មាន​សត្វ​ក្អែក​មួយ​ក្បាល​រស់នៅ​ក្នុង​ព្រៃ ហើយ​តែង​តែ​សប្បាយ​រីករាយ​នឹង​ជីវិត​ហោះហើរ​របស់​វា។ ប៉ុន្តែ​ថ្ងៃ​មួយ វា​បាន​ជួប​សត្វ​ក្ងាន វា​ក៏​គិត​ក្នុង​ចិត្ត​ម្នាក់​ឯងថា​ "យី!សត្វ​ក្ងាន​នេះ​សម្បុរ​តែ​ឡើង​ស​ក្បុស ចំណែក​ខ្ញុំ​វិញ​ខ្មៅ​ឃ្លីក! សត្វ​ក្ងាន​នេះ​ច្បាស់​ជា​សត្វ​ដែល​សប្បាយ​រីករាយ​បំផុត​លើ​ផែន​ដី​នេះ​ហើយ!” គិត​ហើយ វា​ក៏​បាន​និយាយ​អ្វី​ដែល​វា​បាន​គិត​ទៅ​កាន់​សត្វ​ក្ងាន។ ​ឮ​​ហើយ​ ក្ងាន​ក៏​បាន​ឆ្លើយតប​ទៅ​សត្វ​ក្អែកថា "មែន​ហើយ​សម្លាញ់! ខ្ញុំ​ធ្លាប់​គិត​ថា ​ខ្ញុំ​គឺ​ជា​សត្វ​ដែលរីករាយ​បំផុត​ក្នុង​លោក​នេះ​មែន តែ​ខ្ញុំ​បែរ​ជា​ឈប់​គិត​បែប​នេះពេល​ខ្ញុំ​ជួប​សត្វ​សេក! ខ្ញុំ​មាន​សម្បុរ​​ស​មែន តែ​​សម្បុរ​ខ្ញុំ​មាន​តែ​មួយ​ពណ៌​ទេ ចំណែក​សេក​វិញ​មាន​ដល់​ទៅ​២​ពណ៌! អ៊ីចឹង​គឺ​សេក​ទេ​ដែល​រស់​នៅ​ដោយ​សប្បាយ​រីករាយ​ជាង​គេ​ក្នុង​លោក​នេះ!”

ស្ដាប់​សម្ដី​របស់​ក្ងាន​ហើយ ក្អែក​ក៏​ហើរ​​តាម​រក​សត្វ​សេក។ ពេល​បាន​ជួប​គ្នា​ហើយ សេក​ក៏​ពន្យល់​ទៅ កាន់​ក្អែក​ថា "​ខ្ញុំ​ក៏​ធ្លាប់​គិត​ថា​ ខ្ញុំ​គឺ​ជា​​សត្វ​​ដែល​រីក​រាយ​បំផុត​ក្នុង​ចំណោម​អំបូរ​បក្សី​ដូច​ជា​ពួក​យើង ​​តែ​ថ្ងៃ​មួយ​ខ្ញុំ​ជួប​សត្វ​ក្ងោក ​ខ្ញុំ​ក៏​ប្ដូរ​ការ​គិត​របស់​ខ្ញុំ! ឯង​មើល​ខ្ញុំ​មាន​២​ពណ៌​មែន ប៉ុន្តែ​ក្ងោក​មាន​ពណ៌​ច្រើន​ចម្រុះ"។

​ស្ដាប់​ឮ​ហើយ ក្អែក​ក៏​បន្ត​ដំណើរ​ហោះ​ទៅ​រក​សត្វ​ក្ងោក​នៅ​ក្នុង​សួន​សត្វ ហើយ​ឃើញ​មនុស្ស​រាប់​រយ​នាក់​កំពុង​ចោម​រោម​មើល​សត្វ​ក្ងោក​មួយ​ក្បាល​នោះ។ ពេល​ដែល​មនុស្ស​ម្នា​ដើរ​ចេញ​ទៅ​អស់ ក្អែក​ក៏​ហោះ​មក​ជិត​​ ហើយ​និយាយ​ថា "ឱ​ក្ងោក​ដ៏​ផូរផង់​អើយ! ឯង​ពិត​ជា​ស្រស់​ស្អាត​ណាស់។ មួយ​ថ្ងៃៗ​មាន​មនុស្ស​រាប់​ពាន់​នាក់​មក​ចោម​រោម​គយគន់​សម្រស់​របស់​ឯង! តែ​នៅ​ពេល​មនុស្ស​ឃើញ​ខ្ញុំ​ គេ​មាន​តែ​ជេរ​ប្រទេច​ដេញ​ខ្ញុំ​ភ្លាមៗ! ខ្ញុំ​គិត​ថា​ឯង​គឺ​ជា​សត្វ​ដែល​សប្បាយ​រីក​រាយ​បំផុត​ក្នុង​លោក​នេះ​ហើយ។"

ក្ងោក​ឮ​ដូចនោះ​ក៏​ឆ្លើយ​តប​ថា "​មែន​ហើយ! ខ្ញុំ​តែង​តែ​គិត​ថា​ខ្ញុំ​គឺ​ជា​​បក្សី​ដែល​ស្អាត​ជាង​គេ និង​សប្បាយ​ចិត្ត​ជាង​គេ​ក្នុង​លោក​នេះ។ ប៉ុន្តែ​ការ​ពិត​​ក៏​ដោយ​សារ​តែ​សម្រស់​របស់​ខ្ញុំ​​នេះ​ហើយ ទើប​ខ្ញុំ​ត្រូវ​មក​ជាប់​ឃុំ​ក្នុង​សួន​សត្វ​បែប​នេះ​រាល់​ថ្ងៃ។ ខ្ញុំ​បាន​ដើរ​ពិនិត្យ​មើល​សួន​សត្វ​នេះ​យ៉ាង​ប្រយ័ត្ន​ប្រយែង ទើប​ខ្ញុំ​ដឹង​ថាមាន​តែ​សត្វ​ក្អែក​ទេ​ដែល​ជា​សត្វ​ដែល​មិនត្រូវ​មនុស្ស​ចាប់​មក​ឃុំ​ក្នុង​ទ្រុង​ដូច​ពួក​ខ្ញុំ។​ អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​យល់​ថា បើ​ខ្ញុំ​កើត​ជា​សត្វ​ក្អែក​វិញ ខ្ញុំ​ច្បាស់​ជា​សត្វ​ដែល​សប្បាយ​បំផុត​ហើយ។"

គំនិត​អប់រំ៖

កំហុស​មួយ​របស់​យើង​គ្រប់​គ្នាគឺ​ការ​យក​ខ្លួន​ឯង​ទៅ​ប្រៀបធៀប​ជាមួយ​អ្នក​ដទៃ​ទាំង​ដែល​រឿង​មួយ​ចំនួន​មិន​ចាំបាច់​សោះ ហើយ​បែរ​មក​ធ្វើ​ឱ្យ​ខ្លួន​ឯង​កើត​ទុក្ខ​ទៅ​វិញ។ យើង​មិន​បាន​ឱ្យ​តម្លៃ​លើ​អ្វី​ដែល​មាន​លើ​ខ្លួន​យើង​ តែ​ព្យាយាម​សម្លឹង​រក​អ្វី​ដែល​មាន​ក្នុង​ខ្លួន​អ្នក​ដទៃ​។ ​ចូរ​រៀន​ពេញ​ចិត្ត​និង​សប្បាយ​ចិត្ត​នូវ​អ្វី​ដែល​យើង​កំពុង​ធ្វើ ជាជាង​មើល​តែ​អ្វី​ដែល​អ្នក​ដទៃ​មាន៕