តាំងពីឆ្នាំចាស់អ្នកអាចឃើញថាគោលដៅភាគច្រើនមិនបានសម្រេចជោគជ័យទាំងស្រុងដូចដែលបានដៅទុក។ អ្នកអាចសម្គាល់មើលថាដោយសារគោលដៅទាំងនោះធំហួសនឹងសមត្ថភាពដែលអាចទៅដល់នាំឱ្យបាត់បង់ជំនឿចិត្តឬអស់កម្លាំងចិត្តជាដើម។ យ៉ាងណាមិញ យើងក៏អាចចេះប្រើវិធីតិចនិក ជាដំណាក់កាល តែមិនបោះបង់គោលដៅធំដោយផ្តើមពីចំណុចតូចៗខ្លីៗវិញ។ តាមរយៈបទពិសោធពីអ្នកសរសេរប្លុកនៅទូទាំងពិភពលោកក៏បានចែករំលែកនូវចំណុចរួម៣ដូចខាងក្រោមដើម្បីឱ្យគោលដៅធំសម្រេចបានដោយចាប់ផ្តើមពីគោលដៅតូចៗទៅតែប្រកបទៅដោយប្រសិទ្ធិភាព៖
១.គោលដៅថ្លឹងថ្លែងដែលអាចសម្រេចបាន
មានគ្នាយើងច្រើនដៅទិសដៅឆ្នាំថ្មីភាគច្រើននៅខ្ពស់ហួសសមត្ថភាព ឬមានភាពប្រកួតប្រជែងខ្លាំងពិបាកនឹងសម្រេចបានដែលធ្វើឱ្យយើងខាតពេល និងពេលខ្លះប៉ះពាល់ដល់កម្លាំងចិត្តទៀតផង។ យ៉ាងណាមិញ យើងក្រលេកមើលពីប្រិសិទ្ធិភាពនៃគោលដៅតូចៗ ឬកម្រិតមធ្យមមួយដែលអាចសម្រចបាននោះជាវិធីចំណេញមួយដែលយើងមិនខាតបង់ពេលវេលា និងជម្រុញចិត្តយើងឱ្យសម្រេចគោលដៅបានប្រកបដោយប្រសិទ្ធិភាពហើយអាចរីកចម្រើនសមត្ថភាពខិតរកគោលដៅធំវិញទៀតផង។
ជាឧទាហរណ៍សាមញ្ញងាយយល់មួយឧបមាថា អ្នកដៅគោលដៅប្តេជ្ញាថានឹងទៅហាត់ប្រាណនៅក្លិបកីឡាឱ្យបានរៀងរាល់ថ្ងៃ។ តែយ៉ាងណា នៅពេលធ្វើមិនបានដោយសារបញ្ហារវល់ពីការងារ ឬត្រូវមានពេលសម្រាប់គ្រួសារដូចនេះ វាក៏ប៉ះពាល់ទឹកចិត្តអ្នកនៅពេលមិនបានដូចការប៉ងទុក។ ជំនួសវិញ អ្នកអាចកំណត់វិញជាការហាត់ប្រាណផ្តើមពីការហាត់ប្រាណនៅផ្ទះរយៈពេល១០នាទីទៅ។ នៅពេលដែលអ្នកធ្វើបាននោះវាជាការប្រសើរចំណេញពេលជាជាងពេលដែលអ្នកមិនបានទៅហាត់នៅក្លិបមិនបាក់ទឹកចិត្តលើគោលដៅដែលបានកំណត់ទៀតផង។
សរុបមកពេលដែលអ្នកកំណត់គោលដៅដែលថ្លឹងថ្លែងថាអាចសម្រេចបាន ហើយអ្នកអាចធ្វើបាននោះវានឹងជម្រុញចិត្តអ្នកឱ្យបន្តធ្វើគោលដៅបន្តបន្ទាប់ទៀត ហើយអាចបង្កើនសមត្ថភាពបន្តិចម្តងៗទៅសម្រេចក្លាយជាគោលដៅធំទៀតផង។
២.ផ្តោតលើគោលដៅតែ១ ឬ២ ហើយប្រឹងអស់ពីចិត្តពីថ្លើម
សាកគិតមើលបើយើងកំណត់គោលដៅពេញមួយបញ្ជីក្រដាស នៅត្រឹមប៉ុន្មានខែក្រោយមកមិនបានសម្រេចកិច្ចការអ្វីនោះអារម្មណ៍អ្នកអាចមិនល្អនោះឡើយ។ ប៉ុន្តែការសិក្សាក៏បានបង្ហាញថា គោលដៅត្រឹមតែ១ ឬ២ ហើយប្រើប្រាស់សមត្ថភាពថាមពលរបស់អ្នកឱ្យអស់ពីលទ្ធភាពសម្រេចទិសដៅនោះអ្នកប្រាកដជាឃើញពីប្រសិទ្ធិភាពមិនខានព្រោះថាអ្វីដែលអ្នកផ្តោតលើ១ ឬ២ នោះគុណភាពនៃទិសដៅនោះនឹងទៅតាមកម្រិតនៃការប្រឹងប្រែងនោះ។
៣.បង្កើតគោលដៅជីវិតដោយចេះប្រើពាក្យល្អៗ
ជារឿងសំខាន់ដែលអ្នកគួរចេះលៃលកសរសេរកំណត់នូវគោលដៅដោយប្រើពាក្យល្អៗ ក្នុងន័យមួយមិនតឹងរឹងរិតត្បិតខ្លួនឯងឱ្យមានសម្ពាធ។ ព្រោះថារឿងសម្ពាធឬភាសាសាមញ្ញថា"បិទផ្លូវខ្លួនឯង"នឹងមានឥទ្ធិពលលើអារម្មណ៍និងសកម្មភាពរបស់អ្នក។ ឧបមាថា អ្នកកំណត់គោលដៅឆ្នាំថ្មីមិនញ៉ាំអាហារជាតិឆាចៀន ឬមានជាតិខ្លាញ់ហើយរឹតត្បិតខ្លួនអ្នកមិនឱ្យញ៉ាំនោះការសិក្សាជាច្រើនបង្ហាញជាច្រើនករណីថាពុំមានប្រសិទ្ធិភាពនោះទេ។ ជំនួសវិញអ្នកអាចបន្លប់ខ្លួនអ្នកឱ្យញ៉ាំជាបន្លែផ្លែឈើ ឬចំណីអ្វីផ្សេងៗដែលមានប្រយោជន៍ដល់សុខភាពទាំងនោះវាធ្វើឱ្យអ្នកមិនរឹតត្បិតការញ៉ាំរបស់អ្នកដោយមិនផ្តោតការគិតលើការហាមឃាត់ខ្លួនលើទម្លាប់ញ៉ាំមិនល្អទៅផ្តោតលើការរីករាយនឹងការញ៉ាំអាហារសុខភាពវិញ ហើយពុំមានសម្ពាធលើចិត្តអ្នកទៀតផង៕