ជីវិតរស់នៅពុំសូវសកម្ម ឬមិនសូវបញ្ចេញសកម្មភាពនៃរាងកាយបានច្រើន ព្រមទាំងមានរបបអាហារទាំងបីពេលពុំផ្តល់ផលល្អដល់សុខភាពទៀតនោះ គឺអាចនឹងបង្កឱ្យមានបញ្ហាទៅដល់ថ្លើមរបស់យើងបាន។
តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តផ្នែកសុខភាពជាច្រើនបង្ហាញថា បញ្ហាសុខភាពថ្លើមដែលរងឥទ្ធិពលពីបែបផែនជីវិត មិនសូវសកម្មនេះត្រូវបានហៅជាភាសាបច្ចេកទេសថា Non-Alcoholic Fatty Liver Disease (NAFLD) ដែលជាបញ្ហាធ្វើឲ្យថ្លើមមានខ្លាញ់ច្រើន ដែលខ្លាញ់ទាំងនោះមិនទាក់ទងនឹងជាតិអាល់កុល ឬស្រា។ នេះមានន័យថាសូម្បីតែមនុស្សម្នាក់ពុំដែលញ៉ាំ ឬមិនសូវញ៉ាំសុរាឬភេសជ្ជៈជាតិអាល់កុលជាញឹកញាប់ ក៏អាចកើតបញ្ហាថ្លើម (NAFLD) បានដែរ ដោយសារកត្តារស់នៅមិនល្អសម្រាប់សុខភាព។
ដោយផ្អែកតាមការស្រាវជ្រាវមួយ ទាក់ទងនឹងបញ្ហាខាងលើធ្វើឡើងដោយសាកលវិទ្យាល័យ Auckland នៃប្រទេសណូវែលហ្សេឡង់ បានសិក្សាទៅលើ អ្នកស្ម័គ្រចិត្ត ៤ពាន់នាក់ អ្នកស្រាវជ្រាវបានប្រើបច្ចេកទេសម្យ៉ាងគឺ ឱ្យអ្នកស្ម័គ្រចិត្តប្រើកម្លាំងប្រអប់ដៃច្របាច់ ឧបករណ៍ Dynamometer ដែលធ្វើឱ្យអ្នកស្រាវជ្រាវអាចដឹងថាមាន ឬពុំមានបញ្ហាថ្លើមប្រភេទ (NAFLD) បាន។ការស្រាវជ្រាវក៏បានបង្ហាញដែរថា បើនរណាម្នាក់មានបញ្ហាថ្លើម (NAFLD)កឺអាចដឹងតាមរយៈអាការៈការពិនិត្យមើលថ្លើមឃើញមានទំហំធំខុសប្រក្រតី ឆាប់ហត់ឆាប់អស់កម្លាំងញឹកញាប់ ឬឧស្សាហ៍ឈឺត្រង់ពោះផ្នែកខាងលើក៏ជាសញ្ញាឱ្យដឹងពីបញ្ហានេះ។
អ្នកស្រាវជ្រាវបានបន្ថែមទៀតថាកត្តាដែលរួមចំណែកឱ្យកើតមានបញ្ហាដល់ថ្លើម ក៏ដោយសារ ភាពធាត់ខ្លាំងបញ្ហាអាំងស៊ុយលីនក្នុងរាងកាយ ជាតិស្ករខ្ពស់និងកម្រិតជាតិខ្លាញ់ក្នុងឈាមច្រើន ដែលសុទ្ធសឹងបង្ហបញ្ហាដល់សេរីរាង្គថ្លើម។ជាមួយគ្នានោះ ក្រុមអ្នកស្រាវជ្រាវបានក្រើនរំលឹក និងណែនាំដើម្បីជាការថែរក្សាសុខភាពថ្លើម គឺគប្បីយកចិត្តទុកដាក់លើបែបផែនជីវិតរស់នៅ (Life Style) ដែលមានភាពល្អដល់សុខភាពពោលគឺ ញ៉ាំអាហារដែលមានជីវជាតិល្អចិញ្ចឹមរាងកាយ រក្សាទម្ងន់ឱ្យសមស្របហាត់ប្រាណជាប្រចាំ ដែលសកម្មភាពទាំងនេះ អាចទៅកាត់បន្ថយប្រឆាំងនឹងហានិភ័យនៃ ជាតិខ្លាញ់ស្តុកក្នុងថ្លើមនិងរាប់ទាំងបញ្ហាថ្លើម Non-Alcoholic Fatty Liver Disease (NAFLD) ផងដែរ៕