តើអ្នកកំពុងមានបញ្ហា​ជាមួយជើង និងស្បែកជើងមានក្លិនមែនទេ? ក្លិនជើង និងស្បែកជើងគឺកើតចេញពីបាក់តេរី និងផ្សិតដែលសង្ងំនៅកន្លែងដែលកក់ក្តៅហើយសើម។ ស្បែកជើងដែលបែកញើសរបស់អ្នកគឺជាកន្លែងដែលពពួកបាក់តេរី និងផ្សិតទាំងនោះស្រឡាញ់បំផុត។ នេះគឺជាវិធីសាស្រ្តមួយចំនួនសម្រាប់ការរក្សាក្លិនជើង និងស្បែកជើងមិនឱ្យមានក្លិនអាក្រក់។

១. លាងសម្អាតជើង និងស្បែកជើងរបស់អ្នកឱ្យបានញឹកញាប់

គួរលាង និងសម្ងួតជើងរបស់អ្នកមុននឹងពាក់ស្បែកជើង។ សាប៊ូ និងភាពស្ងួតអាចធ្វើឱ្យក្លិនអាក្រក់ចុះខ្សោយបានអ្នកអាចបន្ថែមសាប៊ូលាងចានតិចតួចក្នុងពេលដុះសម្អាត ប្រសិនបើអ្នកប្រើម៉ាស៊ីនបោកគក់ សូមដាក់ស្បែកជើងចូលហើយប្រើការកំណត់ដោយ Handwash។ វាល្អបំផុតក្នុងការធ្វើឱ្យស្បែកជើងស្ងួតដោយកម្ដៅថ្ងៃ ព្រោះថាកម្តៅនៅក្នុងម៉ាស៊ីនសម្ងួតសម្លៀកបំពាក់មិនល្អសម្រាប់ស្បែកជើងទេ។

២. ប្រើស្រោមជើងដែលស្ដើង និងអាចឱ្យខ្យល់ចេញចូលបាន

ការពាក់ស្រោមជើងធ្វើពីក្រណាត់ក្រាស់ៗអាចធ្វើឱ្យញើសជប់ជាប់នឹងជើង។ តាមបច្ចេកទេសសូមកុំប្រើស្រោមជើងដែលផលិតពីកប្បាស គួរប្រើស្រោមជើងដែលផលិតពីអំបោះ វាអាចរក្សាជើងនិងស្បែកជើងឱ្យស្ងួតជាងមុន។

៣. ត្រូវប្រាកដថាស្បែកជើងរបស់អ្នកស្ងួតជានិច្ចមុនពេលពាក់វា

កុំទុកស្បែកជើងរបស់អ្នកនៅក្នុងកាបូបយូរពេក ព្រោះវាជាកន្លែងដែលហប់និងសើមបានយូរដែលជាឱកាសសម្រាប់អតិសុខុមប្រាណដែលមានក្លិន។ ត្រូវឱ្យស្បែកជើងត្រូវខ្យល់និងកម្ដៅខ្លះទើបល្អ។

៤. ប្រើម្សៅក្រអូបលាបជើងជាមុន

ម្សៅសម្រាប់លាបជើងអាចស្រូបយកសំណើមហើយមានក្លិនក្រអូប និងលក្ខណៈសម្បត្តិបំបាត់ក្លិន។ ការប្រើម្សៅសម្រាប់លាបជើង និងដាក់ក្នុងស្បែកជើងមុននិងក្រោយពេលពាក់វាអាចជួយឱ្យស្បែកជើងស្ងួត និងរារាំងការលូតលាស់របស់ផ្សិត។

៥. ទុកស្បែកជើងនៅកន្លែងត្រជាក់ហើយស្ងួតបំផុត

ភាពត្រជាក់ក៏អាចរារាំងការលូតលាស់របស់បាក់តេរី និងផ្សិតបានដែរ។ ប្រសិនបើអ្នកទុកស្បែកជើងរបស់អ្នកនៅក្នុងបន្ទប់ត្រជាក់ និងស្ងួតដែលមានខ្យល់ចេញចូលបាននោះ វានឹងជួយរក្សាសភាពដើមបាន៕