មនុស្សម្នាក់ៗតែងប្រាថ្នាចង់បានសេចក្តីសុខក្នុងជីវិតរស់នៅប្រចាំថ្ងៃ ព្រោះទោះបីជាយើងជាអ្នករកស៊ីឬអ្នកធ្វើការក៏ដោយ ក៏យើងខិតខំប្រឹងប្រែងគ្រប់យ៉ាងដើម្បីឱ្យជីវិតមានសេចក្តីសុខដែរ។ ទោះជាយ៉ាងនេះក្តី មានមនុស្សខ្លះកាន់តែខំ កាន់តែទុក្ខហើយកាន់តែខ្លាំងក៏កាន់តែមានបញ្ហាក្នុងជីវិតជាដើម។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកជំទាវ តាំង ហ្គិចលៀង អគ្គនាយិកាក្រុមហ៊ុនឌីហ្វើនីឈ័រ បានលើកឡើងថា ដើម្បីឱ្យជីវិតមានសេចក្តីខុសគួរធ្វើខ្លួនឱ្យត្រជាក់ដូចទឹក ដែលមនុស្សគ្រប់គ្នាខ្វះមិនបានតែកុំធ្វើខ្លួនឱ្យខ្លាំងដូចសាំងដែលអាចបញ្ឆេះឱ្យអ្វីៗដំណើរការបាន តែបែរជាគេដុតតែបន្តិចក៏ឆេះគ្មានសល់។ លោកជំទាវបានបន្ថែមផងដែរថា មិនតែប៉ុណ្ណោះសារធាតុរបស់សាំង មិនត្រឹមតែអាចបំផ្លាញខ្លួនឯងនោះទេតែវាក៏អាចបំផ្លាញរបស់ល្អៗដែលនៅជុំវិញខ្លួនបានថែមទៀតផង។
លោកជំទាវ តាំង ហ្គិចលៀង បាននិយាយថា៖ «សាំងអ្នកផងសរសើរនៅពេលដែលវាមានប្រយោជន៍តែនៅពេលមានរឿងគ្រប់គ្នានឹងចាប់ផ្តើមស្អប់ហើយគុំគួនវាទៅវិញ»។
អ្នកជំនួញខាងលើបានបញ្ជាក់ផងដែរថាសាំងជាវត្ថុដែលគេប្រយ័ត្ន មិនទុកចិត្តនោះទេ ព្រោះវាអាចបំផ្លាញគេវិញនៅថ្ងៃណាមួយ។ប្រៀបធៀបមកជីវិតប្រចាំថ្ងៃវិញ មនុស្សដែលមានចរិតឆេវឆាវ រមែងដូចជាសាំងដូច្នោះដែរ។គេអាចបំផ្លាញអ្វីៗដែលខ្លួនសាងដោយមិនដឹងខ្លួន ព្រោះការឆេវឆាវមិនអាចដោះស្រាយបញ្ហាបានល្អទេ ហើយរមែងនាំទុក្ខដល់ខ្លួនថែមទៀតផង។ ផ្ទុយមកវិញ ប្រសិនបើយើងធ្វើចិត្តឱ្យត្រជាក់ដូចទឹកនោះយើងនឹងមានអារម្មណ៍ល្អទោះបីជារឿងអាក្រក់ចូលមកក្នុងជីវិតរបស់យើងក៏វាក្លាយជាល្អវិញបានដែរ។ បន្ថែមពីលើនេះទោះបីជារឿងក្តៅក្រហាយក៏អាចក្លាយជាត្រជាក់វិញដែរ។ នៅពេលនោះអ្នកនឹងមានសេចក្តីសុខនិងភាពរីកចម្រើនដោយសារតែចិត្តត្រជាក់របស់យើង៕