មានតំណាលតគ្នាថា នៅក្នុងភូមិចាស់របស់ប្រទេសជប៉ុន មានបុរសឆ្លាតម្នាក់ជាម្ចាស់អណ្តូងទឹក ប៉ុន្តែគាត់មិនបានប្រើប្រាស់វា ទើបគាត់សម្រេចចិត្តលក់វាទៅឱ្យកសិករនៅក្បែរនោះ។ ថ្ងៃមួយ ពេលគាត់ដើរកាត់ក៏ឃើញកសិករនោះកំពុងបូមទឹកពីអណ្តូងសម្រាប់ធ្វើម្ហូប ស្រោចផ្កា ចិញ្ចឹមសត្វ។ល។ បុរសឆ្លាត បានឃាត់គាត់ភ្លាមៗ ដោយមិនអនុញ្ញាតឱ្យគាត់បូមទឹកពីអណ្តូងនោះទេ។

បុរសឆ្លាតនិយាយថា៖ "ខ្ញុំលក់តែអណ្តូងឱ្យអ្នក ខ្ញុំមិនលក់ទឹកឱ្យអ្នកទេ ដូច្នេះអ្នកមិនអាចយកទឹកពីអណ្តូងនេះបានទេ"។

កសិករ​នោះ​សោក​ស្តាយ​យ៉ាង​ខ្លាំង ហើយ​មិន​ដឹង​ធ្វើ​យ៉ាង​ណា។ គាត់​បាន​ទិញ​អណ្តូង ប៉ុន្តែ​គាត់​មិន​បាន​បង់​ថ្លៃ​ទឹក​ពី​អណ្តូង​នោះ​ទេ។ ឥឡូវនេះអណ្តូងនោះមានទឹកពេញ ប៉ុន្តែគាត់មិនអាចប្រើប្រាស់វាបានទេ។

មិនដឹងធ្វើយ៉ាងណា កសិកររូបនេះបានសម្រេចចិត្តនាំ បុរសឆ្លាតទៅជួបមេភូមិ ដោយសង្ឃឹមថានឹងមានដំណោះស្រាយឲ្យគាត់។ នៅ​មុខមេភូមិ កសិករ​បាន​និទាន​រឿង​ពី​ដើម​ដល់​ចប់។

មេភូមិ​ហៅ​បុរស​ឆ្លាត​មក​សួរ​ថា ម៉េច​មិន​ឲ្យ​គាត់​ប្រើ​ទឹក​ក្នុង​អណ្ដូង?

"បាទលោកមេភូមិ ខ្ញុំលក់តែអណ្តូងឱ្យកសិករនេះ ខ្ញុំមិនបានលក់ទឹកឱ្យគាត់ទេ ដូច្នេះគាត់គ្មានសិទ្ធិយកទឹកប្រើទេ។ ប្រសិនបើគាត់ចង់យកទឹក គាត់មានតែចំណាយលុយច្រើនដើម្បីទិញទឹកពីខ្ញុំ” បុរសឆ្លាតឆ្លើយយ៉ាងជឿជាក់លើអំណះអំណាងរបស់គាត់។

មេភូមិ​មើល​ទៅ​បុរស​ឆ្លាត ញញឹម​តិចៗ ហើយ​ឆ្លើយ​ថា «​អូ ឯង​លើកចំនុចបានល្អណាស់។ បើឯង​លក់​អណ្ដូង​ឲ្យ​កសិករ​នេះ អណ្ដូង​ក៏​ក្លាយ​ជា​ទ្រព្យ​របស់កសិករ រីឯទឹក​ក្នុង​អណ្ដូង​ក៏​នៅ​ជា​របស់​ឯង ដូច្នេះ បុរសឆ្លាតឯង ​គ្មាន​សិទ្ធិ​ស្តុក​ទឹក​ក្នុង​អណ្ដូង​របស់​កសិករ​ទៀត​ទេ»។

"ឥឡូវនេះមានជម្រើសពីរប៉ុណ្ណោះ៖ មួយគឺ បុរសឆ្លាតត្រូវបង់ប្រាក់ឱ្យកសិករ ដោយឯងត្រូវជួលអណ្តូងសម្រាប់ស្តុកទឹក។ ទីពីរគឺឯងត្រូវ ដងទឹកទាំងអស់ចេញពីអណ្តូងភ្លាមៗ"

បុរស​ឆ្លាត​អោន​ក្បាល​យ៉ាង​ក្រៀមក្រំ​ដោយ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​។ គាត់បានទទួលគ្រោះថ្នាក់ដោយសារភាពវៃឆ្លាតរបស់គាត់ នេះហៅថាតម្រិះជិះកឯង។

មេរៀនពីរឿងនេះ៖ ​ក្នុង​ជីវិត​មិន​ថា​អ្នក​ឆ្លាត​ប៉ុណ្ណា​ទេ តែងតែ​មាន​អ្នក​ដទៃ​ដែល​ឆ្លាត​ជាង​អ្នក​។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​មនុស្ស​កើត​មក ត្រូវ​​រៀន​ឥត​ឈប់​ឈរ ទោះ​បី​ជា​មាន​វ័យ​ចំណាស់​ក៏​ដោយ។