ទូទឹកកកគឺជាកន្លែងសម្រាប់រក្សាទុកម្ហូបអាហារ ត្រីសាច់ឱ្យបានយូរ និងរក្សាគុណភាព។ ប៉ុន្តែមិនគ្រប់បន្លែផ្លែឈើ សាច់ និងគ្រឿងទេសទាំងអស់សុទ្ធតែរក្សាទុកក្នុងទូទឹកកកឡើយ ព្រោះវាអាចបណ្ដាលឱ្យបាត់រសដើមរបស់បន្លែទាំងនោះ ឬអាចប៉ះពាល់ដល់សុខភាពទៅវិញ។ ដូច្នេះសូមស្វែងយល់អំពីរបស់៥មុខដែលមិនគួរដាក់ចូលទូទឹកកកដូចខាងក្រោម។
១. ខ្ទឹមបារាំង៖
ការដាក់ខ្ទឹមបារាំងចូលក្នុងទូទឹកកកនឹងបណ្ដាលឱ្យឆាប់ទន់ និងឡើងទុំ ថែមទាំងធ្វើឱ្យទូមានក្លិនមិនល្អប៉ះពាល់ទៅដល់បន្លែផ្សេងទៀតផងដែរ។ គួររក្សាទុកខ្ទឹមបារាំងទាំងនោះនៅកន្លែងស្ងួត និងមិនក្ដៅពេក ហើយក៏មិនគួរទុកក្នុងថង់ហប់ខ្យល់ដែរ ព្រោះវានឹងធ្វើឱ្យខ្ទឹមបារាំងដុះចេញពន្លកមិនអាចយកទៅធ្វើម្ហូបបាន។
២. ទឹកឃ្មុំ៖
ការរក្សាទុកទឹកឃ្មុំនៅក្នុងទូទឹកកកនឹងបង្កឱ្យទៅជាឡើងក្រាម ឬកកដុំៗ។ ទឹកឃ្មុំសុទ្ធធម្មជាតិនឹងនៅតែស្រស់ថ្មី និងល្មួតល្អនៅពេលរក្សាទុកកន្លែងខាងក្រៅទូទឹកកកដែលមានសីតុណ្ហភាពមិនក្ដៅ ក៏មិនត្រជាក់ពេក ហើយត្រូវប្រាកដថាគ្របគម្របបានជិតល្អ។
៣. ផ្លែបឺ៖
វិធីដែលល្អដើម្បីរក្សាទុកផ្លែបឺគឺទុកក្នុងកញ្ចប់ក្រដាស និងនៅក្រៅទូទឹកកក។ ការដាក់វាក្នុងទូទឹកកកនឹងបែរជាពន្យឺតភាពទុំរបស់វាទៅវិញ។ ដូច្នេះដើម្បីចង់ឱ្យវាទុំលឿន ចូរដាក់ផ្លែបឺនៅជិតផ្លែចេក នោះផ្លែឈើទាំងពីរមុខនេះនឹងទុំលឿនគួរឱ្យចង់ញ៉ាំ។
៤. គ្រឿងកំប៉ុងដែលបើករួច៖
គ្រឿងកំប៉ុងដែលគាស់ ឬបើកគម្របរួចតែប្រើមិនអស់ មិនគួរយកទៅទុកក្នុងទូទឹកកកឡើយ។ ទោះបីសីតុណ្ហភាពត្រជាក់ដែលភាយចេញពីទូអាចជួយឱ្យអាហារក្នុងកំប៉ុងនោះរក្សាទុកបានយូរ តែវាអាចបម្លែងជាតិដែកដែលចេញពីអាស៊ីតនៃកំប៉ុងនោះចូលទៅក្នុងម្ហូបដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព។ វិធីល្អដើម្បីរក្សាទុក គឺចាក់អាហារនោះចេញពីកំប៉ុងដែកចូលទៅក្នុងប្រអប់ឬចានផ្លាស្ទិកដែលមានគម្របត្រឹមត្រូវ ហើយសឹមយកទៅដាក់ក្នុងទូទឹកកក។
៥. ប្រេងដូង៖
ប្រេងដូងអាចរក្សាទុកនៅខាងក្រៅកន្លែងដែលមានសីតុណ្ហភាពត្រជាក់ខ្លាំងបានរហូតទៅដល់២ឆ្នាំ។ ការរក្សទុកក្នុងទូទឹកកកនឹងធ្វើឱ្យប្រេងដូងនេះឡើងទៅជារឹង កកពិបាកដួស។ ខុសពីប្រេងដទៃទៀតដែលអាចនឹងរក្សាភាពរាវបានក្នុងសីតុណ្ហភាពត្រជាក់ ប្រេងដូងមានផ្ទុកជាតិខ្លាញ់ឆ្អែតដែលនឹងនាំឱ្យឡើងកកទៅវិញ៕
