បុគ្គលដឹកនាំមានលក្ខណៈពិសេសជាងមនុស្សធម្មតាទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។ ពួកគេមានចក្ខុវិស័យមួយជាក់លាក់មានភាពផុសផុលចំពោះសកម្មភាព និងមានភាពរឹងមាំជាដើម។ ចំណុចទាំងនេះបញ្ជាក់យ៉ាងច្បាស់ពីពួកគេស្របពេលមនុស្សធម្មតាគ្មានគុណសម្បត្តិពិសេសទាំងនេះទេ។ ពួកគេតែងតែខ្លាចបារម្ភច្រើន ភ័យពិសេសនៅពេលជួបហេតុការណ៍មិនប្រក្រតីណាមួយ។ លក្ខណៈជាអ្នកដឹកនាំអ្នកគួរស្វែងយល់មានដូចជា៖
១.បង្ហាញពីចក្ខុវិស័យសម្រាប់អនាគត
បុគ្គលដឹកនាំធ្វើកិច្ចការមិនថាតូច ឬធំ តែងតែមានគោលដៅនិងចក្ខុវិស័យច្បាស់លាស់ជានិច្ច។ ពួកគេមិនធ្វើសកម្មភាពដែលមិនដឹងច្បាស់អំពីមូលហេតុពិសេសមិនអាចព្យាករលទ្ធផល។ មនុស្សទូទៅក៏ដូចគ្នាដែរតែងចង់ធ្វើកិច្ចការណាដែលខ្លួនដឹងហេតុផលច្បាស់លាស់ និងអាចព្យាករបានប៉ុន្តែពួកគេមិនសូវផ្តោត ឬយកចិត្តទុកដាក់ខ្លាំងដូចបុគ្គលដែលមានលក្ខណៈសម្បត្តិជាអ្នកដឹកនាំទេ។
ដូចនេះយើងត្រូវតែរៀនស្វែងរកវត្ថុបំណងទិសដៅ និងចក្ខុវិស័យជាមុនពិសេសរឿងរ៉ាវគ្រប់យ៉ាងពាក់ព័ន្ធនឹងមូលហេតុជម្រុញទឹកចិត្តយើងឱ្យជ្រើសរើសធ្វើទង្វើល្អៗ។ ភាពជាបុគ្គលដឹកនាំតែងជ្រើសរើសធ្វើកិច្ចការដោយភាពច្បាស់លាស់ជានិច្ច។ ពួកគេដឹងច្បាស់អំពីកិច្ចការដែលគួរធ្វើនិងមិនគួរធ្វើពួកគេមិនប្រថុយនឹងកិច្ចការដែលមិនច្បាស់ទេពួកគេធ្វើតែកិច្ចការណាដែលច្បាស់។ ថ្វីត្បិតពេលខ្លះពួកគេបង្ខំធ្វើកិច្ចការដែលមិនច្បាស់ ប៉ុន្តែកិច្ចការនេះគឺធ្វើតែក្នុងករណីពិសេសណាមួយដោយមិនបានកើតចេញពីទឹកចិត្តផ្ទាល់ខ្លួននោះទេ។
២.បង្ហាញទឹកចិត្តផុសផុល
បុគ្គលដឹកនាំមិនត្រឹមតែមានគោលបំណងចក្ខុវិស័យច្បាស់លាស់ប៉ុណ្ណោះទេពួកគេថែមទាំងមានភាពផុសផុល និងធ្វើទង្វើយ៉ាងរស់រវើកថែមទៀតផង។ ពួកគេតែងតែដឹងអំពីកត្តាជម្រុញទឹកចិត្តខ្លួនឯងជម្រុញទឹកចិត្តមិត្តភក្តិជម្រុញទឹកចិត្តក្រុមការងារជាដើមហើយតែងតែប្រើកត្តាទាំងនោះដើម្បីបំផុសចលនាដ៏ធំមួយសម្រាប់ប្រយោជន៍រួម។ នេះជាគន្លឹះមួយដែលដឹកនាំទៅរកគំនិតបង្កើតសកម្មភាពផុសផុលដល់គ្រប់ភាគីពាក់ព័ន្ធហើយរួមគ្នាធ្វើកិច្ចការដើម្បីលទ្ធផលរួម។
៣.ធ្វើឱ្យអ្នកដទៃមានអារម្មណ៍អស្ចារ្យ
ភាពជាបុគ្គលដឹកនាំមានសមត្ថភាពធ្វើឱ្យអ្នកដទៃមានអារម្មណ៍ល្អមានតម្លៃ អស្ចារ្យ និងដូចកំពុងទទួលបានការលើកសរសើរ។ ការសម្រួលអារម្មណ៍ឱ្យអ្នកដទៃពុះកញ្រ្ជោលចង់ស្តាប់ចង់ធ្វើតាម និងចង់បង្ហាញសមត្ថភាពជាលក្ខណៈសម្បត្តិដែលមិនអាចកាត់ថ្លៃបានរបស់អ្នកដឹកនាំ។
