ម្ចាស់ជ័យលាភីលេខមួយនៃកម្មវិធីអ្នកបន្តវេនម្នាក់ ជម្រុញនិងលើកទឹកចិត្តយុវជន ពិសេសសិស្សវិទ្យាល័យឲ្យចូលរួមកម្មវិធីប្រកួតប្រជែងតស៊ូមតិ ដើម្បីអភិវឌ្ឍន៍សមត្ថភាពនិងបង្កើនចំណេះដឹង។

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

កញ្ញា សៀក ពេជ្ររចនា  ម្ចាស់ជ័យលាភីលេខ១នៃកម្មវិធីអ្នកបន្តវេន នៅក្នុងឆ្នាំ២០១៩ នៅតែបន្តជម្រុញទឹកចិត្តយុវជនពិសេសសិស្សនិស្សិត ដែលមកពីតាមបណ្តាខេត្ត ឲ្យចូលរួមដើម្បីស្វែងយល់ពីចំណេះដឹងថ្មីៗ និងជម្នះអារម្មណ៍ភ័យខ្លាចដែលខ្លួនមាន។

អតីតសិស្សវិទ្យាល័យព្រះអង្គឌួង ខេត្តព្រៃវែងរូបនេះបន្តថា យុវជនគឺជាកតាលីករមួយយ៉ាងសំខាន់ក្នុងការធ្វើឲ្យប្រទេសមួយអាចរីកចម្រើនរុងរឿងបាន ហេតុនេះហើយកញ្ញាសំណូមពរឲ្យយុវជនទាំងអស់ មិនថាសិស្សវិទ្យាល័យ ឬនិស្សិត បើមានឪកាសសូមចូលរួមប្រកួតប្រជែងទាំងអស់គ្នា ព្រោះវាជាពេលវេលាដែលយើងអាចបញ្ចេញនូវសមត្ថភាពផ្ទាល់ខ្លួនទៅឪ្យអ្នកដទៃបានដឹង។

បច្ចុប្បន្ន គាត់ជានិស្សិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ និងជានិស្សិតនៃវិទ្យាស្ថានស៊ីអ៊ីអូ ផងនោះបានបន្តលើកឡើងថា៖«​ ខ្ញុំចង់ឲ្យពួកគាត់បង្ហាញ និងបញ្ចេញនូវសមត្ថភាពដែលគាត់មាន ដើម្បីជាការកេរិ៍ឈ្មោះ និងជាស្នាដៃបន្សល់ទុកឲ្យក្មេងៗជំនាន់ក្រោយជាពិសេស គឺពួកគាត់អាចលើកកត្តិយសគ្រួសារ ក៏ដូចជាសង្គមជាតិដែរ »។

អតីតបេក្ខភាពឆ្នើម ក្នុងកម្មវិធីអ្នកបន្តវេនរូបនេះបន្ថែមថា ក្នុងការចូលរួមប្រកួតប្រជែងនានា យុវជនអាចដុសខាត់សមត្ថភាពខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងអ្នកជំនាញក៏ដូចជាបង្កើនទំនាក់ទំនងកាន់តែជិតស្និត ជាមួយបេក្ខភាពផ្សេងទៀតផងដែរ ក្នុងការចែករំលែកចំណេះដឹងទៅវិញទៅមក។

និស្សិតវ័យ១៩ឆ្នាំខាងលើបញ្ជាក់ថា៖​«​ ពួកគាត់អាចបង្កើតទំនាក់ទំនង ជាមួយនឹងបេក្ខជនផ្សេងៗទៀតហើយទទួលបានចំណេះដឹងថ្មីៗ និងអាចអភិវឌ្ឍន៍សមត្ថភាពជំនាញជាច្រើន ដែលពួកគាត់មិនធ្លាប់រៀនពីមុនមក »។

ជាមួយគ្នានេះដែរអ្នកខេត្តព្រៃវែងរូបនេះ បានបង្ហើបពីវិធីសាស្រ្តដើម្បីការពារការភ័យខ្លាចថា សម្រាប់វិធីសាស្រ្តដើម្បីកាត់បន្ថយភាពភ័យខ្លាចក្នុងការប្រកួត ដោយលើកទឹកចិត្តឲ្យយុវជនខំប្រឹងហ្វឹកហាត់ ក្នុងការនិយាយនូវរាល់ចំណុចដែលខ្លួនបានរៀបចំទុកឲ្យបានស្ទាត់ និងចាំបាច់ត្រូវសុំការណែនាំពីសំណាក់អ្នកដែលមានបទពីសោធន៍និងស្រាវជ្រាវ រកឯកសារណាដែលពាក់ព័ន្ធដើម្បីជាភស្តុតាងត្រឹមត្រូវ។ ជាពិសេសអ្វីដែលខ្វះមិនបាននោះគឺត្រូវផ្តល់ភាពជឿជាក់និងលើកទឹកចិត្តខ្លួនឯងថាខ្លួនអាចធ្វើបាន។

ពេជ្ររចនា បានបញ្ជាក់ថា៖«​ ដើម្បីកាត់បន្ថយភាពភ័យខ្លាច​ គឺត្រូវហាត់សមពីផ្ទះឲ្យបានច្រើន និងត្រូវគិតចំណុចវិជ្ជមានឲ្យបានច្រើន ហើយស្វែងយល់ឲ្យច្បាស់អំពីខ្លឹមសារដែលយើងចង់ប្រាប់គេ។​​ ជាពិសេសត្រូវលើកទឹកចិត្តខ្លួនឯងនិងស្រាវជ្រាវរកព័ត៌មានផ្សេងៗពីអ្នកដែលធ្លាប់មានបទពិសោធន៍ក្នុងការប្រលងប្រជែងនោះ»។

គួរជម្រាបផងដែរថាកញ្ញា សៀក ពេជ្ររចនា បានទទួលជ័យលាភីលេខ១ ក្នុងចំណោមបេក្ខភាព៦០នាក់ ក្រោមវិញ្ញាសារដេញដោលតស៊ូមតិជាភាសាខ្មែរ នៅរដូវកាលទីមួយក្នុងឆ្នាំ២០១៩កន្លងទៅ ព្រមទាំងទទួលបានអាហាររូបករណ៍មួយរយភាគរយ សិក្សាថ្នាក់បរិញ្ញាប័ត្រនៅវិទ្យាស្ថានស៊ីអ៊ីអូ និងទឹកប្រាក់សរុប២៨លានរៀលផងដែរ ៕