អ្នកណាក៏ភ័យខ្លាចចំពោះជំងឺមហារីក ព្រោះវាកាចសាហាវ និងមិនទាន់អាចមានថ្នាំព្យាបាលឱ្យជាសះស្បើយ១០០%នៅឡើយ។ ដូច្នេះហើយទើបការពិនិត្យសុខភាពត្រូវបានណែនាំដោយគ្រូពេទ្យជំនាញឱ្យបានជាប្រចាំឬហោចណាស់២ដងក្នុងមួយឆ្នាំ។ សម្រាប់នារីៗ អ្នកអាចពិនិត្យមើលសញ្ញាណនៃជំងឺមហារីកជាពិសេសមហារីកសុដន់ដោយខ្លួនឯងដើម្បីតាមដាន និងយល់ដឹងថាតើសុខភាពរបស់អ្នកមានបញ្ហានេះដែរឬអត់ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។ សូមអនុវត្តតាមវិធីខាងក្រោមដើម្បីពិនិត្យមើលដោយខ្លួនឯងនៅផ្ទះ។

នៅពីមុខកញ្ចក់

ដោះអាវឈរនៅពីមុខកញ្ចក់ធំមួយក្នុងបន្ទប់ដែលមានភ្លើងភ្លឺច្បាស់ល្អ ហើយសម្លឹងមើលសុដន់របស់អ្នក។ ប្រសិនបើសុដន់ទាំងគូនោះមានទំហំ ឬទ្រង់ទ្រាយមិនស្មើគ្នា នោះគឺអូខេ ព្រោះសុដន់នារីតែងតែមិនស្មើគ្នាបែបនេះ។ទម្លាក់ដៃឱ្យស្មើសម្រុងនៃដងខ្លួន ចូរសម្លឹងមើលសុដន់របស់អ្នកថាតើមានប្រែប្រួលទំហំ ទ្រង់ទ្រាយទីតាំង ឬស្បែកសុដន់ដែរឬទេ។ ចូររកមើលក្រែងលោមានសភាពផត ខួច ប៉ោង ឈឺចាប់ ឬប្ដូរពណ៌អីជាដើម។

បន្ទាប់មកទៀត ចូរដាក់ដៃច្រត់ចង្កេះ ហើយសង្កត់ដៃចុះក្រោមឱ្យខ្លាំងដើម្បីបន្តឹងសាច់ដុំដើមទ្រូងដែលនៅក្រោមសុដន់។ រួចបែរទៅឆ្វេងទៅស្ដាំដើម្បីពិនិត្យមើលសុដន់ទាំងពីរ។ បន្ទាប់មកឱនទៅមុខកញ្ចក់រួចបង្រួមស្មានិងកែងដៃទៅខាងមុខដើម្បីបន្តឹងសាច់ដុំដើមទ្រូងដែលនឹងធ្វើឱ្យសុដន់របស់អ្នកធ្លាក់ទៅខាងមុខ។ ចូរពិនិត្យមើលថាតើមានអ្វីប្រែប្រួលដូចចំណុចខាងលើដែរឬអត់។

ពេលងូតទឹក

ពិនិត្យរកមើលដុំពក ឬសាច់ឡើងក្រាស់នៅត្រង់ម្ដុំក្រោយក្លៀក។ ដាក់ដៃឆ្វេងរបស់អ្នកលើចង្កេះ ហើយយកដៃស្ដាំមកស្ទាបសុដន់ខាងឆ្វេងក្រែងមានអ្វីប្រែប្រួល។ ធ្វើបែបនេះឆ្លាស់គ្នាម្ខាងទៀត។ បន្ទាប់មក ដាក់សាប៊ូលើដៃឱ្យមានភាពរអិលរួចលើកដៃម្ខាងទៅលើពីក្រោយក្បាល យកម្រាមដៃម្ខាងទៀតទៅស្ទាបថ្នមៗលើសុដន់ ដោយចលនាពីលើចុះក្រោមចាប់ពីក្រោមខ្សែអាវទ្រនាប់ចុះទៅឆ្អឹងជំនី ហើយបន្តធ្វើបែបនេះរហូតស្ទាបពេញសុដន់ទាំងសងខាង។

ផ្ដេកខ្លួនដេក

វិធីម្យ៉ាងទៀត គឺផ្ដេកខ្លួនចុះ ហើយដាក់ខ្នើយតូច ឬកន្សែងបត់ឱ្យដូចខ្នើយមកដាក់ក្រោមស្មាខាងស្ដាំ។ យកដៃស្ដាំមកដាក់ពីក្រោយក្បាល ហើយដៃឆ្វេងដាក់ពីលើផ្នែកខាងលើនៃសុដន់ស្ដាំរបស់អ្នកដោយប្រើម្រាមដៃស្មើ។ អ្នកអាចប្រើឡេលាបខ្លួនដើម្បីកាន់តែស្រួលពិនិត្យ។ ចាប់ផ្ដើមការស្ទាបដោយប្រើចលនាតាមទ្រនិចនាឡិកាពីម៉ោង១២ដេញមកម៉ោង១រហូតគ្រប់ជុំ។ 

ពេលស្ទាបសុដន់រួចរាល់ ចូរខិតម្រាមដៃទៅជិតម្ដុំក្បាលសុដន់ហើយធ្វើចលនាដូចគ្នាម្ដងទៀតរហូតសព្វពេញសុដន់។ បន្ទាប់មក ដាក់ម្រាមដៃស្ទាបផ្ទាល់លើក្បាលសុដន់សង្កត់ដៃចុះក្រោមបន្តិចថាតើមានអ្វីប្រែប្រួលដែរឬអត់។ ធ្វើបែបនេះឆ្លាស់គ្នាម្ខាងទៀតឱ្យបានសព្វដើម្បីពិនិត្យមើលភាពប្រែប្រួល។

គួរធ្វើបែបណា បើសិនពិនិត្យឃើញមានដុំពកក្នុងសុដន់?

កុំទាន់ភ័យស្លន់ស្លោអី! បើអ្នកពិនិត្យឃើញដុំពក វាអាចមានកត្តាផ្សេងក្រៅពីមហារីកក៏ថាបាន។ ប៉ុន្តែចូរទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីតាមដានបន្ថែមនិងទទួលបានការប្រឹក្សាច្បាស់លាស់។ ម្យ៉ាងទៀតអ្នកក៏ត្រូវប្រញាប់ទៅជួបគ្រូពេទ្យភ្លាម ប្រសិនបើអ្នកពិនិត្យឃើញសុដន់ប្រែប្រួលខ្លាំងដូចជា៖

- ផ្នែកណាមួយនៃសុដន់ម្ខាងមានលក្ខណៈខុសគ្នាពីម្ខាងទៀត

- មានដុំពកឬសាច់ក្រាស់នៅត្រង់ ឬជិតសុដន់ ឬក្រោមក្លៀកដែលកើតមានអំឡុងពេលវដ្ដរដូវ

- រកឃើញមានភាពប្រែប្រួលត្រង់ទំហំទ្រង់ទ្រាយសុដន់​

- មានឈាម ឬទឹកថ្លាចេញពីក្បាលសុដន់

- ស្បែកសុដន់ឬក្បាលសុដន់មានពណ៌ក្រហមត្រង់ចំណុចណាមួយ៕