ជំនាញដែលបុគ្គលដឹកនាំតែងតែប្រើគឺការអនុវត្តការស្តាប់ការសង្ខេបគំនិតអ្នកដទៃការបញ្ជាក់ពីគោលបំណងអ្នកដទៃ។ ពួកគេបង្ហាញពីឥរិយាបថផ្តល់តម្លៃដល់អ្នកដទៃហើយតែងលើកឡើងពីការស្នើសុំប្រឹក្សាយោបល់ជាជាងការបង្គាប់បញ្ជា។ពួកគេអនុវត្តការស្តាប់ចៀសវាងការប្រាប់ និងបញ្ជាអ្នកដទៃឱ្យធ្វើតាមខ្លួន។
៤.មានគុណតម្លៃប្រព្រឹត្តដោយសីលធម៌
ភាពជាបុគ្គលដឹកនាំជាមនុស្សរស់នៅដោយមានគុណតម្លៃច្បាស់លាស់ក្នុងជីវិតប្រចាំថ្ងៃ ឧទាហរណ៍ សុភមង្គល សុខសុវត្ថិភាព និងភាពជោគជ័យជាដើម។ ដើម្បីអនុវត្តឱ្យបាននូវគុណតម្លៃទាំងនេះបុគ្គលដឹកនាំតែងតែធ្វើសកម្មភាពប្រកបដោយក្រមសីលធម៌ជានិច្ច។ ពួកគេស្រលាញ់គោរពចូលចិត្តនិងរាប់អានមនុស្សដែលចេះផ្តល់តម្លៃខ្លួនឯងពិសេសកិច្ចការគ្រប់យ៉ាងដែលបានជ្រើសរើសធ្វើ។
ភាពជាបុគ្គលដឹកនាំក៏ជាប្រភេទមនុស្សដែលចូលចិត្តជួយផ្លាស់ប្តូរអ្នកដទៃឱ្យដើរមករកផ្លូវល្អដែរ។ គេចូលចិត្តអូសទាញអ្នកដទៃតាមរយៈការឆ្លុះបញ្ចាំងឱ្យឃើញអំពីគុណវិបត្តិដែលកើតចេញពីទង្វើខ្វះសីលធម៌ទង្វើដែលគេបកស្រាយថាមិនសក្តិសមពិសេសទង្វើដែលនាំឱ្យរឿងមិនល្អកើតឡើង។ ពួកគេសុខចិត្តលះបង់ពេលវេលាបន្តិចបន្តួចធ្វើរឿងត្រឹមត្រូវមួយហើយរឿងត្រឹមត្រូវនេះគឺការជួយសង្រ្គោះមនុស្សដែលកំពុងដើរផ្លូវខុស។
៥.ស្រលាញ់ធ្វើដោយយកចិត្តទុកដាក់
មានចក្ខុវិស័យមានគោលបំណងច្បាស់លាស់ប៉ុន្តែខ្វះក្តីស្រឡាញ់យើងមិនអាចធ្វើសកម្មភាពឆ្ពោះទៅរកភាពជោគជ័យបានទេ។ លើសពីនេះ បើយើងមានចក្ខុវិស័យច្បាស់លាស់ប៉ុន្តែសមាជិកក្នុងក្រុមមិនយល់ពីចក្ខុវិស័យនេះពួកគេនឹងបាត់បង់គុណតម្លៃនៃការស្រលាញ់ និងមិនចូលរួមពេញលេញក្នុងការអនុវត្តផែនការបានឡើយ។
បុគ្គលមិនយល់ពីចក្ខុវិស័យប្រៀបដូចមនុស្សខ្វាក់ដែលដើរត្រូវរាវរកផ្លូវដែរ។ ដោយសារមិនយល់ពីចក្ខុវិស័យទើបពួកគេមិនដឹងថាតើត្រូវធ្វើកិច្ចការអ្វីឱ្យពិតប្រាកដ? ដូច្នេះពួកគេមានតែរង់ចាំអ្នកដឹកនាំប្រាប់បង្ហាញ និងណែនាំប៉ុណ្ណោះ។មានន័យថា ពួកគេមិនមែនជាបុគ្គលដឹកនាំទេហើយអ្នកបង្កើតសមាជិកប្រភេទគឺជាប្រធាន។
ចូរចងចាំថាបើគ្មានក្តីស្រលាញ់ទេទោះបីយើងធ្វើ ឬអនុវត្តផែនការក៏យើងធ្វើទាំងមិនពេញចិត្តធ្វើទាំងងងឹតងងុលធ្វើទាំងមិនដឹងចំណុចត្រូវបញ្ចប់ទៅវិញជាដើម៕
ប្រភព៖ លោក សូ សាវឿន មូលដ្ឋានបោះជំហានទៅមុខ