ជារឿងធម្មតាទៅហើយ ដែលការទិញសម្ភារៈឬអចលនទ្រព្យបង់រំលស់ គឺជាជម្រើសដ៏ល្អមួយសម្រាប់ប្រជាពលរដ្ឋ ដោយតម្រូវឲ្យទូទាត់តាមរយៈការបង់ជាប្រចាំខែវិញ។ នេះគឺប្រៀបបានដូចជាបំណុលមួយ ដែលលោកអ្នកខ្ចីធនាគារ។ លោកអ្នកត្រូវដឹងថា តើប្រាក់កម្ចីឬប្រាក់ដែលត្រូវបង់រំលោះប្រចាំខែនោះ វាអាស្រ័យលើអ្វីខ្លះ?

ការទូទាត់ប្រាក់កម្ចីដែលត្រូវបង់ប្រចាំខែ គឺអាស្រ័យទៅធាតុផ្សំ៣សំខាន់ នោះគឺ "ទំហំនៃប្រាក់កម្ចី អត្រាការប្រាក់និងរយៈពេលនៃប្រាក់កម្ចី"។ អ្នកលក់និងអ្នកអោយខ្ចី ច្រើនតែចង់ឲ្យលោកអ្នកមានលទ្ធភាពនៃការទូទាត់ប្រាក់ប្រចាំខែទាបបំផុតក៏បានដែរ ដែលហាក់ដូចជាជម្រើសដ៏ល្អបំផុត។

*ឧទាហរណ៍ជាក់ស្ដែង៖ អ្នកលក់ទូរស័ព្ទដៃ ចង់ឲ្យអ្នកបង់ការទូទាត់ជាប្រចាំខែបើសិនគ្មានលទ្ធភាពបង់ទាំងអស់ ហើយអ្នកអាចនឹងលឺសំណួរ១ដូចគ្នាសួរអ្នកថា តើអ្នកអាចមានលទ្ធភាពបង់បានប៉ុន្មានក្នុងមួយខែ? 

ជាមួយនឹងព័ត៌មាននេះ អ្នកលក់អាចលក់ឲ្យអ្នកអ្វីក៏បាន ដោយពឹងលើព័ត៌មាននៃ ថវិកាចំណូលប្រចាំខែរបស់អ្នក ហើយពន្យាអាយុកាលនៃប្រាក់កម្ចីឲ្យកាន់តែវែង នោះការចំណាយសរុប នឹងឡើងខ្ពស់ជាងការបង់ផ្ដាច់ឬបង់ក្នុងរយៈពេលខ្លី។

គន្លឹះមួយ ដើម្បីអាចទទួលបានផលចំណេញលើចំនុចនេះ អ្នកអាចចរចាតម្លៃទិញឲ្យទាប ជាជាងការចង់បានការទូទាត់ប្រចាំខែទាប។ ការបញ្ចុះថ្លៃលក់ថយចុះ ជាធាតុផ្សំមួយក្នុងចំណោមសមាសធាតុទាំងបី នៃតម្លៃប្រាក់កម្ចីសរុប។ ហើយធាតុផ្សំពីរទៀតនោះគឺ ពេលវេលាបង់ និងអត្រាការប្រាក់ឲ្យកាន់តែទាប។

ការពង្រីកទំហំនៃប្រាក់កម្ចី មានន័យថា អ្នកនឹងត្រូវបង់ការប្រាក់កាន់តែច្រើន ទៅតាមអាយុកាលនៃប្រាក់កម្ចីនោះ។លើសពីនេះទៅទៀត ប្រាក់កម្ចីរយៈពេលកាន់តែវែង អាចនឹងមានហានិភ័យកាន់តែខ្ពស់៕