យើងគ្រប់ៗគ្នាបានដឹងស្រាប់ហើយថា បច្ចុប្បន្ននេះពួកយើងកំពុងតែប្រឈមមុខយ៉ាងខ្លាំងជាមួយនឹងការរីករាលដាលនៃជម្ងឺកូវីដ១៩ថ្មី ដែលធ្វើឲ្យម្ចាស់អាជីវកម្មតូចធំមួយចំនួនត្រូវបានបិទទ្វារ សិស្ស និស្សិត ទាំងអស់ត្រូវរៀនតាមអនឡាញជំនួសឲ្យរៀននៅក្នុងថ្នាក់ បុគ្គលិកធ្វើការឯកជន តម្រូវឲ្យធ្វើការនៅផ្ទះជំនួសដើម្បីជួយកាត់បន្ថយការរីករាលដាលនៃជម្ងឺកូវីដ ១៩នេះ។ 

ចំពោះស្ថានភាពបែបនេះមិនថាសិស្សនិស្សិត ឬបុគ្គលិកដែលកំពុងតែសិក្សា និងធ្វើការពីផ្ទះនោះទេ ប្រហែលជាពិបាកផ្តោតអារម្មណ៍ទៅលើការស្តាប់ក៏ដូចជាការធ្វើការងារណាស់មែនអត់?

១/ចាប់ផ្តើមអនុវត្តទម្លាប់ “Take a short Break”

អ្នកមិនអាចចំណាយពេលពេញមួយថ្ងៃ អង្គុយនៅលើកៅអីធ្វើការរហូតនោះទេ អ្នកគួរណាស់ចំណាយពេលប្រមាណ៥ ទៅ១០នាទី ដើម្បីសម្រាកខួរក្បាល ធ្វើចលនាខ្លះៗដូចជាដើរចុះឡើងៗ ពត់ដៃជើងកុំឲ្យស្ពឹកស្តាប់ចម្រៀង ឬញុាំភេសជ្ជៈត្រជាក់ៗ ដើម្បីបន្ថែមថាមពលក្នុងរាងកាយឲ្យកាន់តែស្រស់ស្រាយ។

២/កំណត់គោលដៅឲ្យបានជាក់លាក់

ការកំណត់គោលដៅសម្រាប់កិច្ចការនៅក្នុងថ្ងៃនេះ វាពិតជាសំខាន់ខ្លាំងណាស់ ព្រោះប្រសិនបើជានៅក្នុងថ្ងៃនេះអ្នកធ្វើការដោយមិនដឹងថាត្រូវចាប់ផ្តើមការងារពីណាទៅណា មិនដឹងថា ខ្លួនចង់ធ្វើអ្វីផងនោះអ្នកប្រាកដជាមានអារម្មណ៍ខ្ជិល មិនចង់ធ្វើការជាមិនខានព្រោះអត់ដឹងថាខ្លួនឯងថ្ងៃហ្នឹងត្រូវធ្វើអ្វី។ 

ដូច្នេះដើម្បីជួយបង្កើនប្រសិទ្ធភាពការងាររបស់អ្នកឲ្យកាន់តែខ្លាំងជាងមុន អ្នកគប្បីកំណត់គោលដៅពីមួយថ្ងៃទៅមួយថ្ងៃឲ្យបានច្បាស់លាស់ដោយប្រើ SMART មកជាជំនួយ។

៣/ស្តាប់បទចម្រៀងដែលអ្នកពេញចិត្ត

តន្រ្តីអាចជួយបន្ធូរអារម្មណ៍របស់អ្នកពីភាពតានតឹងសម្រាកខួរក្បាល និងភាពស្មុគស្មាញមួយចំនួនដែលអ្នកកំពុងតែមាន។កំឡុងពេលធ្វើការនៅផ្ទះអ្នកអាចស្តាប់បទភ្លេងណាដែលអ្នកពេញចិត្ត ជាបទដែលអាចធ្វើឲ្យអ្នកមានកម្លាំងនិងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយរាល់ពេលដែលអ្នកស្តាប់វា ដែលនេះ ជាហេតុធ្វើឲ្យអ្នកមានអារម្មណ៍ល្អដើម្បីធ្វើការងារអ្នកអាចបើកសម្លេងតិចៗ ល្មមៗដើម្បីស្តាប់ កុំឲ្យស្ងាត់ពេក ប៉ុន្តែមិនត្រូវបើកសម្លេងលឺខ្លាំងពេកនោះទេ។

៤/កុំទាន់ចំណាយពេលទៅលើបណ្ដាញសង្គម

មិនថាអ្នកឬក៏ខ្ញុំនោះទេ ប្រសិនបើជាបានចូលទៅក្នុងបណ្តេញសង្គមហើយ នោះយើងនឹងពិបាកក្នុងការដកដៃអូសចេញពីវេទិកាទាំងនោះណាស់ ដោយសារតែនៅលើបណ្តេញសង្គមមានព័ត៌មាន វីដេអូនិងរូបភាពថ្មីៗ ស្អាតៗចម្រុះគ្នាធ្វើឲ្យយើងគ្រប់គ្នាទប់ចិត្តមិនមើលមិនបាន។ 

ដូច្នេះប្រសិនបើជាអ្នកចង់បំពេញការងារឲ្យចប់ និងចង់ទទួលបានប្រសិទ្ធភាពការងារខ្ពស់ អ្នកមិនត្រូវចំណាយពេលទៅលើបណ្តេញសង្គមមុនពេលដែលអ្នកធ្វើការនោះទេ ព្រោះវានឹងប៉ះពាល់ទៅលើការផ្ចង់អារម្មណ៍អ្នកទៅលើការងារ។

៥/រៀបចំកន្លែងរៀន និងធ្វើការឲ្យបានល្អ

យើងអាចបំពេញការងារបានល្អ ក៏ដោយសារតែអារម្មណ៍របស់យើងជាអ្នកបញ្ជហើយកត្តាដែល ធ្វើឲ្យយើងមានអារម្មណ៍ល្អក៏ដោយសារតែទីកន្លែងដែលយើងអង្គុយនោះមានរបៀបរៀបរយ មានផាកសុខភាពល្អមិនរញ៉េរញៃ និងមានខ្យល់អាកាសចេញចូល ជាហេតុធ្វើឲ្យយើងមានអារម្មណ៍ធ្វើការ និងរៀនសូត្របានពេញលេញ។ ប៉ុន្តែទីកន្លែងដែលអ្នកមិនគួរធ្វើការនោះគឺអង្គុយពែនភ្នែនធ្វើការនៅលើគ្រែគេងរបស់អ្នក ព្រោះវានឹងធ្វើឲ្យអ្នកចង់តែគេង មិនចង់ធ្វើការបន្ត៕