ទារកទើបនឹងកើតត្រូវការពេលវេលាសម្រាប់គេងច្រើនជាងមនុស្សធំ។ ហេតុនេះហើយ ប៉ាម៉ាក់ដែលទើបមានកូនតូចថ្មីថ្មោងត្រូវស្វែងយល់អំពីវិធីសាស្ត្រលួងកូនឱ្យគេងដើម្បីឱ្យពួកគេបានគេងលក់ស្រួលស្កប់ស្កល់ និងមិនយំរករឿងដែលនេះគឺជារឿងដ៏ឈឺក្បាលមួយដែលប៉ាម៉ាក់ភាគច្រើនកំពុងជួបប្រទះ។ ចូរសាកល្បងវិធីខាងក្រោមប្រហែលអាចជួយលោកអ្នកពីបញ្ហានេះបាន។
១. ថ្នាក់ថ្នមពួកគេពេលគេង
នៅពេលដាក់កូនតូចក្នុងអង្រឹង ឬគ្រែប៉ាម៉ាក់មិនគួរភ្លេចដាក់ដៃថ្នមៗទះថើលើពោះ ដៃ និងក្បាលរបស់ពួកគេបបោសអង្អែលថ្នមៗដើម្បីឱ្យពួកគេស្រួលខ្លួន និងឆាប់លង់លក់។ វិធីសាស្ត្រនេះអាចតូចតាចប៉ុន្តែវាអាចជាវិធីដ៏លឿនបំផុតក្នុងការលួងលោមទារក ព្រោះវាធ្វើឱ្យពួកគេមានអារម្មណ៍កក់ក្ដៅនិងសុវត្ថិភាព ដោយសារមិនយល់ថាពួកគេនៅឯកោ ហើយមានអ្នកនៅចាំថ្នាក់ថ្នម។
២. ដឹងម៉ោងពេលដែលត្រូវឱ្យកូនគេង
ជាធម្មតា កូនតូចដែលអាយុក្រោម១ឆ្នាំគួរតែចូលគេងនៅចន្លោះម៉ោង៦កន្លះល្ងាច ឬម៉ោង៧យប់តទៅដែលជាពេលដ៏ល្អបំផុត។ ប៉ាម៉ាក់គួរតែយកចិត្តទុកដាក់លើពេលវេលាដែលត្រូវលួងកូនគេងនិងគេងឱ្យបានត្រឹមត្រូវ ជៀសវាងគេងដោយគ្មានពេលទៀងទាត់ដែលនាំឱ្យទម្លាប់គេងមិនច្បាស់លាស់។ ក្រៅពីនេះ ម៉ាក់ប៉ាត្រូវដឹងអំពីសញ្ញាណដែលកូនងងុយគេង ជៀសវាងបន្តឱ្យពួកគេលេងយូរពេកទៅជាស្វាងកែប្រែទម្លាប់ចូលគេងជាប្រចាំនោះ។
ដើម្បីឱ្យកូនគេងបានស្កប់ស្កល់ អ្នកមិនគួរឱ្យបន្ទប់មានពន្លឺភ្លឺចាំងខ្លាំងពេកទេ។ ឧទាហរណ៍ អំឡុងពេលថ្ងៃ អ្នកគួរប្រើវាំងននដើម្បីបាំងពន្លឺព្រះអាទិត្យនិងបិទភ្លើងឬប្រើភ្លើងស្រទន់នៅពេលយប់ដើម្បីកុំឱ្យចាំងភ្នែកកូន រំខានការគេង។
៣. ស្លៀកពាក់ខោអាវណាដែលស្រួលខ្លួនឱ្យកូនពេលចូលគេង
ប៉ាម៉ាក់គួរជ្រើសរើសសម្លៀកបំពាក់ណាដែលផលិតចេញពីកាកសរសៃធម្មជាតិ(កំណាត់កាតុង) ដើម្បីជៀសវាងការរោល ឬរមាស់ស្បែក ឬរឹបខ្លួនកូនពេក។ នេះនឹងជួយឱ្យកូនគេងកាន់តែស្រួលនិងស្កប់ស្កល់បាន។
៤. អានរឿងឱ្យកូនៗស្ដាប់
ពេលខ្លះ ចង់ឱ្យកូនគេងលក់អ្នកមិនចាំបាច់ទាល់តែអានរឿងព្រេងតែមួយមុខនោះទេ តែប៉ាម៉ាក់អាចអានជាព័ត៌មានប្រវត្តិសាស្ត្រ ឬចំណេះដឹងផ្សេងៗ ព្រោះកូនតូចរីករាយនឹងការស្ដាប់អ្វីដែលថ្មីនិងប្លែក និងអាចបង្រៀនពួកគេឱ្យចូលចិត្តការរៀនពីតូចបានផង។ រាល់ពេលអាន អ្នកត្រូវអានដោយចេះលើកដាក់សំឡេងដើម្បីឱ្យអារម្មណ៍របស់កូនផ្ដោតទៅតាមការអាននិងស្លុងឆាប់គេងលក់ស្រួល។
៥. ប្រើកន្ទប ឬខោទឹកនោមដែលមិនឆាប់ជ្រាបឬហៀរ
ការរំខានការគេងរបស់ទារកគឺនៅពេលដែលខោទឹកនោមហូរឬជ្រាបចេញមកក្រៅដែលបណ្ដាលឱ្យកូនរបស់អ្នកភ្ញាក់ដោយសារភាពសើម ឬរមាស់។ ដូច្នេះអ្នកត្រូវជ្រើសរើសខោទឹកនោមណាដែលមានការបឺតទឹកបានល្អឬឧស្សាហ៍ផ្លាសប្ដូរកន្ទបកំណាត់ឱ្យបានញឹកញាប់ ជៀសវាងដល់ពេលកូនដឹងខ្លួនដោយខ្លួនឯង ហើយមិនងាយគេងលក់វិញបាន ព្រោះតែអារម្មណ៍នឹងការរំខាននោះ៕