អត្ថប្រយោជន៍នៃតែទឹកកក
១. ល្អសម្រាប់ស្បែក
តែទឹកកក មានផ្ទុកជាតិប្រឆាំងអុកស៊ីតកម្មជាច្រើនដែលអាចជួយពន្យារភាពចាស់មានប្រយោជន៍ខ្លាំងចំពោះស្បែក និងជួយឱ្យអ្នកមើលទៅក្មេងជាងវ័យ។ ស្លឹកតែមានផ្ទុកសារជាតិ Epi Gallo Catechin Galat ( EGCG) ដែលជាសមាសធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លា ជួយលុបបំបាត់រ៉ាឌីកាល់សេរីដែលមានក្នុងរាងកាយជួយពន្យារភាពចាស់នៃអាយុ។
២. ល្អចំពោះសុខភាពបេះដូង
តែគឺជាភេសជ្ជៈសុខភាពសម្រាប់បេះដូង។ ជនជាតិជប៉ុនផឹកតែ៥ពែងក្នុងមួយថ្ងៃ ដែលជាលទ្ធផលជនជាតិនេះមានអត្រាកើតជំងឺបេះដូងទាបជាងធម្មតាដល់ទៅ២៦ដង។
៣. ជួយដុតបំផ្លាញជាតិខ្លាញ់
តែបៃតងមានសមត្ថភាពខ្ពស់ ក្នុងការដុតបំផ្លាញជាតិខ្លាញ់ជួយបណ្ដេញជាតិខ្លាញ់អាក្រក់ពីក្នុងរាងកាយ។
៤. ជួយសម្លាប់បាក់តេរី
តែបៃតងមានផ្ទុកសមាសធាតុប្រឆាំងអុកស៊ីតកម្មម្យ៉ាងឈ្មោះថា Catechins ដែលសមាសធាតុនេះអាចជួយការពារការកកើតបាក់តេរីច្រើនប្រភេទ។ ដូច្នេះវាជួយធ្វើឱ្យរាងកាយមានកម្លាំង ក្នុងការវាយប្រឆាំងធាតុបង្កជំងឺទាំងនោះ។
៥. ល្អចំពោះសុខភាពមាត់ធ្មេញ
តែបៃតងមានឥទ្ធិពលសម្លាប់មេរោគ ដូច្នេះវាអាចជួយសម្អាតមាត់ធ្មេញកាត់បន្ថយក្លិនមាត់ និងការពារការពុកធ្មេញ។ មិនតែប៉ុណ្ណោះ សមាសធាតុប្រឆាំងអុកស៊ីតកម្មដែលមានក្នុងស្លឹកតែក៏អាចជួយប្រឆាំងរោគអញ្ចាញផងដែរ។
អ្វីដែលអ្នកគួរដឹងពេលផឹកតែ
១. ជៀសវាងឆុងតែដោយប្រើទឹកក្ដៅ ឬត្រជាក់ជ្រុល
សីតុណ្ហភាពដែលល្អបំផុតសម្រាប់ឆុងតែគឺចន្លោះពី ៥៦អង្សារទៅ៦២អង្សារសេ។ ទឹកដែលក្ដៅពេកនឹងធ្វើឱ្យប៉ះពាល់ទៅដល់រសជាតិនៃតែ។ ការផឹកទឹកតែក្ដៅខ្លាំងអាចនឹងប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ។ ផ្ទុយទៅវិញ អ្នកក៏មិនត្រូវឆុងតែដែលប្រើទឹកត្រជាក់ជ្រុលពេកដែរ ព្រោះវាធ្វើឱ្យឡើងស្លេស្ម ងាយឈឺបំពង់ក និងមិនល្អចំពោះក្រពះ។
២. មិនត្រូវផឹកតែដែលឆុងទុកយូរ
អ្នកគួរផឹកតែដែលឆុងភ្លាម ដើម្បីរក្សារសជាតិនិងគុណប្រយោជន៍របស់វា។ តែដែលឆុងទុកយូរមិនត្រឹមតែធ្វើឱ្យបាត់បង់រសជាតិប៉ុណ្ណោះទេ តែថែមទាំងអាចធ្វើឱ្យពុលមានបញ្ហាដល់ការរំលាយអាហារ និងមិនល្អចំពោះសុខភាព។
៣. ហាមផឹកតែ ក្រោយញ៉ាំអាហាររួចភ្លាម
មនុស្សភាគច្រើនចូលចិត្តផឹកទឹក ឬតែក្រោយអាហារភ្លាមៗដើម្បីលាងមាត់និងជំនួយដល់ការរំលាយអាហារ។ ប៉ុន្តែការផឹកទឹកតែក្រោយអាហារភ្លាមគឺមិនល្អដូចទឹកធម្មតាឡើយ។ សារធាតុ Tannins ដែលមាននៅក្នុងតែអាចរួមជាមួយអាហារបង្កើតបានជាសមាសធាតុផ្សេងៗដែលស្ទះគាំងនៅក្នុងប្រព័ន្ធរំលាយអាហារ ធ្វើឱ្យប៉ះពាល់ដល់ការបឺតស្រូបយកអាហារដែលបានបរិភោគចូលទៅនោះ។ ចុងក្រោយវាធ្វើឱ្យកើតទៅជារោគទល់លាមក។
ក្រៅពីនេះការផឹកតែក្រោយញ៉ាំអាហារភ្លាមយូរៗទៅ នឹងបណ្ដាលឱ្យបាត់បង់ជាតិដែកក្នុងរាងកាយរហូតធ្វើឱ្យកើតជារោគស្លេកស្លាំង។ ដូច្នេះហើយអ្នកគួរផឹកទឹកតែ១ម៉ោងមុនពេលបាយហើយមិនគួរផឹកពេលពោះទទេរយូរពេកឡើយ៕