Image


ប្តីប្រពន្ធក្រីក្រមួយគូរស់នៅក្នុងភូមិតូចមួយពួកគាត់មានកូនប្រុសតែម្នាក់ប៉ុណ្ណោះ។ អ្នកទាំងពីរបានផ្គត់ផ្គង់ឱ្យកូនប្រុសគាត់ទទួលបានការសិក្សាយ៉ាងល្អបំផុត។ ក្រោយមកកូនគាត់បានបញ្ចប់ការសិក្សាហើយក៏បានក្លាយជាវិស្វករ មិនយូរប៉ុន្មាន កូនប្រុសគាត់ក៏បានរៀបការជាមួយកូនស្រីអ្នកមានម្នាក់។

ដំបូងពួកគេរស់នៅជាមួយឪពុកម្តាយនៅក្នុងភូមិ។ ប៉ុន្តែក្រោយមកប្រពន្ធគាត់មានការធុញទ្រាន់នឹងជីវិតរស់នៅរបៀបអ្នកភូមិ រួចបានបញ្ចុះបញ្ចូលប្តីដើម្បីផ្លាស់ទៅទីក្រុងចាកចេញពីឪពុកម្តាយចាស់ដែលរស់នៅក្នុងភូមិ។

ពេលវេលាកន្លងផុតទៅកូនប្រុសនោះជាមនុស្សដែលជោគជ័យម្នាក់គាត់បានរស់នៅកន្លែងថ្មីជាច្រើនឆ្នាំជាមួយប្រពន្ធរបស់គាត់។ គាត់តែងផ្ញើប្រាក់ទៅឪពុកម្តាយរបស់គាត់យ៉ាងទៀងទាត់។

វេលាចេះតែកន្លងទៅពីមួយថ្ងៃទៅមួយថ្ងៃគាត់ក៏លែងសូវទំនាក់ទំនងផ្ញើលុយកាក់ទៅ ហើយព្រមទាំងបំភ្លេចឪពុកម្តាយនៅស្រុកភូមិតែម្តង។ ថ្ងៃមួយគាត់បានយល់សុបិន្តយ៉ាងចម្លែក។ ក្នុងសុបិន្តនោះ មានមនុស្សបានប្រាប់គាត់ឱ្យទៅលេងឪពុកម្តាយគាត់។

គាត់ក៏បានធ្វើដំណើរទៅដល់ភូមិដែលជាកន្លែងឪពុកម្តាយរស់នៅប៉ុន្តែអ្វីៗត្រូវបានផ្លាស់ប្តូរអស់គ្មានសល់។ គាត់រកផ្ទះគាត់មិនឃើញហើយគាត់ក៏សួរក្មេងប្រុសម្នាក់ដែលដើរកាត់នោះ។ ក្មេងប្រុសបាននិយាយប្រាប់ថា៖ “នៅក្នុងផ្ទះនេះមានស្រ្តីចំណាស់ពិការភ្នែកម្នាក់ស្វាមីគាត់បានស្លាប់ចោលយូរហើយ ដោយទុកឱ្យគាត់រស់នៅតែម្នាក់ឯង។ គាត់មានកូនប្រុសម្នាក់រៀបការរួចហើយ និងទៅរស់នៅឆ្ងាយ មិនដែលមកលេងគាត់សោះ។ គាត់គួរឱ្យអាណិតណាស់។”

គាត់ដើរចូលក្នុងផ្ទះហើយដើរទៅរកម្តាយរបស់គាត់នៅលើគ្រែ។ គាត់បានទៅក្បែរម្តាយគាត់ដោយមិនឱ្យឮសំឡេងព្រោះខ្លាចម្តាយភ្ញាក់។

រំពេចនោះគាត់បានឮសំឡេងម្តាយរបស់គាត់និយាយទាំងខ្សាវៗថា៖ “ឱ!ព្រះជាម្ចាស់អើយ! អាយុខ្ញុំចាស់ណាស់ទៅហើយ ភ្នែកក៏ងងឹត ប្តីក៏ស្លាប់ចោលអីចឹងខ្ញុំគ្មាននរណាយកខ្ញុំបញ្ចុះធ្វើបុណ្យពេលដែលខ្ញុំស្លាប់ទេ។ខ្ញុំសូមបួងសួងសូមឱ្យកូនប្រុសខ្ញុំត្រឡប់មកវិញផង។”

និយាយតែប៉ុន្មានម៉ាត់នេះគាត់ក៏ដាច់ខ្យល់ស្លាប់ទៅ។ ទឹកភ្នែករបស់កូនប្រុសហូរស្រក់ចុះ ព្រោះតែមិនទាន់បាននិយាយអ្វីសូម្បីតែមួយម៉ាត់ជាមួយម្តាយជាលើកចុងក្រោយផង។ គាត់នឹកស្តាយមិនគួរណាទុកឪពុកម្តាយរបស់គាត់ចោលបែបនេះទេ។ គាត់នឹកឃើញគ្រាដែលគាត់នៅតូចឪពុកម្តាយមើលថែគាត់ ចម្អិនអាហារគាត់ មើលថែពេលឈឺ និងណែនាំអប់រំគាត់។

ទីបំផុតការស្តាយក្រោយរបស់កូនប្រុសពិតជាហួសពេលហើយ ព្រោះអ្នកមានគុណរបស់គាត់ទាំងពីរបានលាកចាកលោកនេះគ្មានថ្ងៃវិលត្រឡប់មកវិញឡើយ។

ន័យអប់រំ៖ម្តាយទទួលការលំបាក និងឈឺចាប់ខ្លាំងណាស់ ទម្រាំបង្កើតបានកូនម្នាក់ៗ និងទម្រាំចិញ្ចឹមដល់ធំពេញរូបរាង។ការពិបាក ការឈឺចាប់យ៉ាងណាក៏គាត់ព្យាយាមអត់ធ្មត់ ហើយចញ្ចឹមបីបាច់រហូតដល់គូនធំទទួលបានការងារធ្វើ។ ដូច្នេះ ចូរគោរពស្រឡាញ់ឪពុកម្តាយរបស់អ្នកឱ្យបានច្រើន។

អត្ថបទសម្រង់និងកែសម្រួល៖ ismilemaz