ការប្រើប្រាស់ទូរស័ព្ទដៃនាពេលបច្ចុប្បន្ននេះ មានការរីកដុះដាលស្ទើរតែគ្រប់ស្រទាប់ មិនត្រឹមតែយុវវ័យប៉ុណ្ណោះទេ សូម្បីតែកុមារ ដោយសារតែវាកំពុងតែទាក់ទាញតាមរយៈកម្មវិធីប្លែកៗដល់អ្នកប្រើប្រាស់ ជាពិសេសសម្រាប់កុមារ ដោយយើងសង្កេតឃើញថា កុមារបច្ចុប្បន្នភាគច្រើនប្រើប្រាស់ទូរស័ព្ទ ច្រើនជាងធ្វើសកម្មភាពផ្សេងៗ។

  • សូមទាញយកកម្មវិធី Krama Post ទូរសព្ទដៃ Android សូមចុច https://bit.ly/2QiVDk8 
  • សម្រាប់ទូរសព្ទដៃ Apple (iOS) សូមចុច https://apple.co/33dkMTr 

  • លោកបណ្ឌិត កុល ផេង បិតាស្ថានិកសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា មានប្រសាសន៍ថា ឪពុកម្តាយឬអាណាព្យាបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើកូនៗរបស់ខ្លួន ពីការប្រើប្រាស់ទូរស័ព្ទដៃ ដោយមិនគួរបង្ហាត់បង្រៀនក្មេងឲ្យចាប់កាន់លេងទូរស័ព្ទ ខណៈដែលពួកគេនៅជាកុមារ និងមិនទាន់យល់ដឹងពីផលអវិជ្ជមានពីការការប្រើប្រាស់ទូរស័ព្ទដៃនៅឡើយ។

    លោកបណ្ឌិតថា៖ « ម្តាយឪពុកខ្លះ ឲ្យកូនលេងទូរស័ព្ទតាំងបីកូនអាយុ៥ ឬ៦។ អ្នកខ្លះទៀតពេញចិត្តកូន ទិញទូរស័ព្ទឲ្យកូន ដល់កូនលេងទៅ វាលែងទៅរៀន »

    អតីតរដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡារូបនេះបន្តទៀតថា ប្រសិនបើឪពុកម្តាយស្រលាញ់កូន ចង់ឲ្យកូនល្អ រៀនពូកែ និងមិនចង់ឲ្យកូនត្រូវរងផលប៉ះពាល់ដល់សុខភាពនិងផ្លូវចិត្តទៅថ្ងៃមុខទេ អាណាព្យាបាលគ្រប់រូបមិនត្រូវឲ្យកូនប្រើប្រាស់ទូរស័ព្ទដៃដាច់ខាត បើពុំចាំបាច់។

    លោកបញ្ជាក់ថា៖ « បើស្រលាញ់កូន(ក្មេង) កុំឲ្យប្រើស្មាតហ្វូន(Smartphone) កុំឲ្យប្រើថេលេហ្វូន(Telephone)ឲ្យសោះ​»។ លោកបន្ថែមថា៖ « ហើយការចូលក្នុងល្បែង(games)បាញ់ហ្នឹង ក្មេងខ្លះស្គម ដោយសារញៀននឹងល្បែងក្នុងទូរស័ព្ទដៃ រឿងនេះគ្រោះថ្នាក់ណាស់ ហើយទៅថ្ងៃក្រោយទៅពិបាកកែ »។

    លោកបណ្ឌិតបន្ថែមថា ឪពុកម្តាយគ្រប់រូបមិនត្រូវធ្វើតាមចិត្តកូនពេកទេ ជាពិសេសជៀសវាងការប្រគល់ទូរស័ព្ទឲ្យលេងដើម្បីជាការលួង ដោយជំនួសវិញដោយការអានសៀវភៅធ្វើការងារសាលា និងត្រូវព្យាយាមកាត់បន្ថយការលេងទូរស័ព្ទ ព្រមទាំងឈានដល់ការកាត់ផ្តាច់ឈប់ឲ្យលេងទូរស័ព្ទទាំងស្រុងតែម្តង។

    ស្ថាបនិកសាកលវិទ្យាល័យបញ្ញាសាស្រ្តខាងលើ មានប្រសាសន៍ថា៖​« បើជ្រុលហើយមានតែផ្តាច់ឲ្យវាយំ ឲ្យវាយំឲ្យអស់ចិត្តទៅកុំឲ្យ ​ បើឲ្យលេងត្រូវឲ្យរៀនធ្វើការងារសាលាសិន និងត្រូវកាត់បន្ថយម្តងបន្តិចៗ»។

    គួរជម្រាបផងដែរថា ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាអេឡិចត្រូនិចមួយចំនួន អាចបណ្តាលឲ្យមានផលប៉ះពាល់ដល់សុខភាពផ្លូវកាយនិងផ្លូវចិត្តដល់កុមារ ដែលបណ្តាលឲ្យពួកគេមានការផ្លាស់ប្តូរអត្តចរិក អាកប្បកិរិយានិងបាត់បង់ទំនាក់ទំនងជាមួយឪពុកម្តាយថែមទៀត៕

    រូបភាព៖ Dr. Kol Pheng