សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

តាម​ការ​ឱ្យ​ដឹង​ពី​​ក្រុម​គ្រូពេទ្យ​នៃ​​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ ការ​មាន​អារម្មណ៍​​សោក​សៅ​​មួយ​រយៈ​​ពេល​ខ្លី ហើយ​បាត់​ទៅ​វិញ​​ក្នុង​រវាង​ពីរ​បី​ម៉ោង ទៅ​ពីរ​ បី​ថ្ងៃ គឺ​ពុំ​មែន​​ជា​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​​នោះ​ទេ។ ក៏​ប៉ុន្តែ​ ពេល​ខ្លះអារម្មណ៍​​​សោក​សៅ​​អាច​មាន​កម្រិត​ខ្លាំង និង​យូរ​លើស​​ពី​២​សប្តាហ៍ ហើយ​ធ្វើ​ឱ្យ​រំខាន​​ដល់​​ការងារ​ និង​​​ការ​ប្រាស្រ័យ​ទាក់​ទង​​ប្រចាំ​ថ្ងៃ​ទៀត​ផង ដែល​ស្ថាន​ភាព​បែប​នេះ ត្រូវ​ហៅ​បាន​ថាជា​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​។ តាម​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត​អ្នក​ជំងឺ​​ធ្លាក់​ទឹក​ចិត្ត​ ច្រើន​មាន​រោគ​សញ្ញា​​សំខាន់​ៗ​​រួម​មាន​៖

  • មាន​អារម្មណ៍​​សោក​សៅ
  • លែង​ចង់​ធ្វើ​អ្វី​
  • អស់​កម្លាំង​​ជាប់​ជា​ប្រចាំ​

ហើយ​​ក្រៅ​ពី​នេះ អ្នក​ជំងឺ​​ធ្លាក់​ទឹក​ចិត្ត​ ក៏​អាច​​​មាន​អាការៈ​​មួយ​ចំនួន​ទៀត​ដូច​ជា​៖

  • លែង​មាន​ជំនឿ​​ជឿ​ជា​ក់​លើ​ខ្លួន​ឯង​
  • មាន​អារម្មណ៍​​បន្ទោស​ខ្លួន​ឯងស្អប់​ខ្លួន​ឯង​ គិត​ថា​ជីវិត​គ្មាន​ន័យ ឬ​គិត​ដល់​ការ​សម្លាប់​ខ្លួន​​។
  • រសេស​រសោះ ​ឬ​អាច​ទៅ​ជា​និយាយ​ស្តីឬ​ធ្វើ​សកម្មភាព​យឺត​ៗ
  • ពិបាក​​ផ្ចង់​អារម្មណ៍​
  • ភ្លេច​ភ្លាំង​ច្រើន​
  • ពិបាក​គេង​លក់​
  • គេង​ឆាប់​ភ្ញាក់ ​​ឬ​អាច​ទៅ​ជា​ចេះ​តែ​ចង់​គេង​
  • មិន​ឃ្លាន​អាហារ​ ឬ​អាច​ទៅ​ជា​ញ៉ាំ​ច្រើន​​ខុស​ពី​ធម្មតា​ក៏​មាន​

គ្រូ​ពេទ្យ​បាន​បន្ថែម​ទៀត​ថាការ​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​មិន​មែន​​មាន​ន័យ​ថា​អ្នក​ទន់​ខ្សោយ ឬ​ខ្ជិល​​ច្រអូស​នោះ​ទេ។ វា​ជា​ជំងឺ​​ដែល​គេ​ឧស្សាហ៍​​ជួប​ប្រទះដូច​គ្នា ​នឹង​ជំងឺ​លើស​ឈាម​ទឹក​នោម​ផ្អែម ឬ​រលាក​សន្លាក់​ដែរ​។ ថ្វី​បើ​វា​អាច​ជា​ឃាត​ករ​លាក់​មុខ​ដែល​អាច​ឆក់​យក​ជីវិត​យើង​​​បាន​ក្តីតែ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​អាច​ព្យាបាល​បាន​ប្រកប​ដោយ​ប្រសិទ្ធិភាព​៕