យុវជនគឺជាវ័យដែលមានភាពក្លៀវក្លា ទៅលើការស្មារតី សមត្ថភាព និងការផ្លាស់ប្តូរទៅក្នុងសង្គមច្រើនដូចនេះ ក្រមាប៉ុស្តិ៍ ក៏សូមលើកយកពីយុវជនគំរូ៤រូប ដែលបង្កើតឱកាសបញ្ចេញសមត្ថភាព ដែលពួកគេមានជួយកែប្រែសហគមន៍រស់នៅ មិនថាប្រទេសកំណើតពួកគេថែមទាំងបណ្តាប្រទេសផ្សេងទៀត ឱ្យមានភាពប្រសើរឡើង។ ចង់ដឹងថាពួកបានចូលរួមចំណែកអ្វីខ្លះ? អីចឹងអានអត្ថបទនេះទាំងអស់គ្នា៖
១. Saddam Sayyaleh
មានអតីតកាលជាក្មេងកំព្រាឪពុកម្តាយ និងធ្លាប់ត្រូវបានគេធ្វើបាបទាំងរូបកាយ និងស្មារតី នៅពេលបច្ចុប្បន្នយុវជនហ្សកដានី (*ហ្សកដានី: ប្រទេសនៅអាស៊ីខាងលិច ឬហៅថាប្រទេសប៉ែកមជ្ឈឹមបូព៌ា) រូបនេះ គឺជាសហគ្រិនផ្នែកសង្គមប្រកបដោយភាពជោគជ័យមួយរូប។
ដោយសារបទពិសោធពីកុមារភាព Sayyalehយល់បានថា រាល់សិស្សទាំងអស់ដែលរៀនក្នុងរបៀបតែមួយ គឺមិនអាចទទួលចំណេះដឹងឬយល់ដឹងបានដូចៗគ្នានោះទេ។ ដូចនេះ រូបគេបង្កើត បរិស្ថានរៀនមួយបែបឈ្មោះថា ILearn ដែលជាអង្គការមិនរកប្រាក់ចំណេញមួយ ផ្តល់នូវការបង្រៀនច្រើនបែបពិសេសទៅដល់សិស្សដែលពិបាកនឹងការរៀន។ អង្គការនៅហ្សកដានីមួយនេះផ្តោតខ្លាំងទៅលើសិស្សដែលភាគច្រើនជាជនភៀសខ្លួនជនជាតិស៊ីរី និងសិស្សហ្សកដានីដែលរៀនធ្លាក់ឬបោះបង់ការសិក្សា ដោយបង្កើតជាឱកាសបង្រៀនច្រើនបែបស្របទៅតាមបុគ្គលិកលក្ខណៈនៃសិស្សរួចបង្រៀនទៅតាមកម្រិត និងសមត្ថភាពប្រាជ្ញារបស់សិស្សដែលមានប្លែក និងខុសគ្នានោះ។
Sayyaleh បាននិយាយថា រូបលោកដំណើរការ I Learn ដើម្បីផ្តល់ឱ្យក្មេងៗនូវឱកាសរៀនមួយបែបដែលសមស្របទៅតាមកម្រិតសមត្ថភាពយល់ដឹង(បញ្ញា)ដែលមានខុសប្លែកគ្នាក្នុងការអភិវឌ្ឍជំនាញ ស្មារតីរបស់ពួកគេ។ គោលដៅរបស់លោក គឺបង្កើតបរិយាកាសគាំទ្រដល់ក្មេងៗដែលពិបាកនឹងការរៀនសូត្រ ឱ្យទទួលបានឱកាសទទួលបានចំណេះដឹង ជំនាញ ដូចសិស្សដទៃដែរ។
២. Mariana Costa Checa
ជាមនុស្សម្នាក់ ដែលប្រកបដោយគំនិតច្នៃប្រឌិតយុវតីប៉េរូ រូបនេះទទួលបានការកោតសរសើរជាច្រើន មិនថានៅសាលារៀនក៏ដូចជាសហគមន៍អន្តរជាតិ។ កញ្ញា Checa គឺជាសហស្ថាបនិកនិងជានាយកប្រតិបត្តិនៃអង្គភាពសហគ្រាសបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា Laboratoria ដែលមានបេសកកម្មផ្តល់ជំនាញបច្ចេកវិទ្យាទៅដល់ស្ត្រី ពិសេសក្នុងតំបន់អាមេរិកឡាទីន(អាមេរិកខាងត្បូង)។ សម្រាប់អង្គភាព Laboratoria នេះបានផ្តល់ជំនាញបច្ចេកវិទ្យាជាច្រើនដល់ស្ត្រីនៅតាមបណ្តាប្រទេសដូចជាប៉េរូ ឈីលី ម៉ិកស៊ីកូ និងប្រេស៊ីល ដែលភាគច្រើនពួកគេពិបាកក្នុងជីវភាពរស់នៅឱ្យមានជំនាញមួយច្បាស់លាស់ក្នុងវិស័យបច្ចេកវិទ្យា។
