ទទួលបានការងារសំខាន់ និងមានចំណូលច្រើនជាអ្វីដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន តែអ្វីដែលជាចំណុចសំខាន់និងជាកត្តាប្រឈម ដែលមិនធ្វើឱ្យមនុស្សជាច្រើនសម្រេចគោលដៅទាំងនេះ គឺដោយសារតែចំណុចចាប់ផ្តើម និងការអភិវឌ្ឍសមត្ថភាពរបស់គាត់នៅមានកម្រិត។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ជួប រតនា អ្នកជំនាញទេសចរណ៍និងជាអ្នកអប់រំផងបានលើកឡើងថា មនុស្សគ្រប់គ្នាសុទ្ធតែចង់ក្លាយជាមនុស្សសំខាន់ ឬមានតួនាទីល្អក្នុងស្ថាប័នរបស់ខ្លួន តែអ្វីដែលពួកគេមិនសូវយកចិត្តទុកដាក់គឺចំណុចចាប់ផ្តើម។ ជាក់ស្តែង ក្នុងអាជីពលើវិស័យទេសចរណ៍វិញ និស្សិតទាំងអស់ត្រូវតែយកចិត្តទុកដាក់លើជំនាញតូចៗបំផុត មុននឹងទទួលបានឱកាសជាអ្នកគ្រប់គ្រង។ ប្រសិនបើមិនយកចិត្តទុកដាក់ហើយឆ្លងកាត់ដំណាក់កាលតូចៗនោះទេគាត់មិនអាចឈានទៅក្លាយជាអ្នកដឹកនាំស្ថាប័ននោះបាននោះទេ។
លោក ជួប រតនា បាននិយាយថា៖ «អ្នកសិក្សាត្រូវតែមើលពីចរន្តនៃអាជីពនីមួយៗ ថាចាប់ផ្តើមពីច្រកណា អាចទៅកាន់កន្លែងណាខ្លះបាន។ ប្រសិនបើយើងឃើញពីវិថីនៃអាជីពច្បាស់លាស់ហើយ យើងនឹងលែងប្រកាន់ការងារតទៅទៀតហើយ។ បន្ថែមពីលើនេះ ទោះបីជាមានមតិខាងក្រៅនិយាយបែបណា ក៏យើងនឹងមិនរេរាតាមពាក្យសម្តីរបស់អ្នកដទៃដែរ»។
អ្នកអប់រំខាងលើបានបន្ថែមទៀតថា ពេលខ្លះមនុស្សមួយចំនួនមិនសូវឱ្យតម្លៃការងារតូចៗនោះទេ ដូចអ្នកខ្លះលើឡើងថា រៀនអស់លុយរាប់ពាន់ដុល្លារ និងចំណាយពេលជាយូរ តែចុងក្រោយបានត្រឹមតែ Waiter-Waitress ក្នុងសណ្ឋាគារ ឬក្នុងសេវាកម្មទេសចរណ៍ជាដើម។ ប្រសិនបើគិតមួយភ្លែត យើងនឹងយល់ថា វាជារឿងដែលមិនសមហេតុផលដូចគាត់លើកឡើង តែបើយើងមើលឱ្យច្បាស់ពីលំហូរនៃអាជីពវិញ យើងនឹងឃើញថាគ្រប់អ្នកគ្រប់គ្រងសណ្ឋាគារធំៗ ឬអ្នកដែលកំពុងដឹកនាំស្ថាប័នទេសចរណ៍ឯកជនសំខាន់ៗស្ទើរតែទាំងអស់ សុទ្ធតែចាប់ផ្តើមពីការងារតូចបំផុតនេះទាំងអស់។
ហេតុនេះប្រសិនបើយើង ចេះចាប់ឱកាសតូចៗទាំងអស់នេះ ថ្ងៃក្រោយយើងអាចនឹងទទួលបានចំណូលច្រើន និងក្លាយជាអ្នកដឹកនាំដ៏ល្អម្នាក់ ព្រោះគ្រប់ការងារទាំងអស់តាំងពីការងារតូចបំផុត រហូតដល់ការងារកំពូលសុទ្ធតែយើងធ្លាប់ឆ្លងកាត់៕