មនុស្សបច្ចុប្បន្ន ភាគច្រើនកើតទុក្ខនិងព្រួយបារម្ភជ្រុល ជាមួយនឹងរឿងរ៉ាវដែលមិនទាន់មកដល់ ហើយពួកគេធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីតែថ្ងៃមុខ ដោយមិនសូវយកចិត្តទុកដាក់ជាមួយនឹងស្ថានភាពបច្ចុប្បន្នកាល។ ក្រោយពេលពួកគេដល់វ័យចាស់ ទើបនឹកឃើញស្តាយក្រោយ តែទោះបីជាមិនសប្បាយចិត្តក៏ពេលវេលាទៅហួសបាត់ទៅហើយ។
លោក នឹម ឈុន្នី ស្ថាបនិកក្រុមហ៊ុន VIPASSA បានលើកឡើងថា មនុស្សមួយចំនួនហាក់ដូចជាមិនសូវយកចិត្តទុកដាក់ជាមួយនឹងការរស់នៅក្នុងពេលបច្ចុប្បន្ននោះទេ ព្រោះពួកគេផ្តោតតម្លៃខ្លាំងពេកទៅថ្ងៃអនាគតដែលមិនទាន់មកដល់។ ការធ្វើបែបនេះគឺមិនខុសពីបោះបង់ជីវិតបច្ចុប្បន្ន ដែលពោរពេញទៅដោយថាមពល និងភាពរីករាយហើយស្រមើស្រមៃចង់ឃើញតែរូបភាពដែលមិនប្រាកដនិយមថាអាចនឹងកើត ឬមិនកើតផង។ លោកថាការធ្វើបែបនេះជាទម្លាប់មិនល្អមួយ ដែលប៉ះពាល់ដល់ការកសាងសេចក្តីសុខក្នុងជីវិត ហើយវាក៏ធ្វើឱ្យយើងនឿយហត់ជាមួយនឹងជីវិតកាន់តែខ្លាំងដោយសារតែគ្រប់ពេលវេលាមានតែការខិតខំ តែគ្មានការសម្អាតចិត្តឱ្យមានភាពរីករាយ ឬមិនព្រមរីករាយជាមួយស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន។
លោក នឹម ឈុន្នី បាននិយាយថា៖«ជីវិតរបស់យើងមានថាមពលខ្លាំងណាស់ ប្រសិនបើយើងចេះរស់នៅជាមួយបច្ចុប្បន្នកាលដែលពោរពេញទៅដោយភាពវិជ្ជមាន និងចេះរីករាយនៅគ្រប់ដំណាក់កាលនៃការរស់នៅ»។
អ្នកអប់រំចិត្តខាងលើបានលើកឡើងផងដែរថា តាមពិតទៅភាពរីករាយក្នុងជីវិតគឺអាចកើតឡើងគ្រប់ពេល និងគ្រប់កាលៈទេសៈ។ វាមិនអាស្រ័យតែលើទ្រព្យសម្បត្តិ ភាពមានបាន ឬលុយកាក់នោះទេ។ កុំរង់ចាំមានបានឬកុំរង់ចាំពេលវេលាណាមួយទើបចាប់ផ្តើមស្វែងរកអត្ថន័យជីវិត។ ឱ្យតែយើងចេះព្រមនិងរីករាយជាមួយនឹងជីវិតបច្ចុប្បន្នរបស់យើងយើងនឹងឃើញផ្លូវជាច្រើនដើម្បីធ្វើឱ្យជីវិតមានតម្លៃ និងរីករាយ។
មែនទែនទៅ មួយថ្ងៃៗយើងបានធ្វើរឿងល្អៗច្រើនណាស់ដែលយើងអាចរីករាយ ហើយពេលខ្លះត្រឹមតែការជួយអ្នកដទៃនិងផ្តល់រង្វាន់សម្រាប់ខ្លួនឯងដែលសម្រេចបានការងារតូចៗណាមួយក៏ធ្វើឱ្យយើងរីករាយបានដែរ។ ហេតុនេះសូមចាប់ផ្តើមផ្តោតការយកចិត្តទុកដាក់ជាមួយនឹងជីវិតប្រចាំថ្ងៃ ហើយចេះតាមដាននិងលើកទឹកចិត្តខ្លួនឯងនៅគ្រប់ដំណាក់កាលទាំងអស់។ ប្រសិនបើយើងចេះរីករាយជាមួយបច្ចុប្បន្នកាលនោះយើងនឹងមានអនាគតកាលល្អមួយដែលគ្មានវត្តមានភាពស្តាយក្រោយ៕