គួរបញ្ជាក់ថា Checa ជាយុវតីមួយដែលប្រឹងប្រែងសិក្សាជាសិស្សឆ្នើម និងទទួលបានកិត្តិនាមជាស្ត្រីឆ្នើមអន្តរជាតិផងដែរ។ នាងបានបញ្ចប់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រពីសាលាសេដ្ឋកិច្ចទីក្រុងឡុងដ៍ប្រទេសអង់គ្លេស (London School of Economics) និងសញ្ញាបត្រអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈពីសាកលវិទ្យាល័យ Columbia នៃសហរដ្ឋអាមេរិក និងធ្លាប់បានត្រូវបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពិសេសក្នុងក្រុមពិភាក្សាជាមួយអតីតប្រធានាធិបតីអាមេរិកលោក Barrack Obama នៃព្រឹត្តិការណ៍ជំនួបសហគ្រិនភាពសកល Global Entrepreneurship Summit ក្នងឆ្នាំ២០១៦ផងដែរ។
៣. Malala Yousafzai
ជាយុវតីមកពីប្រទេសប៉ាគីស្ថាន ដែលគេស្គាល់ថាជាអ្នកតស៊ូជ្រោមជ្រែងសម្រាប់ការអប់រំទៅដល់មនុស្សស្រី។ អ្វីដែលគួរកត់សម្គាល់នោះគឺMalala មានកិត្តិយសត្រូវបានផ្តល់នូវរង្វាន់ណូបែល (Nobel Prize) នៅអាយុក្មេងជាងគេក្នុងឆ្នាំ២០១៤ ពោលគឺនាងមានអាយុ១៧ឆ្នាំ។
នាខែតុលាឆ្នាំ២០១២ Malala ធ្លាប់ត្រូវបានក្រុមឧទ្ទាមតាលីបង់ប៉ុនប៉ងធ្វើឃាត នៅពេលរូបនាងធ្វើដំណើរតាមឡានក្រុងចេញពីសាលា ប៉ុន្តែពុំបានសម្រេច។ ទោះយ៉ាងណា នាងបន្តជីវិតរបស់នាងធ្វើយុទ្ធនាការសម្រាប់ការអប់រំ។អ្វីដែលនាងបានជ្រោមជ្រែងនោះគឺ មូលនិធិ The Malala Fund ដែលជាប្រភពថវិកាផ្តោតលើការជួយដល់ក្មេងស្រីនៅលើពិភពលោកឱ្យមានលទ្ធភាពទៅរៀននៅសាលានិងលើកឡើងពីបញ្ហាពួកគេពិសេសសិទ្ធិក្នុងការទទួលបានការអប់រំ។ “តាមរយៈសម្លេងរបស់ពួកយើង តាមរយៈសៀវភៅ និងប៊ិចរបស់ពួកយើង យើងអាចសម្រេចសមិទ្ធិផលរបស់ពួកយើងបាន” នេះជាការលើកឡើងរបស់យុវតីប៉ាគីស្ថានរូបនេះលើកឡើង។
៤. Santiago Zavala
ធំធាត់ក្នុងមជ្ឈដ្ឋានសហគ្រិនដោយមានប៉ាម៉ាក់ជាអ្នករកស៊ី ពិសេសជំនួញតូចៗជាច្រើននៅក្នុងទីក្រុងម៉ិកស៊ីកូប្រទេសម៉ិកស៊ីកូ យុវជនរូបនេះបានដើរតាមគន្លងឪពុកម្តាយដោយបានចូលប្រលូកក្នុងកិច្ចការរកស៊ីជាមួយអ្នកមានគុណរបស់ខ្លួន។ តាមរយៈបទពិសោធ Santiagoបានរកឃើញថា គ្រប់អ្នករកស៊ីដែលជោគជ័យភាគច្រើន គឺហោចណាស់មានអ្នកជួយប្រឹក្សាបែបឱ្យត្រិះរិះពីបញ្ហានិងផ្តល់ជាដំបូន្មាន ព្រមទាំងជំនួយផ្នែកផ្សេងៗ។
ដូចនេះយុវជនម៉ិកស៊ីកូរូបនេះ ក៏បានសម្រេចចិត្តបង្កើតមូលនិធិមួយឈ្មោះថា500 Luchadores ដែលជាប្រភពថវិកាជួយដល់អ្នកចាប់ផ្តើមចេញរកស៊ីដំបូងៗ (Start-up) រួមទាំងមានសេវាប្រឹក្សា វិភាគកំណត់ទម្រង់រូបរាងជំនួញ និងជួយទាំងផ្នែកសម្ភារៈឱ្យចំគោលដៅទៀតផងគោលបំណងដើម្បីឱ្យជំនួញចាប់ផ្តើមពីតូចណាមួយបានជោគជ័យ ដំណើរការបានរឹងមាំព្រមទាំងពង្រីកខ្លួនផងដែរ។ តាមរយៈគំនិតដែលបានលេចជារូបរាងនេះ 500 Luchadores ទទួលបានជោគជ័យខ្លាំងនៅប្រទេសក្បែរអាមេរិកខាងជើងនេះ (ម៉ិកស៊ីកូ)៕