសាលា ឬចូលរួមសកម្មភាពជាមួយរាស្ត្រសាមញ្ញដែរនោះ។

២. ទំនាក់ទំនងរវាងកូនៗនិងម្ដាយពិតជារឹងមាំ និងមានការគោរពខ្ពស់

គ្រួសារគឺជាវិស័យមួយដ៏សំខាន់សម្រាប់សង្គមជាតិ និងវប្បធម៌ជប៉ុន។ នៅជប៉ុន ក្មេងៗដែលមិនទាន់ដល់អាយុ៣ឆ្នាំ គេមិនអនុញ្ញាតឱ្យចូលរៀនថ្នាក់មត្តេយ្យ​ឡើយ។ ដូច្នេះគឺឪពុកម្ដាយ ជាពិសេសម្ដាយនេះហើយដែលជាអ្នកត្រូវចំណាយពេលវេលាច្រើនក្នុងការអប់រំប្រៀនប្រដៅកូនៗដើម្បីអភិវឌ្ឍខ្លួនឱ្យបានល្អ។ វាគឺជាដំណាក់កាលដ៏ចាំបាច់មួយដែលត្រូវតម្រែតម្រង់ទិសដល់កូនៗនូវបរិយាកាសបែបវិជ្ជមាន និងបង្កើតភាពរីករាយក្នុងជីវិតកុមារភាពរបស់ពួកគេ។

៣. ឪពុកម្ដាយសង្កេត និងយកចិត្តទុកដាក់ខ្លាំងលើផ្លូវអារម្មណ៍របស់កូនៗ

ឪពុកម្ដាយជនជាតិជប៉ុនចាត់ទុកសុខុមាលភាពផ្លូវអារម្មណ៍របស់កូនៗគឺជាវត្ថុដ៏សំខាន់សម្រាប់ការលូតលាស់របស់ពួកគេ។ ការជេរស្ដីកូនៗ ឬការធ្វើឱ្យពួកគេដឹងពីកំហុសដែលខ្លួនបានធ្វើគឺជាសំខាន់ ប៉ុន្តែទង្វើទាំងនេះមិនគួរត្រូវបានធ្វើឡើងក្នុងរូបភាពហឹង្សាឡើយ ព្រោះវានឹងប៉ះពាល់ផ្លូវចិត្តរបស់កូនៗ ដែលបង្កផលប៉ះពាល់បន្ថែមទៀតសម្រាប់ការលូតលាស់។

៤. មិនទម្លាប់លើកតម្កើងកូនៗនៅទីសាធារណៈ

ឪពុកម្ដាយជនជាតិជប៉ុនខុសពីជាតិសាសន៍ដទៃមួយចំនួនត្រង់ថា ពួកគេមានផ្នត់គំនិតមួយគឺបង្រៀនកូនៗឱ្យចេះឯករាជ្យដោយខ្លួនឯងតាំងពីតូច។ មិនចាំបាច់ទាល់តែមានការសរសើរឬលើកតម្កើងនៅមុខអ្នកដទៃ ទើបឱ្យកូនធ្វើអ្វីមួយបានល្អ ផ្ទុយទៅវិញ ជនជាតិជប៉ុនតែងបង្ហាញកូនៗឱ្យដឹងថាអ្វីដែលពួកគេគួរធ្វើដោយខ្លួនឯង និងមិនដែលរំពឹងលើការលើកសរសើរឡើយ។

៥. បង្រៀនកូនៗឱ្យចេះឱ្យតម្លៃលើការញ៉ាំអាហារសុខភាព

ទោះបីធម្មជាតិរបស់ក្មេងៗមិនសូវចូលចិត្តញ៉ាំបន្លែឬអាហារសុខភាព ជនជាតិជប៉ុនតែងប្រើវិធីសាស្ត្រសប្បាយៗដើម្បីឱ្យកូនចូលចិត្តអាហារដែលពួកគេត្រូវញ៉ាំ។ ឪពុកម្ដាយជនជាតិអាស៊ីមួយនេះតែងច្នៃអាហារដោយពូតបាយជារូបតុក្កតា ឬរូបស្អាតៗដោយភ្ជាប់ជាមួយបន្លែមានប្រយោជន៍ និងផ្លែឈើ កុំឱ្យកូនៗមានការធុញទ្រាន់នឹងការញ៉ាំ។នេះជាមូលហេតុមួយដែលជនជាតិជប៉ុនមានសុខភាពរឹងមាំតាំងពីតូចៗ ហើយមិនសូវទម្រើសអាហារដូចក្មេងៗជនជាតិផ្សេងមួយចំនួនឡើយ៕