ការអភិវឌ្ឍខ្លួនជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូបព្រោះថាពេលវេលាមិនរង់ចាំយើងទេ ដូចនេះការអប់រំខ្លួនឯងឱ្យរីកចម្រើនទៅ មុខជានិច្ចក៏ជាកាតព្វកិច្ចប្រចាំថ្ងៃសម្រាប់ខ្លួនឯងនាពេលបច្ចប្បន្ន ក៏ដូចជាអនាគត។ ខាងក្រោមជារបៀបខ្លះដែលប្រិយមិត្តអាចពិចារណាមើលបាន៖
១. អានសៀវភៅ
ជារឿងពិតមិនអាចប្រកែកបានចង់ចេះចង់បានគំនិតថ្មី គួរតែផ្តើមទម្លាប់អានសៀវភៅ។អំណានសៀវភៅ ប្រៀបដូចអ្នកសន្ទនាជាមួយអ្នកនិព្វន្ធ អ្នកដែលមានបទពិសោធន៍ រឿងរ៉ាវ គំនិតឬទស្សនៈប្លែកៗ ដែលអ្នកអាចយកមកពិចារណារ។ ដូចនេះ កុំខ្ជិលអី ផ្តើមអាននៅ ថ្ងៃនេះរកសៀវភៅ ដែលចូលចិត្ត និងផ្តើមអានពី១ទំព័រក៏បាន។
២. ស្តាប់ ឬមើលវីដេអូអប់រំគំនិត
សម័យនេះចំណេះដឹងមានគ្រប់ទីកន្លែង មិនថាឯកសារ សៀវភៅ សូម្បីវីដេអូអប់រំ ក៏ផ្តល់ជាសារគំនិតល្អៗដល់អ្នកបានផងដែរ។ Podcast វីដេអូស៊េរីអប់រំអ្នកអាចជ្រើសរើសបានទាំងអស់ ឱ្យតែឧស្សាហ៍ព្យាយាមយកចិត្តទុកដាក់សម្រាប់ពង្រីកចំណេះដឹង។
៣. រៀនជំនាញមួយច្បាស់ជាមួយគ្រូ
ចំណេះដឹងជំនាញខ្លះត្រូវគ្រូបង្វឹក បង្ហាត់ នាំផ្លូវ ដូចនេះជំនាញដែលអ្នកស្រលាញ់ហេតុអ្វីមិនចេញទៅ រៀន ទៅអនុវត្តឱ្យចេះស្ទាត់ រហូតគេស្គាល់ឈ្មោះអ្នកទៅ ?ដូច្នេះចំណុចនេះអ្នកអាចពិចារណាបាន។
៤. ធ្វើអ្វីដែលអ្នកស្រលាញ់
អ្វីដែលអ្នកធ្លាប់ស្រលាញ់ជំនាញដែលពេញចិត្ត អ្នកក៏នៅ តែអាចបន្តធ្វើវា។ ក្តីស្រលាញ់ធ្វើឱ្យអ្នកខិតខំមិនចេះជិនណាយ។
៥. ស្នើសុំមតិពីខាងក្រៅ ខ្លះ
នៅ ចំណុចខ្លះគំនិតតែម្នាក់តែមិនអាចមើលបានសព្វជ្រុងជ្រោយនោះទេ ដូចនេះអ្នកអាចសុំមតិយោបល់ គំនិតពីរអ្នកផ្សេងៗខ្លះឱ្យជួយមើល។ ប៉ុន្តែអ្នកជាអ្នកយកមកពិចារណា និងសម្រេចដោយខ្លួនឯង។
៦. ធ្វើ ទោះតិចតួចសម្រាប់គោលដៅ
គ្រប់គ្នាមានគោលដៅ រៀងៗខ្លួនហើយដើម្បីសម្រេចគឺត្រូវតែមានសកម្មភាពធ្វើ។ សកម្មភាពប្រចាំថ្ងៃទោះតិចតួចក្តីនឹងជួយអ្នកបន្តដល់ក្តីសុបិនអ្នក។ អគារខ្ពស់មួយ ក៏ចាប់ផ្តើមដុំឥដ្ឋតូចមួយដែរ។
៧. បើកចិត្តទូលាយក្នុងការផ្លាស់ប្តូរ
ផ្លាស់ប្តូរដើម្បីរីកចម្រើនអីចឹងអ្នកគួរបើកចិត្តទូលាយសម្រាប់រឿងនេះ។ កុំខ្លាចក្នុងការផ្លាស់ប្តូរបើវាជួយអភិវឌ្ឍអ្នក។ អាចចាំថា អ្នកហ៊ាន ឬក្លាហានក៏ខ្លាចដែរ ប៉ុន្តែគ្រាន់តែគេចេះបន្លប់ភាពខ្លាចទុកមួយឡែកហើយផ្តោតលើអ្វីដែលល្អ៕