មនុស្សម្នាក់ៗសុទ្ធតែរស់នៅក្នុងជីវិត ដែលហ៊ុមព័ទ្ធទៅដោយសង្គមនិងបរិស្ថានខាងក្រៅជាច្រើន ដែលជះឥទ្ធិពលទាំងវិជ្ជមាននិងអវិជ្ជមាន ដល់ការសម្រេចចិត្ត និងការរស់នៅ។
លោក កែវ ឡង់ឌី អគ្គនាយកអភិវឌ្ឍធុរកិច្ចនៃ Baby outlet បានលើកឡើងថា ជីវិតរបស់យើងម្នាក់ៗសុទ្ធតែមានបញ្ហានិងរស់នៅក្នុងសង្គមដែលហ៊ុមព័ទ្ធទៅដោយមតិ និងការយល់ឃើញខុសៗគ្នា។ ជាទូទៅ មនុស្សដទៃនិងបរិស្ថានជុំវិញខ្លួនយើង សុទ្ធតែអាចជះឥទ្ធិពលមកលើខ្លួនយើងតាមរយៈសម្តី ការណែនាំឬមតិយោបល់មួយចំនួនដែលអាចធ្វើឱ្យយើងផ្លាស់ប្តូរ។ ពេលខ្លះប្រសិនបើយើងសំណាងល្អ យើងទទួលយោបល់ប្រកបដោយភាពវិជ្ជមាននោះយើងនឹងអាចផ្លាស់ប្តូរជីវិតរបស់យើង ឆ្ពោះទៅរកភាពរីកចម្រើនតែពេលខ្លះទៀតប្រសិនបើយើងស្ថិតនៅក្នុងចំណោមមនុស្សអវិជ្ជមាន នោះជីវិតរបស់យើងនឹងអាចជួបបញ្ហា។
លោក កែវ ឡង់ឌី បាននិយាយថា៖«រាល់សកម្មភាពសំខាន់នានា ដែលយើងធ្វើឡើងដោយច្នៃប្រឌិត ឬមានភាព uniqueខុសប្លែកគេ ជានិច្ចកាលតែងតែមានការរិះគន់ ឬមានមតិមិនល្អពីខាងក្រៅ។ ស្ថានភាពបែបនេះប្រសិនបើយើងបាក់ទឹកចិត្ត នោះយើងនឹងបោះបង់ភាពសំខាន់នៃគំនិតរបស់យើង នោះចោលតែប្រសិនបើយើងយល់ច្បាស់ពីវា យើងនឹងអាចគិតក្នុងផ្លូវផ្សេងទៅវិញ»។
សហគ្រិនខាងលើបានលើកឡើងផងដែរថា ប្រសិនបើយើងមានភាពច្បាស់លាស់និងចេះផ្តល់តម្លៃដល់ខ្លួនឯង ទោះបីជាអ្នកដទៃ មិនមើលឃើញតម្លៃរបស់យើងក៏ដោយក៏យើងនៅតែអាចមើលឃើញពីភាពច្បាស់លាស់របស់យើង។ នៅពេលយើងមានគំនិតវិជ្ជមាន យើងនឹងយល់ឃើញថាគំនិតល្អដែលយើងកំពុងធ្វើនោះត្រូវបានអ្នកដទៃបន្តុះបង្អាប់ដោយសារតែគាត់មិនយល់ពីតម្លៃរបស់វា។
ហេតុនេះមានន័យថាអ្វីដែលយើងកំពុងធ្វើនោះជារឿងប្លែកគេ និងអាចអភិវឌ្ឍបាន។ ទោះជាយ៉ាងនោះក្តីលោកបានណែនាំផងដែរថា យើងមិនអាចបិទភ្នែក បិទគំនិត មិនទទួលយកយោបល់ខាងក្រៅនោះទេគ្រាន់តែយើងត្រូវមានភាពរឹងមាំពីខាងក្នុងជាមុនសិនថាអ្វីជាគោលំហរពិតប្រាកដរបស់យើង។ យោបល់ខាងក្រៅ យើងនៅតែត្រូវការ តែមិនមែនត្រូវការរហូតភ្លេចពីខ្លួនឯងនោះទេ។ យើងត្រូវការយោបល់នានាដើម្បីកែលម្អឱ្យកាន់តែប្រសើរឡើងហេតុនេះយោបល់ណាដែលនាំឱ្យយើងជួបបញ្ហា យើងអាចពិចារណាដោយផ្អែកលើបុព្វហេតុជីវិតរបស់យើងជាគោល៕