ថ្នាំអប់សក់មានតួនាទីជួយពង្រឹងឫសសក់ធ្វើឱ្យសក់មានសុខភាពល្អ និងទន់រលោងស្អាត។ ប៉ុន្តែថ្នាំអប់ដែលអ្នកទិញនៅតាមផ្សារ ឬតាមហាងលក់ទំនិញតិចឬច្រើនសុទ្ធតែមានផ្ទុកសារធាតុគីមី។ ដូច្នេះដើម្បីជួយឱ្យអ្នកបានថ្នាំអប់សក់ដ៏ល្អចំណាយអស់តិច និងមិនប៉ះពាល់សុខភាព អ្នកអាចសាកល្បងធ្វើវាដោយខ្លួនឯងជាមួយគ្រឿងផ្សំធម្មជាតិដូចខាងក្រោម។
១.ស៊ុត និងយ៉ាអួ
សម្បូរទៅដោយជាតិប្រូតេអ៊ីនស៊ុតគឺជាប្រភពដ៏អស្ចារ្យមួយនៃសារធាតុចិញ្ចឹមសំខាន់ៗ ដូចជាវីតាមីនA, B, B12 និងD ជាតិដែក ប៉ូតាស្យូម អាស៊ីតខ្លាញ់ និងកាល់ស្យូម។ វីតាមីនសំខាន់ៗទាំងនេះ ហើយនិងកាល់ស្យូមជួយការពារសក់របស់អ្នកពីការផុយខូច និងការពារសក់ជ្រុះ។ អាស៊ីតខ្លាញ់ជួយឱ្យសក់ភ្លឺរលោង។ ចំណែកយ៉ាអួដែលសម្បូរទៅដោយសារជាតិឡាក់តិច និងស័ង្កសីជួយឱ្យសក់ឡើងទន់ល្មើយ និងលូតលាស់បានល្អ។
គ្រឿងផ្សំដែលត្រូវការ៖
- ស៊ុត១-២ គ្រាប់
- យ៉ាអួ១ពែង
- ក្រូចឆ្មារមួយចំណិត
- ប្រេងអូលីវ២ស្លាបព្រាបាយ
វិធីធ្វើ៖
លាយគ្រឿងផ្សំទាំងអស់នេះបញ្ចូលគ្នាកូរឱ្យសព្វ។ ប្រសិនបើស្បែកក្បាលរបស់អ្នកឡើងប្រេង តែចុងសក់មានសភាពស្ងួត អ្នកអាចប្រើតែស៊ុតសបានហើយ មិនបាច់ប្រើប្រេងអូលីវទេ។ លាបល្បាយដែលលាយរួចនេះតាំងពីគល់សក់ដល់ចុងសក់ ទុកចោល២០នាទី រួចទើបប្រើសាប៊ូដើម្បីនិងទឹកស្អាតចេញ។
២.ចេក និងប្រេងដូង
ចេកសម្បូរទៅដោយជាតិប៉ូតាស្យូម វីតាមីនច្រើនមុខ សារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រេងធម្មជាតិដែលល្អបំផុតសម្រាប់ធ្វើជាថ្នាំអប់សក់។ វីតាមីន A, C និងE ជួយបង្កើនជាតិចិញ្ចឹម និងពង្រឹងហ្វូស៊ីលសក់ជួយឱ្យសក់ដុះបានល្អ។ចំណែកប៉ូតាស្យូមជួយព្យាបាលសក់ខូច។ ប្រេងដូងនិងទឹកឃ្មុំវិញមានជាតិប្រឆាំងអ៊ុកស៊ីតកម្ម និងការពារការឆេះ។ ថ្នាំអប់នេះជួយព្យាបាលស្បែកក្បាលដែលឡើងអង្គែស្ងួត និងរមាស់។
គ្រឿងផ្សំ៖
- ចេកទុំ១-២ ផ្លែ
- ប្រេងដូង១ស្លាបព្រាកាហ្វេ
- ទឹកឃ្មុំ១ស្លាបព្រាកាហ្វេ
- ប្រេងអូលីវ១ស្លាបព្រាកាហ្វេ
វិធីធ្វើ៖
កិនផ្លែចេកជាមួយប្រេងអូលីវឱ្យម៉ត់ល្អ រួចសឹមថែមប្រេងដូងនិងទឹកឃ្មុំកូរឱ្យសព្វ។ លាបល្បាយនេះឱ្យពេញសក់ទុកចោលឱ្យវាជ្រាបចូលស្បែកក្បាល១៥នាទី រួចលាងចេញដោយទឹកក្ដៅឧណ្ហៗ។ ប្រើសាប៊ូកក់ចេញរួចលាងសម្អាតឱ្យស្អាតចុងក្រោយ។
៣.ផ្លែប័រទឹកដោះគោ ប្រេងអូលីវ
ថ្នាំអប់សក់ដែលចម្រាញ់ចេញពីគ្រឿងផ្សំទាំង៣មុខនេះល្អបំផុតសម្រាប់ធ្វើឱ្យសក់មានសំណើមពេញមួយថ្ងៃ។ ផ្លែប័រមានបាយអូទីន (Biotin) ដែលជួយធ្វើឱ្យសក់រឹងមាំ ចំណែកប្រេងអូលីវជួយឱ្យសក់រលោងរលាស់ស្អាតមិនជំពាក់។
គ្រឿងផ្សំ
- ផ្លែប័រទុំ១ផ្លែ
- ទឹកដោះគោ១ពែង
- ប្រេងអូលីវ១/៤ពែង
វិធីធ្វើ
លាយគ្រឿងផ្សំទាំងអស់ឱ្យសព្វនិងម៉ត់ល្អ រួចយកមកលាបលើសក់ ទុកចោល១ម៉ោងកន្លះទើបលាងចេញ។ បន្ទាប់មកទើបប្រើសាប៊ូដើម្បីលាងសម្អាតម្ដងទៀតឱ្យស្បែកក្បាលស្អាតល្អ៕